ក្រុម​យុវជន​ជាង​៥០០​​នាក់​នៅ​ប៉ោយប៉ែត​ដង្ហែ​ផ្កា​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

ក្រុម​យុវជន​ពុទ្ធសាសនិក​នៅ​​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ប្រមាណ ៥០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា នាំ​គ្នា​​​ដង្ហែ​ផ្កា​ប្រាក់​ដ៏​ធំ​មួយ​ដែល​បាន​ពី​ការ​រៃអង្គាស​គ្នា​ សរុប​ជាង ២៥.០០០​ដុល្លារ​អាមេរិក យក​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប ដែល​ជា​អំណោយ​មនុស្សធម៌​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​​កុមារ​ប្រចាំ​ថ្ងៃ។

​​​​​តំណាង​យុវជន​ម្នាក់​ គឺ​លោក​ ឆាយ សុភាព​ រៀបរាប់​ឲ្យ​ដឹង​ថា ថវិកា​ទាំង​អស់​​នេះ​មួយ​ចំនួន​ធំ​​ពួកគេ​បាន​ពី​ការ​រៃអង្គាស​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត និង​មួយ​ចំនួន​ទៀត​បាន​ពី​​ពុទ្ធសាសនិក​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត។

លោក​បន្ត​ថា បំណង​សំខាន់​ក្នុង​ការ​ហែ​ផ្កា​ប្រាក់​នេះ ដើម្បី​រក​ថវិកា​ផ្ដល់​ជូន​ដល់​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា សម្រាប់​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​ដោយ​មិន​​យក​ថ្លៃ​សេវា និង​ជា​ការ​ជួយ​មន្ទីរពេទ្យ​នេះ​ ឲ្យ​​ដំណើរ​របស់​ខ្លួន​ទៅ​មុខ​ទៀត៖ «ពួក​ខ្ញុំ​ធ្វើ​ផ្កា​ប្រាក់​នេះ​ ដោយសារ​តែ​កន្លង​មក​ ខ្ញុំ​មើល​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា​ ឃើញ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា ខ្វះខាត​ថវិកា​សម្រាប់​ព្យាបាល​ដល់​ជំងឺ»

លោក​បន្ថែម​ថា​ កម្មវិធី​មនុស្ស​ធម៌​នេះ​ ធ្វើ​ដំណើរ​តាម​​រថយន្ត​ក្រុង​ចំនួន ៦​គ្រឿង​​ និង​អ្នក​ខ្លះ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន ​ដង្ហែ​ចេញ​ពី​វត្ត​បាលេលិយ្យ ក្រុង​ប៉ោយប៉ែត​ ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប។

​អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​ លោក​វេជ្ជបណ្ឌិត​​ ឈុន ​លាងឈុន ​មាន​ប្រសាសន៍​ថា ថវិកា​ដែល​បាន​ទទួល​ពី​ក្រុម​យុវជន​ពុទ្ធ​សាសនិក​ក្រុង​ប៉ោយប៉ែត សរុប​​ជិត ​​២៨.០០០​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក (២៧,៩៦៧)។

លោក​បន្ថែម​ថា​ សកម្មភាព​មនុស្សធម៌​របស់​ក្រុម​យុវជន​នេះ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​កុមារ​ជា​រៀងរាល់​ថ្ងៃ៖ «បាទ! ខាង​មន្ទីរពេទ្យ​របស់​យើង​ នៅ​តែ​ត្រូវ​ការ​ជំនួស​សប្បុរសធម៌​ពី​ប្រជាពលរដ្ឋ​គ្រប់​ទិសទី​ ដោយ​មិន​គិត​ថា តិច ឬ​ច្រើន​នោះ​ទេ»

មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​ស្គាល់​ថា​ ជា​មន្ទីរ​ព្យាបាល​អ្នក​ជំងឺ​យក​ចិត្ត​ទុកដាក់​ជាង​គេ​នៅ​កម្ពុជា។ មន្ទីរពេទ្យ​មួយ​នេះ​ព្យាបាល​ជំងឺ​​កុមារ​មិន​គិត​​ថ្លៃ​សេវា។

របាយការណ៍​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ មាន​កុមារ​ឈឺ​ជិត ៧​ម៉ឺន​នាក់ បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ខាង​ក្រៅ។ មាន​ការ​វះកាត់​ទូទៅ​ជិត ២​ម៉ឺន​នាក់។
ឆ្នាំ​២០១៥ ថវិកា​ចំណាយ​មន្ទីរពេទ្យ​មាន​ចំនួន ៤៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩២ មក។ រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជំនួយ​ទឹកប្រាក់​ចំនួន ២​លាន​ដុល្លារ និង​រដ្ឋាភិបាល​ប្រទេស​ស្វីស (Switzerland) ចំនួន ៣​លាន​ដុល្លារ។ ក្រៅ​ពី​នោះ​ប្រធាន​មន្ទីរពេទ្យ គឺ​លោក ប៊េត រីច្ឆនឺរ ជនជាតិ​ស្វីស ជា​អ្នក​ស្វែង​រក​ថវិកា​ពី​សប្បុរស​ជន តាម​រយៈ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ផ្ទាល់​ខ្លួន​របស់​លោក​ដើម្បី​ស្វែង​រក​ថវិកា។
លោក​បណ្ឌិត ឈុន លាងឈុន ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​មាន​​កុមារ​ប្រមាណ​ ៥.០០០​នាក់ ទៅ​ពិគ្រោះ​​ និង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​​​ភ្នំពេញ និង​ខេត្ត​​សៀមរាប ហើយ​ចំណាយ​ថវិកា​អស់​ប្រមាណ ១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។