ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

វា​នឹង​មិន​ចម្លែក​ទេ​​ដែល​ឮថា​ មាន​យុវជន​ ឬ​យុវតី​ខ្លះ​រៀន​ពីរ​ ឬ​បី​មហា​វិទ្យាល័យ​ ។ ពួក​គេ​​សម្រេចចិត្ត​បែប​នេះ​ ដោយសារ​តែ​​បារម្ភ​ខ្លាច​​ក្រែង​អត់​ការងារ​ធ្វើ បន្ទាប់​ពី​កា​រៀន​ចប់ ​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ។ ប៉ុន្តែ​​ តើ​កា​រៀនសូត្រ​ពីរ​ ឬ​បី​មហាវិទ្យាល័យ ​នៅ​ក្នុង​ពេល​តែ​មួយ ​គឺជា​ការ​វិនិយោគ​ពេលវេលា​ និង​ថវិកា​ដ៏​ត្រឹមត្រូវ​ដែរ​ឬទេ?

វា​ប្រាកដ​ណាស់​ដែល​ថា ​ទីផ្សារ​ការងារ​​មានការ​ប្រកួតប្រជែង​ខ្លាំង​ឡើង​ៗ ​ហើយ​អ្នក​ខ្លាំង​នឹង​ងាយ​រកបាន​ការងារ​ធ្វើ​ ឬ​ក៏​អាច​​ប្រក​ប​របរ​​ជោគជ័យ​ ។ ដូច្នេះ វា​ជា​ការ​ត្រឹមត្រូវ​មួយ ​ដែល​មានការ​ខិតខំ​ និង​ប្រឹងប្រែង ​ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​មួយ​ ។ ប៉ុន្តែ​ការ​ត្រៀម​សម្រាប់​​អនាគត​ គួរតែ​មាន​ភាព​​ឆ្លាត​វ័យ​​ជាង​នេះ ​ដើម្បី​សន្សំ​ទាំង​ធនធាន​ហិរញ្ញវត្ថុ ពេលវេលា និង​ខួរក្បាល​ ។

បើសិនជា​ចង់បាន​ការងារ​ធ្វើ​ដ៏​ល្អ​មួយ​ ដែល​មាន​ប្រាក់ខែ​សមរម្យ​នោះ យុវជន​ និង​យុវតី​កម្ពុជា ​ត្រូវ​ជ្រើស​រើសមុខ​វិជ្ជា​សិក្សា​ ដោយ​ផ្អែក​​ទៅ​លើ​តម្រូវការ​ទីផ្សារ​ការងារ ​ជា​​​ជាង​​ការ​​​ជ្រើស​រើស​​តាម​គ្នា ​ឬ​ក៏​ជ្រើសរើស​​តាម​ការ​ស្រមៃ ​មិន​ប្រាកដ​និយម​មួយ​ ដើម្បី​ធ្វើ​ជា​អ្នកធំ​​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់​ ។ នៅ​ប្រទេស​​កម្ពុជា យុវជន ​និង​យុវតី​កម្ពុជា​ជា​ច្រើន ​បាន​សម្រេច​ជ្រើស​រើសមុខ​វិជ្ជា​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ ដោយ​មិន​មានការ​តម្រង់​ទិស​​បាន​ត្រឹមត្រូវ​ឡើយ​ ។

