សម្ដេចតេជោ សម្រេចយកល្ងាច ថ្ងៃទី៤ មេសា ជួបជុំទទួលទានអាហារ ពេលល្ងាចជាមួយ កីឡាករចំនួន ៥០០០នាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ បានថ្លែងនៅក្នុងពិធី ប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់ រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ជ័យលាភី នៃការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមបាល់ទាត់ Cambodia All Stars ថា សម្ដេចសម្រេចយកល្ងាច ថ្ងៃទី០៤ មេសា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជួបសំណេះសំណាល និងទទួលទានអាហារ ជាមួយកីឡាករ ៥០០០នាក់ មកពីសហព័ន្ធកីឡាចំនួន ៤០។

សម្ដេចតេជោ បានមានប្រសាសន៍ នៅក្នុងពិធីនោះថា "៤០សហព័ន្ធ ទាំងអស់តែម្តង យ៉ាងច្រើន ៥.០០០នាក់ កោះពេជ្រអាចដាក់បាន។ បើធ្វើចូលរូមរឺអត់។ ថ្ងៃ៤មេសា សម្ពោធ សាលារាជធានីភ្នំពេញ។ ខ្ញុំគិតថា យកល្ងាចថ្ងៃ៤មេសា។ ថ្ងៃ៤មេសា ជាថ្ងៃកំណើតសប្បនិម្មិតរបស់ខ្ញុំ។ សូមរៀបចំយកល្ងាចថ្ងៃទី៤ មេសា រាជរដ្ឋាភិបាល សូមយកពេលជួបជុំកីឡា១ពេល។ កុំភ្លេចបងប្អូនពិការ ដើម្បីយើងជួបសំណេះសំណាលគ្នាម្តង ឆ្ពោះទៅរកឆ្នាំ២០២៣។ ចៅខ្ញុំអាចនឹងទាន់ពេលនៅពេលនោះ"។

សម្ដេចមានប្រសាសន៍ ដោយសង្កត់ធ្ងន់ថា "ខ្ញុំបានឧបត្ថម្ភកីឡាករ ក្នុងម្នាក់ៗ ១ពាន់ដុល្លារ។ ប៉ុន្តែលុយឧបត្ថម្ភ ១២លានរៀល មិនទាន់បានទេ ក៏មានកីឡាករ ម្នាក់បានខមមិន នៅក្នុងហ្វេសប៊ុករបស់ខ្ញុំ។ ហើយខ្ញុំ ក៏បានចាត់វិធានការភ្លាមៗ ដោយរង់ចាំពីរតនាគារ មិនមែនដូចយកនៅលីហួរទេ។ នៅពេលខាងមុខ កីឡារបស់យើងត្រូវតែខ្លាំង"។

សម្ដេចក៏បាន បន្ថែមថា "មិនដឹងថា ឯកឧត្ដម ថោង ខុន និងឯកឧត្តម ហង្ស ជួនណារ៉ុង ឯកភាពរឺអត់ ព្រោះខ្ញុំចង់ជួបជុំកីឡាករទាំងអស់ មកទទួលបាយម្តង បើអាចមុនចូលឆ្នាំខ្មែរ។ ធ្វើនៅកោះពេជ្រម្តង សម្រាប់កីឡាករទាំងអស់ តាំងពីហែលទឹក...បាល់ទះ..។ល"៕