ទុយ​នេ​ស៊ី​បិទ​ព្រំដែន​ជាមួយ​លី​ប៊ី ក្រោយ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​៥៣​នាក់

ទុយ​នេ​ស៊ី​បាន​បិទ​ព្រំដែន​របស់ខ្លួន​ជាមួយ​លី​ប៊ី ក្រោយ​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥៣​នាក់​។ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ត្រូវគេ​ជឿថា ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ថ្ងៃទី​៦ ខែមីនា​នៅឯ​ទីក្រុង​ព្រំដែន Ben Gardane ភាគ​ខាងកើត​ទុយ​នេ​ស៊ី​។

​ព្រំដែន​រវាង​ទុយ​នេ​ស៊ី​និង​លី​ប៊ី ត្រួវបាន​បិទ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​ការវាយប្រហារ​មួយ​ដែល​គេ​សង្ស័យថា បង្កដោយ​ក្រុម​រដ្ឋ​ឥស្លាម ហើយ​ការវាយប្រហារ​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​យ៉ាង​៥៣​នាក់​។ នៅ​ថ្ងៃ​ច័ន្ទ​ទី​៦ ខែមីនា ខ្មាន់កាំភ្លើង​មួយក្រុម​បាន​បើក​ការវាយប្រហារ​លើ​ទីក្រុង Ben Gardane ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​បន្ត​រហូត​ដល់ពេល​យប់​។​

​ថ្នាក់ដឹកនាំ​ប្រទេស​របស់​ទុយ​នេ​ស៊ី​បានចាត់ទុក​ការវាយប្រហារ ជាការ​ប៉ុនប៉ង​បង្កើត​រដ្ឋ​ថ្មី​មួយ​។ បើតាម​ទូរទស្សន៍ Al Jazeera នាយករដ្ឋមន្ត្រី​ទុយ​នេ​ស៊ី​លោក  Hassid Essid បានដាក់​ការទទួលខុសត្រូវ​លើ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី (ISIL) ដើម្បី​បង្កើត​មូលដ្ឋាន​រឹងមាំ​នៅ​ព្រំដែន​ទុយ​នេ​ស៊ី​និង​លី​ប៊ី​។ ចំណែក​ប្រធានាធិបតី​ទុយ​នេ​ស៊ី​លោក Beji Caid Essebsi និយាយថា នេះ​ជាការ​វាយប្រហារ​ដែល​មិនមាន​ពីមុនមក និង​ត្រូវ​បានរៀបចំ​យ៉ាង​ល្អិតល្អន់ ហើយ​គោលដៅ​នៅ​ពីក្រោយ​គឺ ដើម្បី​ត្រួតត្រា​តំបន់​នោះ ហើយ​ប្រកាស​បង្កើត​រដ្ឋ​ថ្មី​មួយ​។  

​ក្រោយ​ការវាយប្រហារ រដ្ឋមន្ត្រី​មហាផ្ទៃ​និង​រដ្ឋមន្ត្រី​ការពារ​ទុយ​នេ​ស៊ី បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ​នៅ​ថ្ងៃទី​៧ ខែមីនា ដើម្បី​ពិនិត្យ​ការ​រឹតបន្តឹង​ព្រំដែន​។ នេះ​បើតាម​សេចក្ដីប្រកាស​រួម​របស់​ក្រសួង​ទាំងពីរ​។​

​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ព្រមៗ​គ្នា​លើ​បន្ទាយ​ទាហាន និង​ស្នាក់ការ​ប៉ូលិស​ក្នុង​ទីក្រុង Ben Gardane ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់ និង​រ៉ុ​ក្កែរ​ត្រូវបាន​ប្រើ​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​។ បន្ទាប់មក រដ្ឋាភិបាល​ទុយ​នេ​ស៊ី​បានដាក់​ទីក្រុង Ben Gardane ឲ្យ​ស្ថិតក្រោម​បម្រាម​គោចរ​។​

​ជាការ​កត់សម្គាល់​នោះ ការវាយប្រហារ​នេះ​កើត ក្រោយ​ពេលដែល​កងកម្លាំង​ទុយ​នេ​ស៊ី​បើក​ការ​វាយឆ្មក់​លើ​ក្រុម​ជ្រុលនិយម​ដែលមាន​មូលដ្ឋាន​នៅ​លី​ប៊ី​។ ក្រុម​ជ្រុលនិយម​ដែល​ហ្វឹកហាត់​នៅ​ទឹកដី​លី​ប៊ី បាន​វាយប្រហារ​ជាច្រើន​ក្នុង​ទឹកដី​ទុយ​នេ​ស៊ី​កាលពី​ឆ្នាំមុន​។ រដ្ឋាភិបាល​ទុយ​នេ​ស៊ី ក៏បាន​កសាង​របង​តាម​ព្រំដែន​ផងដែរ តែ​ហាក់ដូចជា​មិនអាច​ទប់ស្កាត់​ការ​ជ្រៀតចូល​របស់​ក្រុម​ជ្រុលនិយម មក​ធ្វើ​សកម្មភាព​បានទេ​។ 

​សូម​បញ្ជាក់ដែរថា ទីក្រុង​ភាគ​ខាងកើត Ben Gardane ជាទី​តាំង​យុទ្ធសាស្ត្រ​យ៉ាងសំខាន់ និង​ជា​ច្រកចូល​ទៅកាន់​ទឹកដី​លី​ប៊ី​។ ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​សំខាន់ សម្រាប់​អ្នកជួញដូរ​អាវុធ និង​ការរត់ពន្ធ​ទំនិញ​ផ្សេងៗ​ទៅ​លី​ប៊ី​៕  

    

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​