ការ​សម្រេចចិត្ត​របស់​ពួក​គេ​ អាច​ជា​ការ​សម្រេចចិត្ត​តាម​ការ​ចង់បាន​​របស់​ឪពុក​ម្តាយ ​ដែល​ភាគច្រើន​ចង់ឱ្យ​​កូន​ក្លាយ​ជា​មន្ត្រី​ធំ​ នៅ​អនា​គត ឬ​ក៏​ជា​ការ​សម្រេចចិត្ត​តាម​​មិត្តភក្តិ ដូច​ជា​ការ​សម្រេចចិត្ត​ជ្រើសរើស​ផ្នែក​គ្រប់គ្រង ​ឬ​ក៏​គណនី​ជាដើម​ ។ តាម​ពិត​ទៅ ​មុខ​វិជ្ជា​ទាំង​ពីរ​នេះ ​អាច​នឹង​មានការ​​ពិបាក​​នៅ​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ ។ ខណ​:​ដែល​អ្នក​ទើប​​បញ្ចប់​ការ​សិក្សា​​នឹង​មិន​អាច​ខ្លាច​ជា​អ្នក​គ្រប់​គ្រង​​នោះ អ្នក​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនី​ ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ ​ដោយហេតុ​ថា​ ក្រុមហ៊ុន​នានា​ត្រូវការ​មនុស្ស​ ដែល​ពួក​គេ​ទុកចិត្ត​ហើយ​​ជា​ញឹកញាប់ ​គេ​ជ្រើសរើស​មនុស្ស​ជា​សាច់ញាតិ​ ឬ​ក៏​អ្នក​ដែល​គេ​ស្គាល់​ជិត​ស្និ​ទ្ធិ ​។

ដូច្នេះ​ហើយ​ បានជា​មាន​យុវជន​ និង​យុវតី​មួយ​ចំនួន ​នៅ​ពេល​បាន​បញ្ចប់​ការ​សិក្សា ​ហើយ​បាន​ទៅ​ធ្វើការ​​នៅ​តាម​ហាង​កាហ្វេ ​ឬ​ភោជ​នីយដ្ឋាន​​ជាដើម ​ដោយ​ខុស​ពី​អ្វី​ ដែល​ពួក​គេ​បាន​សិក្សា​​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ។ តាម​ពិត​ទៅ​​នោះ ការងារ​រត់​តុ​តាម​ហាង​​កាហ្វេ​មិន​ទាម​ទារ​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ ដែល​ត្រូវការ​ការ​វិនិយោគ​ពេលវេលា​ និង​លុយកាក់​ច្រើន​​ឡើយ ​។ ​ម្យ៉ាងទៀត​ចំណូល​ ក៏​មាន​ត្រឹមតែ​ជាង​​១០០​ដុល្លា​រក្នុង​មួយ​ខែ ​ដែល​ទាប​ជាង​១៤០​ដុល្លារ ​ជា​ចំណូល​ប្រាក់ខែ​​ជា​មធ្យម​របស់​កម្មករ​​កាត់ដេរ​ផង​ ។

ការ​​សម្រេចចិត្ត​ជ្រើស​រើស​មហាវិទ្យាល័យ​ គួរតែ​ផ្អែក​លើ​គម្រោង​​ផែនការ​​អនាគត ធនធាន​ដែល​មាន និង​ត​ម្រូ​វ​​ការ​​ទីផ្សារ​ការងារ​ ។ ឧបមា​​ថា បើ​យុវជន​ និង​យុវតី​ចង់​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ​​បើកហាង​លក់​កាហ្វេ​នោះ គេ​គួរ​តែ​សិក្សា​ស្វែង​យល់​គ្រប់​ខ្សែ​​សង្វា​ក់​នៃ​ការ​ផលិត​​កា​​ហ្វេ និង​របៀប​​រកស៊ី​ក្នុង​មុខ​ជំនួញ​​កា​​ហ្វេ​នេះ​ គួប​ផ្សំ​នឹង​របៀប​​គ្រប់គ្រង និង​របៀប​រក​​ទីផ្សារ​ជាដើម​ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​សិនជា​យុវជន ​និង​​យុវតី​ ចង់​មានការ​ងារ​​ធ្វើ​​នោះ គេ​ត្រូវ​​សម្រេចចិត្ត​ជ្រើស​រើស​ការ​សិក្សា​ទៅ​លើ​ការងារ​​ណា​ ដែល​មាន​តម្រូវការ​ច្រើន​ដូច​ជា​​ផ្នែក​ទំនាក់ទំនង ផ្នែក​បច្ចេកវិទ្យា​ព័ត៌​មាន​ ​ឬ​​ក៏​​ការងារ​​ជំនាញ​​ផ្សេង​ៗ​ទៀត​ ដូច​ជា​កាត់ដេរ ​និង​គ្រឿង​យន្ត​ជាដើម ​ដែល​មិន​ត្រូវ​ការ​​រយ​:​ពេល​សិក្សា​វែង​ ឬ​ក៏​ធនធាន​ច្រើន​ជាដើម​ ។

