ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ទំនិញ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ដែល​ហួស​កាលបរិច្ឆេទ ដូច​ជា ទឹកក្រូច​ដប​ជ័រ មី​កញ្ចប់​តូច​ធំ នំ​កញ្ចប់ ទឹក​ខ្មេះ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ជា​ច្រើន​មុខ ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ មន្ត្រី​នគរបាល​អន្តោប្រវេសន៍ និង​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើការ​ដុត​កម្ទេច​ចោល ក្រោយ​ពី​បាន​ដកហូត​ពី​អាជីវករ​នៅ​តាម​តូប​លក់​ដូរ និង​តាម​ផ្សារ​នានា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ការ​ដុត​កម្ទេច​ចោល​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​៧ ខែមីនា កន្លង​ទៅ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ថា ទំនិញ​ទាំងនោះ​គឺ​បាន​ដកហូត​ពី​អាជីវករ​នៅ​តាម​ភូមិ និង​តាម​ផ្សារ​នានា​ទូ​ទាំង​ខេត្ត ដែល​អាជីវករ​យក​ទៅ​លក់ដូរ​ដោយ​មិន​បានដឹង​ពី​ថ្ងៃ​ផុតកំណត់​របស់​ទំនិញ និង​បន្ត​តាំង​លក់​ជូន​ទៅ​ពលរដ្ឋ ដោយ​មិនដឹង​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព ។

លោក​ប្រធាន​សាខា​បន្ត​ទៀត​ថា ការ​ដុត​កម្ទេច​ចោល​នេះ ខាង​សាខា​កាំកុងត្រូល​ធ្លាប់​ធ្វើ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ជា​ពិសេស ​ក្រោយ​ពី​បាន​ដកហូត​រយៈពេល​៣​ខែ​កន្លង​មកនេះ សរុប​ទាំងអស់​ជិត​៦០០​គីឡូក្រាម  ត្រូវ​ដុត​កម្ទេច​ចោល ។

លោក សាន វិ​ជ្ចា​សា​រ៉ា​វុ​ធ បញ្ជាក់​ថា ចំណែក​ការ​នាំ​ចូល​ម្ហូបអាហារ និង​ទំនិញ​គ្រប់​ប្រភេទ ខាង​លោក​តែងតែ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ឈ្មួញ​មិន​ឱ្យ​នាំ​យក​របស់​ហួស​កាលបរិច្ឆេទ​ចូល​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ខេត្ត​ប៉ៃលិន​ឡើយ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចំពោះ​អ្នក​ដែល​ទិញ​យក​ទៅ​ទទួលទាន ៕