ពលរដ្ឋ​ពីរ​សង្កាត់​ក្នុង​ក្រុង​សៀមរាប​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង​ដោយសារ​គ្មាន​ទឹក​បញ្ចូល​ស្រែ

ស្រូវ​ប្រាំង​ជាច្រើន​រយ​ហិកតារ​នៅ​ជាប់​នឹង​បឹង​ទន្លេសាប​ក្នុង​សង្កាត់​សំបួរ សង្កាត់​ស្វាយដង្គំ និង​ផ្នែក​ខ្លះ​ទៀត​នៃ​សង្កាត់​សៀមរាប ក្រុង​សៀមរាប ទទួល​រង​ការ​ខូចខាត ហើយ​បាន​ផល​តិចតួច​បំផុត​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៦ នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ កន្លង​ទៅ។

ការ​ក្រៀម​ស្វិត​ខូច​ផល​ស្រូវ​ប្រាំង​ជាច្រើន​ហិកតារ​នៅ​តាម​តំបន់​ជាប់​នឹង​មាត់​បឹង​ទន្លេសាប​នេះ ដោយសារ​តែ​មិន​មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់​ទៅ​តាម​តម្រូវ​ការ​កសិកម្ម។

កសិករ​ច្រើន​គ្រួសារ​នៅ​សង្កាត់​សំបួរ និង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ព្រួយ​បារម្ភ​ថា គ្រួសារ​របស់​គេ​អាច​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​នៅ​ចុង​ឆ្នាំ​២០១៦ ខាង​មុខ។ ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​ស្រែ​ប្រាំង​ជាច្រើន​រយ​ហិកតារ នៅ​តំបន់​វាល​ក្រោម​ជាប់​មាត់​បឹង​ទន្លេសាប គ្មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ បណ្ដាល​ឲ្យ​ខូចខាត​ផល​ស្ទើរ​តែ​ទាំង​ស្រុង។

យុវជន​ម្នាក់​ជា​កសិករ​នៅ​ភូមិ​វាល សង្កាត់​សំបួរ ក្នុង​ចំណោម​កសិករ​ជាច្រើន​នាក់​ទៀត គឺ​លោក កុញ រស់។ លោក​ឈរ​សម្លឹង​មើល​ស្រូវ​នៅ​ក្នុង​ស្រែ​នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​មីនា នា​តំបន់​វាល​កន្សែង​ក្រៅ ទាំង​អស់​សង្ឃឹម​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ ដី​ស្រែ​របស់​គាត់​ធ្លាប់​ទទួល​បាន​ផល​ជាង ២០​ការុង ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​បាន​ប្រហែល ៣​ការុង​ប៉ុណ្ណោះ៖ «ច្រកៗ​ទៅ គឺ​បាន​ម៉ា​ហូប។ ធ្វើ​ស្រែ​នៅ​ក្បែរ​ផ្ទះ​ក៏​អត់​បាន​ផល ព្រួយ​បារម្ភ​ខ្លាច​ខ្វះ​ស្បៀង​ណាស់​ខ្ញុំ»

ស្រែ​ប្រាំង​អត់​ទឹក សៀមរាប ២០១៦ ៨៥៥
កសិករ​នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្ត​សៀមរាប នាំ​អ្នក​សារព័ត៌មាន​ពិនិត្យ​មើល​ស្រែ​ប្រាំង​របស់​គេ​ដែល​ខូចខាត​ផល​ស្រូវ​ដោយសារ​ខ្វះ​ទឹក កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Hang Savyouth

