ពលរដ្ឋ​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​រដូវ​ប្រាំង ឆ្នាំ​២០១៦ ដែល​មាន​រយៈពេល​ជាង ២​ខែ​ត​ទៅ​មុខ​ទៀត​នេះ។ ការ​ព្រួយ​បារម្ភ បាន​កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​ទឹក​ដក់​នៅ​តាម​ត្រពាំង ស្រះ និង​បឹង​ជាច្រើន​កន្លែង​ជា​ប្រភព​ទឹក​សម្រាប់​យក​មក​ផ្គត់ផ្គង់​នៅ​ក្នុង​ទីក្រុង កាន់​តែ​មាន​ស្ថានភាព​រីង​ស្ងួត​ទៅៗ​ស្ទើរ​តែ​គ្មាន​ទឹក​សេសសល់​ទៅ​ហើយ​នោះ។

មន្ត្រី​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ កំពុង​ទាក់ទង​ទៅ​ខេត្ត​ខ្លះ​របស់​ប្រទេស​ថៃ មាន​ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត ដែល​នៅ​ជាប់​ព្រំដែន​គ្នា ដើម្បី​ស្នើសុំ​បូម​ទឹក​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន ឲ្យ​បាន​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ឃិន ញ៉ាណ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែ​មីនា ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​នៅ​សង្កាត់​អូស្មាច់ លើ​ខ្នង​ភ្នំ​ដងរែក កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ជា​បណ្ដើរៗ​ហើយ ដោយសារ​តែ​កាល​ពី​ឆ្នាំ​មុន​មិន​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។

ប្រធាន​មន្ទីរ​ដដែល​បញ្ជាក់​ថា នៅ​តាម​តំបន់​ជាច្រើន​ទៀត​របស់​ខេត្ត​ឧត្តរមានជ័យ រួម​ទាំង​ក្រុង​សំរោង ផង អាច​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ឆ្នាំ​នេះ ប្រសិន​បើ​រយៈពេល ៣​ខែ​ទៅ​មុខ​ទៀត មិន​មាន​ភ្លៀង​ធ្លាក់​ទេ​នោះ៖ «នៅ​អូស្មាច់ នឹង​ប្រឈម​មុខ​ខ្វះ​ទឹក​ប្រើប្រាស់​ហើយ។ ប្រជាពលរដ្ឋ​នៅ​អូស្មាច់ ពី​មុន គឺ​កាស៊ីណូ​គេ​ផ្គត់ផ្គង់​ទឹក​ឲ្យ។ ឥឡូវ​គេ​ឈប់​ផ្គត់ផ្គង់ គឺ​ដើរ​ទិញ​ទឹក​គ្រប់​ទីកន្លែង»

បច្ចុប្បន្ន នៅ​ក្រុង​សំរោង គឺ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ប្រើប្រាស់​ទឹក​ស្អាត​ដែល​ផ្ដល់​ដោយ​រដ្ឋាករ​ទឹក ប៉ុន្តែ​ខ្លះ​ទៀត​នៅ​ប្រើប្រាស់​ទឹក​ដែល​គេ​ដឹក​ជញ្ជូន​ពី​តាម​បឹង និង​ស្រះ ទៅ​លក់​ឲ្យ​នៅ​ឡើយ។

បុរស​អ្នក​ដឹក​ទឹក​លក់​ម្នាក់​នៅ​ក្រុង​សំរោង លោក ប្រាក់ សុភា ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ លោក​តែង​ដង​ទឹក​ពី​ត្រពាំង និង​ស្រះ ដឹក​លក់​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​ចាប់​ពី ១០​ឡាន​ទៅ ១២​ឡាន​ក្នុង​មួយ​ថ្ងៃ។ លោក ប្រាក់ សុភា ក៏​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ​ក្នុង​ឆ្នាំ​នេះ ពីព្រោះ​តែ​នៅ​តាម​ត្រពាំង និង​បឹង​ដែល​លោក​តែង​ដង​ទឹក​ដឹក​យក​ទៅ​លក់ គឺ​បាន​រីង​គោក​ជា​បន្តបន្ទាប់​អស់​ទៅ​ហើយ៖ «ប្រជាពលរដ្ឋ​គ្រប់​ផ្ទះ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អត់​ទឹក​ប្រើ។ ទឹក​ស្អាត​ក៏​ចេញ​យឺត ឯ​ទឹក​តាម​បឹង​ត្រពាំង​ក៏​ខ្សត់ ម្នាក់ៗ​ភ័យ​ដែរ»

នៅ​ទី​រួម​ខេត្ត​ឧត្តរមានជ័យ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ តែង​ទី​ពឹង​លើ​ទឹក​ត្រពាំង​ស្នោ ដែល​មាន​ទំហំ​ធំ​ធេង​នៅ​កណ្ដាល​ទីក្រុង ក៏ប៉ុន្តែ​ឆ្នាំ​នេះ ត្រពាំង​ស្នោ បាន​ចាប់​ផ្ដើម​រីង​ទឹក​បន្តិច​ម្ដងៗ​ស្ទើរ​តែ​អស់​ទៅ​ហើយ។

មន្ត្រី​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្នុង​រយៈពេល ៣​ខែ​ខាង​មុខ​មិន​មាន​ភ្លៀង​ធ្លាក់​ទេ គឺ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ ជាច្រើន​កន្លែង នឹង​ប្រឈម​មុខ​ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​ស្រុក​ដែល​នឹង​ប្រឈម​មុខ​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ដែល​ជា​តំបន់​ខ្នង​ភ្នំ។ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ និង​មន្ទីរ​ធនធាន​ទឹក កំពុង​ស្វះស្វែង​រក​ប្រភព​ទឹក ព្រម​ទាំង​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា ដើម្បី​បាន​ទឹក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រើប្រាស់​សម្រាប់​រយៈពេល ៣-៤​ខែ​ទៅ​មុខ​ទៀត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។