ប៉េអឹម​ដោះលែង​សន្តិសុខ​ខណ្ឌដូនពេញ ២​នាក់​វ៉ៃ​ប៉ូលិស ខ​ណះ​ជនរងគ្រោះ​ដេក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​

ភ្នំពេញ: សន្តិសុខ​ខណ្ឌដូនពេញ ២​នាក់ ដែល​បាន​ព្រួត​គ្នា​វ៉ៃ នគរ​នគរបាល​តម្រួត​បទបញ្ជាត្រូវបាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដោះលែង​ហើយ​។ ខ​ណះ​នគរបាលដែល​រងរបួស កំពុង​ដេក​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ កាល់ម៉ែត​។​

​ជនសង្ស័យ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​ដោះលែង​វិញ​នោះ​មាន ឈ្មោះ​ជៀម ចន្ថានិង​ឈ្មោះ​សំ ធារ៉ា គឺជា​សន្តិសុខ​ខណ្ឌដូនពេញ​។​​ចំណែក​បក្ខពួក​៣​នាក់​ទៀតបាន​រត់គេចខ្លួន​។​រីឯ​ជនរងគ្រោះ​ឈ្មោះ ស៊ូ សុផាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរនគរបាល​តំរួត​បទបញ្ជា ស្ន​ក់នៅ​ផ្ទះ​លេខ​១F ផ្លូវ​៨៦ សង្កាត់​ស្រះចក ដូនពេញ (រង​បួស​ក្បាល​)​។​

​មន្ត្រី​អាវុធហត្ថ​បាន​បង្ហើប​អោយដឹងថា ចំពោះ​ករណីនេះ អាវុធហត្ថ​ខណ្ឌដូនពេញមិនបាន​បញ្ជូន​សំណុំរឿង​សន្តិសុខ​ខណ្ឌដូនពេញ ទៅ​អាវុធហត្ថរាជធានី​ភ្នំពេញ​ទេ ដោយមាន​អ្នករត់​ការអន្តរាគមន៍​ដោះលែង​សន្តិសុខ​ទាំង២​នាក់​នេះ​។ រីឯ​ខាង​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​​ថា សំណុំរឿង​សន្តិសុខ​ព្រួត​គ្នា​វ៉ៃ​លើនគរបាល​តម្រួត​បទបញ្ជា គឺ​មិនឃើញ​បញ្ជូនមក​តុលាការ​ទេ​។​ទាក់ទង​ករណីនេះមេបញ្ជាការ​អាវុធ​​ហត្ថ​ខណ្ឌដូនពេញ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​សូមជម្រាបថា កាលពី​វេលា​ម៉ោង​១0​និង​៤0​នាទី​យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ហឹ​ង្សាបណ្តាល​ឲ្យ​របួស នៅ​ចំណុច​ផ្លូវ​៦១ កែង​ផ្លូវ ៨៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ​។ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ១១ យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦នៅ​ជិត​វត្ត​ស្រះចក ខណ្ឌដូនពេញ​។​
    
​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញមាន​ម៉ូតូ​២​គ្រឿង មាន​គ្នា​៥​នាក់ (​សន្តិសុខ​ខណ្ឌដូនពេញ​) និង​ឃើញ​មាន​ម៉ូតូមួយ ជិះ​តែម្នាក់ឯង (​នគរបាល​នៅ​តម្រួត​បទបញ្ជា​)​។ លុះ​មកដល់​កន្លែងកើតហេតុម៉ូតូ​២​គ្រឿង​នោះ បាន​ឈប់ រួច​ក៏បាន​នាំគ្នា​ដើរ​សំដៅ មករក​បុរស​ម្នាក់ដែល​ជិះ​ម្នាក់ឯង ដោយមាន​ការ​ប៉ះ​សំដី​គ្នា រហូត​ឈានដល់​ការប្រើ​ហិង្សា លើបុរស​ដែលជា​មន្ត្រីនគរបាល ហើយ​គាត់​ក៏បាន​រត់​មក​ឲ្យ​គេ​ជួយ​។ មួយសន្ទុះក្រោយ ក៏​ឃើញ​មាន​ប៉េអឹម​ជិះ​មកដល់ ក៏បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង ៣ទៀត បាន​រត់​គេចខ្លួនបាត់​។​
    
​ចំពោះ​ករណីនេះ គេ​នៅ​មិនទាន់​ដឹងថា ប៉េអឹម​មាន​ចំណាត់ការ​បែបណា​នោះទេពីព្រោះ​រឿង​សន្តិសុខ​ខណ្ឌដូនពេញ​វ៉ៃ​នគរបាល​បទបញ្ជា កំពុង​តែមាន​អ្នករត់ការ សម្របសម្រួល​បិទ​សំណុំរឿង​៕