ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​កិច្ច​ព្រមព្រៀង​បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ពីរ​នាក់​ទៀត​ចាក​ចេញ​ពី​កម្ពុជា

ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) ពីរ​នាក់​ទៀត សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រុម​សិទ្ធិ​មនុស្ស​សង្កេត​ឃើញ​ថា ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ជន​ភៀស​ខ្លួន​មក​ពី​កោះ​ណាវរូ ជា​បន្តបន្ទាប់ បង្ហាញ​ថា កម្ពុជា បរាជ័យ​មិន​អាច​អនុវត្ត​បាន​ពេញលេញ​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​ការ​រស់នៅ​របស់​ជន​ភៀស​ខ្លួន។

ការ​លើក​ឡើង​របស់​ក្រុម​សិទ្ធិ​មនុស្ស​នេះ ក្រោយ​ពេល​ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ីរ៉ង់ (Iranian) ចំនួន ២​នាក់ ដែល​ត្រូវ​បាន​គេ​ផ្ទេរ​មក​ពី​កោះ​ណាវរូ សម្រេច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ស្រុក​កំណើត​វិញ បន្ទាប់​ពី​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​ជិត​មួយ​ឆ្នាំ។

ប្រធាន​បច្ចេកទេស​នៃ​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាក​ចេញ​របស់​ក្រុម​ជន​ភៀស​ខ្លួន បង្ហាញ​ឲ្យ​ឃើញ​ថា ការ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ពិបាក​ប្រហាក់​ប្រហែល​នឹង​ប្រទេស​កំណើត​របស់​ជន​ភៀស​ខ្លួន​ដែរ។ លោក​បន្ត​ថា កម្ពុជា គួរ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ឲ្យ​បាន​ប្រសើរ​ជា​មុន​សិន ដើម្បី​ធានា​ថា ជន​ភៀស​ខ្លួន​ដែល​មក​តាំង​អាស្រ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ការ​គាំពារ​ត្រឹមត្រូវ៖ «»

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ឲ្យ​ដឹង​ថា គ្រួសារ​នៃ​ជន​ភៀស​ខ្លួន​អ៊ីរ៉ង់ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​ចន្លោះ​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា។

ការិយាល័យ​នៃ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​ប្រទេស​អូស្ត្រាលី អះអាង​ប្រាប់​សារព័ត៌មាន អេប៊ីស៊ី (ABC) នៅ​ថ្ងៃ​អង្គារ ថា ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ីរ៉ង់ ទាំង​ពីរ​នាក់ ពិត​ជា​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​កម្ពុជា មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាក​ចេញ​របស់​ជន​ភៀស​ខ្លួន​ទាំង​ពីរ​នាក់​នេះ​ឡើយ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ រិះគន់​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​កន្លែង​ដែល​ស័ក្តិសម​សម្រាប់​ទទួល​យក​ជន​ភៀស​ខ្លួន​នោះ​ទេ ដោយ​លោក​លើក​ឡើង​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​លោក​បន្ត​ថា កម្ពុជា មិន​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ការ​តាំង​ទីលំនៅ​ជន​ភៀស​ខ្លួន៖ «»

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ជន​ភៀស​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់ ៣​នាក់ បាន​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​កិច្ចព្រមព្រៀង​មួយ ក្រោយ​ពី​រដ្ឋាភិបាល​អូស្ត្រាលី បដិសេធ​មិន​ទទួល​យក​ពួក​គេ ហើយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ជនជាតិ​រ៉ូហ៊ីងយ៉ា ម្នាក់​ទៀត បាន​សម្រេច​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ម្នាក់ បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) វិញ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ ដោយសារ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ជន​ភៀស​ខ្លួន​នេះ​នឹក​ស្រុក​កំណើត។

ការ​ចាក​ចេញ​របស់​ប្ដី​ប្រពន្ធ​ជនជាតិ​អ៊ីរ៉ង់​មួយ​គូ​នៅ​ពេល​នេះ នឹង​បន្សល់​ជន​ភៀស​ខ្លួន​តែ​ពីរ​នាក់​ក្នុង​ចំណោម ៥​នាក់​ប៉ុណ្ណោះ ដែល​ស្ម័គ្រ​ចិត្ត​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចព្រមព្រៀង​តម្លៃ​ប្រមាណ ៥៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​បញ្ជូន និង​ទទួល​យក​ជន​ភៀស​ខ្លួន ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី និង​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤។

ការិយាល័យ​នៃ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ថ្លែង​បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី នៅ​តែ​លើក​ទឹក​ចិត្ត​ដល់​ជន​ភៀស​ខ្លួន​ដែល​កំពុង​នៅ​លើ​កោះ​ណាវរូ ឲ្យ​មក​តាំង​ទីលំនៅ​នៅ​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា ក៏​បញ្ជាក់​ថា កម្ពុជា នៅ​តែ​ស្វាគមន៍​ដល់​ជន​ភៀស​ខ្លួន​ទាំងឡាយ​ណា​ដែល​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​ថ្មី​ពី​កោះ​ណាវរូ ណា​ទៀត​ទេ ដែល​បាន​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​បុរស​ជនជាតិ​រ៉ូហ៊ីងយ៉ា ម្នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។