កសិករ​ម្នាក់​ទៀត​នៅ​ភូមិ​សំបួរ សង្កាត់​សំបួរ ដែរ លោក ហ៊ីង ម៉ៅ ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​លោក​ចុះ​ធ្វើ​ស្រែ​ប្រាំង​នៅ​តំបន់​វាល​កន្សែង​ក្រៅ គឺ​រយៈពេល ៣​ខែ​មក​ហើយ ទើប​តែ​បាន​បង្ហូរ​ទឹក​ពី​បារាយណ៍​មក​បញ្ចូល​ស្រែ​បាន​តែ​ម្ដង​គត់។ លោក​ថា តើ​ឲ្យ​ស្រូវ​ប្រាំង​អាច​ទទួល​ផល​ដោយ​របៀប​ណា?«គ្មាន​បាន​ផល​ទេ តាម​ពិត​ស្រូវ​ខ្ញុំ​ធ្លាប់​បាន ២៥​ការុង ក៏ប៉ុន្តែ​ឥឡូវ​ឲ្យ​ម៉ាស៊ីន​ច្រូត​គេ​ប៉ិចៗ​មក​បាន ៣​ការុង។ បើ​នៅ​តែ​របៀប​នេះ វាសនា​កសិករ​មិន​ដឹង​ជា​ទី​ពឹង​អ្វី​ទេ»

អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ស្រែ​ប្រាំង​ក្នុង​តំបន់​វាល​កន្សែង​ក្នុង និង​កន្សែង​ក្រៅ ហើយ​បាន​ឃើញ​ស្រូវ​ប្រាំង​ជាច្រើន​រយ​ហិកតារ ខ្លះ​ខ្លោច​ក្រៀម​ស្វិត និង​ខ្លះ​ទៀត​មាន​ផ្លែ​ទុំ​ឯណេះ​ម្ដុំ ឯណោះ​ម្ដុំ ដោយសារ​តែ​មិន​មាន​ទឹក​ស្រោចស្រព។ វាល​ស្រែ​ខ្លះ​មាន​ដី​ប្រេះ​ក្រហែង និង​ក្តៅ​ពិបាក​ទ្រាំ នៅ​ពេល​ព្រះអាទិត្យ​បញ្ចេញ​កម្ដៅ​ខ្លាំង។

អាជ្ញាធរ​ទាំង​ពីរ​សង្កាត់ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ ដែល​នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ខ្វះ​ស្បៀង​ក្នុង​ឆ្នាំ​នេះ។

ចៅ​សង្កាត់​ស្វាយដង្គំ លោក ហង់ ហឿម ទទួល​ស្គាល់​ថា ស្រែ​ប្រាំង​ជាច្រើន​ហិកតារ​នៅ​ជាប់​មាត់​បឹង​ទន្លេសាប គឺ​សង្ឃឹម​លើ​ទឹក​ទន្លេ​ឡើង​មក​ដល់ ក៏ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ ទឹក​ទន្លេសាប​តូច មិន​អាច​ឡើង​ទៅ​ដល់​បាន​ជា​ស្រែ​ប្រាំង​ឆ្នាំ​នេះ​ខ្វះ​ទឹក។ លោក​ចៅ​សង្កាត់​ស្វាយដង្គំ ឲ្យ​ដឹង​ថា កសិករ​ក្នុង​សង្កាត់​របស់​លោក​ប្រហែល​ជា ៤០​គ្រួសារ បាន​រង​ការ​ប៉ះពាល់​ដោយសារ​ខូច​ផល​ស្រូវ​ប្រាំង​នេះ៖ «ខ្ញុំ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ប្រជាពលរដ្ឋ​ខ្វះ​ស្បៀង​ណាស់។ ដូច្នេះ អាជ្ញាធរ​កំពុង​រក​ការងារ​សំណង់ ឬ​ក៏​ការងារ​តាម​ភោជនីយដ្ឋាន ដើម្បី​ទុក​ឲ្យ​កសិករ​ទាំង​នោះ​ធ្វើ​រក​កម្រៃ»

ចំណែក​ចៅ​សង្កាត់​សំបួរ លោក ឈ្លឿន ឡា ឲ្យ​ដឹង​ថា ស្រែ​ប្រាំង​ប្រមាណ​ជាង ១០០​ហិកតារ​នៅ​សង្កាត់​របស់​លោក បាន​រង​ការ​ខូចខាត​ដោយសារ​ខ្វះ​ទឹក​ឆ្នាំ​នេះ។ លោក​ក៏​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ថា​អាច​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។