ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ជាង​៤០​នាក់​តវ៉ា​ទាមទាររថយន្ត​​​កែច្នៃ​ដែល​សមត្ថកិច្ច​ឃាត់​ទុក

ពលរដ្ឋ​ជាង ៤០​នាក់ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា តវ៉ា​នៅ​សាលា​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ទាមទារ​រថយន្ត​​​កែច្នៃ​របស់​ពួកគាត់​ជាង ២០​គ្រឿង ដែល​សមត្ថកិច្ច​ឃាត់​ទុក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ លោក លី ប៉ាង ដែល​តវ៉ា​នៅ​សាលាឃុំ​ថ្មគ្រែ ចាត់​ទុក​វិធានការ​ឃាត់​រថយន្ត​កែច្នៃ​របស់​សមត្ថកិច្ច​ថា មិន​តម្លាភាព និង​អយុត្តិធម៌។ លោក​អះអាង​ថា លោក​ប្រើ​រថយន្ត​កែច្នៃ​របស់​លោក​ស៊ី​ឈ្នួល​ដឹក​ជញ្ជូន​ឈើ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខែត្រ​ក្រចេះ កន្លង​មក។ លោក​យល់​ថា អាជ្ញាធរ​ខែត្រ​គួរ​តែ​អប់រំ​ពលរដ្ឋ និង​ធ្វើ​កិច្ច​សន្យា​ព្រមាន​ពួកគាត់​សិន​មុន​នឹង​សម្រេច​លើ​វិធានការ​នេះ។

រថយន្ត​កែច្នៃ​ចំនួន ២២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា នៅ​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ចិត្របុរី ចំនួន ១៩​គ្រឿង និង​ស្រុក​ស្នូល ចំនួន ៣​គ្រឿង។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខែត្រ​ក្រចេះ លោក ហាក់ ហ៊ាន់ មាន​ប្រសាសន៍​ថា អនុ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សម្រេច​រក្សា​រថយន្ត​កែច្នៃ​ទាំង​នោះ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្របុរី ជា​បណ្ដោះអាសន្ន ហើយ​សមត្ថកិច្ច​បន្ត​ស្វែង​រក​រថយន្ត​ប្រភេទ​នេះ​ទៀត។ លោក​ថា អនុ​គណៈកម្មការ​ខែត្រ អាច​នឹង​ពិភាក្សា​រក​ដំណោះស្រាយ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ការ​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​ដោយ​បង្វែរ​រថយន្ត​កែច្នៃ​នោះ​មក​ដឹក​ជញ្ជូន​កសិកម្ម​វិញ៖ «ហៅ​គាត់​មក​ដើម្បី​ពន្យល់​ប្រាប់​គាត់ ឲ្យ​គាត់​កែច្នៃ​អតីត​មធ្យោបាយ​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ប្រមូល​អនុផល​ព្រៃ​ឈើ​ទៅ​ជា​មធ្យោបាយ​សម្រាប់​ដឹក​ផលិតផល​កសិកម្ម​ទៅ​វិញ ឬ​យ៉ាង​ម៉េច រង់ចាំ​សេចក្ដី​សម្រេច​របស់​ប្រធាន​គណៈកម្មការ​ជាតិ​​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។