ការ​​ជ្រើសរើស​ការ​រៀន​សូត្រ តម្រូវ​ការ​តាម​ទីផ្សារ​​នឹង​ជួយឱ្យ​​កាត់​បន្ថយ​ការ​​ចំណាយ​ មិន​ចាំបាច់​ទាំង​ពេលវេលា​ និង​លុយកាក់​ ។ យុវ​ជន ​និង​យុវតី ​អាច​នឹង​បន្ត​អភិវឌ្ឍន៍​ខ្លួន​​ថែម​ទៀត​ នៅ​ពេល​ដែល​ពួក​គេ ​មាន​ធនធាន​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន ដោយ​អាច​នឹង​បន្ត​រៀន​ថ្នាក់​​មហាវិទ្យាល័យ​ ឬ​ក៏​ថ្នាក់​គ្រប់គ្រង​បន្ត​ទៀត​បាន ​។

ដូច្នេះ​ ជំនួស​ឱ្យ​​ការ​រៀន​​ច្រើន​​មហាវិទ្យាល័យ​ និង​ខុស​មុខ​​វិជ្ជា​​នោះ យុវជន​ និ​ងយុវតី ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​មួយ​បន្ត​​ការ​រៀនសូត្រ​ថ្នាក់​មហាវិទ្យាល័យ​ ដោយ​ផ្អែក​ទៅ​លើ​ធនធាន​ ដែល​មាន​​និង​ផ្អែក​ទៅ​លើ​តម្រូវការ​ទីផ្សារ​ ។ ប៉ុន្តែ​ពួក​គេ​​ត្រូវការ​តម្រង់​ទិស​ច្បាស់លាស់​ ។

រដ្ឋាភិបាល ​គួរ​មាន​វិធានការ​ ដ៏​មាន​ប្រ​សិ​ទ្ធ​​ភាព​មួយ ​ដើម្បី​ជួយ​តម្រង់​ទិស​​យុវជន​ និង​យុវតី​ នៅ​ក្នុង​សិក្សា​ ដើម្បី​ផ្គត់​​​ផ្គង់​ទីផ្សារ​ការ
ងារ ​។ ​ការ​តម្រង់់​ទិស​នេះ ​មិន​​ត្រឹមតែ​មាន​ប្រយោជន៍​ សម្រាប់​យុវជន ​និង​យុវតី​ទេ វា​ថែម​ទាំង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ និង​នយោ​បាយ​ផង​ដែរ​ ដល់​រដ្ឋាភិបាល ​។ ការ​ដែល​មាន​​កម្លាំង​ការងារ​ប្រកបដោយ​ជំនាញ​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​មក​រកស៊ី​នៅ​កម្ពុជា​ហើយ​​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ។ វា​ក៏​ជួយ​កាត់​បន្ថយ​អត្រា​ការងារ​ធ្វើ​ផង​ដែរ​ ។

ពេលវេលា​បាន​មក​ដល់​ហើយ ​សម្រាប់​ផ្តល់​ការ​យក​ចិត្តទុកដាក់​កាន់តែ​ច្រើន​ដល់​យុវជន ​និង​យុវតី ខណ​:​ដែល​ពួក​គេ​តំណាងឱ្យ​​មនុស្ស​​ភាគច្រើន ​នៅ​ក្នុង​ប្រទេស ​ដែល​មាន​ប្រជាជន​ជាង​១៥​លាន​នាក់​ ។