ស្រវឹងស្រាឡើង កាប់ផ្លែត្នោត ពាក់កណ្តាល យប់ធ្លាក់ស្លាប់

កណ្តាល ៖ បុរសម្នាក់ ត្រូវបានអ្នកឡើងត្នោត ប្រទះឃើញដេកស្លាប់នៅ ក្រោមដើមត្នោត កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងកើត ភូមិចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិរាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត់ គង់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ទីលំនៅកើតហេតុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន នាំគ្នាផឹកស៊ីរហូតម៉ោង១២យប់ រួចក៏បែកគ្នាមកផ្ទះរៀងៗខ្លួន ។ ដល់វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ជនរងគ្រោះបានយកកាំបិតចេញពីផ្ទះទៅរកកាប់ផ្លែត្នោត ហើយក៏បាត់ដំណឹងឈឹងតែម្តង ។ លុះដល់ម៉ោង៥ព្រឹក ទើបប្រជាពលរដ្ឋទៅឡើងត្នោត បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្រោមដើមត្នោតដោយមានទាំងស្លឹកត្នោត១ធាង  ទុំងាប់ នៅជាប់សាកសពផង ។ ដើមត្នោតដែលជនរងគ្រោះឡើងមានបង្អោងចាស់ និងកម្ពស់១៥ម៉ែត្រ ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ និងជំនាញស្រុកចុះទៅដល់ កន្លែងកើតហេតុធ្វើការពិនិត្យ ដោយមានការចូលរួមមានមេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ បានធ្វើការសន្និដ្ឋានថា ពិតជាស្លាប់ដោយសារមូលហេតុ ធ្លាក់ពីដើមត្នោតស្លាប់ប្រាកដមែន ។

ក្រោយពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕

ស្រវឹងស្រាឡើង កាប់ផ្លែត្នោត ពាក់កណ្តាល យប់ធ្លាក់ស្លាប់