Leicester ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ Midtjylland ដែល​ស៊ុត Man U ចូល​ពីរ​គ្រាប់

ក្លិប​កំពូល​តារាង Premier League របស់​អង់គ្លេស Leicester កំពុង​​ដាក់​ការចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ក្លិប Midtjylland គឺ​កីឡាករ Pione Sisto ដែល​បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់ ពេល​ប្រកួត​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​ក្របខណ្ឌ Europa League ទាំង​២​​ជើង​។
Sisto
Leicester បាន​បញ្ជូន​មនុស្ស​ទៅ​ឃ្លាំមើល​កីឡាករ​វ័យ ២១ ឆ្នាំនេះ​លើ​ការវិវត្តន៍​នៃ​ទម្រង់​លេង​នៅក្នុង​រដូវ​កាល​នេះ និង​បាន​ផ្តោតលើ​កីឡាករ​អន្តរជាតិ ដេ​ណឺ​ម៉ាក​នេះ កាន់តែខ្លាំង​ឡើង បន្ទាប់ពី​ការលេង​របស់គេ ជាមួយនឹង​ក្លិប Man United។

Leicester បាន​ទៅ​មើល​ការប្រកួត​របស់គេ​ម្តងទៀត កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅពេលដែល Midtjylland ចាញ់​ក្រុម FC Copenhagen ១-០ ខណៈដែល​ប្រកួត​នោះ Sisto ត្រូវបាន​ក្លិប​ដាក់ចូល​លេងនៅ​​នាទី​ទី ៣៩។

Sisto មានតម្លៃ​ខ្លួន​ប្រមាណ ១២លាន​ផោន និង​អាច​លេង​នៅ​តំបន់​ប្រយុទ្ធ ឬ​អាចជា​ខ្សែ​​បម្រើ​ប្រយុទ្ធ​បាន ខណៈដែល​រូបគេ​បាន​ស៊ុត​ទី​បាន ៦ គ្រាប់​នៅ​រដូវ​កាល​នេះ រួម​ទាំងពីរ​គ្រាប់​ជាមួយ United ផងដែរ។

សូមបញ្ជាក់ថា Leicester មិនមែនជា​ក្លិប​មួយ​តែឯង​ដែល​ចាប់អារម្មណ៍​លើ Sisto នេះទេ ប៉ុន្តែ​ញញួរ​ធំ West Ham ​នៅ​រក្សា​ការមើល​លើ​កីឡាករ​មាន​ដើមកំណើត​នៅ អូ​ហ្គា​ន់​ដា​នេះ​ផងដែរ បន្ទាប់ពី​ត្រូវបាន​បដិសេធ​ម្តង​រួចមកហើយ ខណៈ​ដែលមាន​ក្លិប ដូចជា Everton, Ajax, Valencia និង Borussia Dortmund ក៏​កំពុង​សម្លឹង​ឃើញ​កីឡាករ​នេះ​ផងដែរ៕