ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត​៖ បុរស​ចំណាស់​ម្នាក់​បាន​ចងក​ធ្វើ​អត្តឃាត​នឹង​មេដំបូល​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែមីនា ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យ៉ឹ​ង ឃុំ​តា​កែន ស្រុក​ឈូក ខណៈ​បុរស​រូប​នេះ​ទិញ​ស្រាស​ផឹក​ស្រវឹង មាន​ទំនាស់​ជាមួយ​ប្រ​ព​ន្ឋ ហើយ​បាន​វាយ​ដោយ​ខ្នងពូថៅ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ លោក អ៊ូ ហាន នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​កែន បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រ​ព​ន្ឋ និង​អ្នក​ទៅ​ជួយ​ឲ្យ​រង​របួស​ចំនួន​៤​នាក់ ហើយ​បាន​ចងក​សម្លាប់​ខ្លួន ឈ្មោះ ភោគ រុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​រូប​នេះ​បាន​ទៅ​ទិញ​ស្រាស​ចំនួន​១​ពាន់​រៀល​យក​មក​ផឹក​ម្នាក់ឯង លុះ​ពេល​ស្រវឹង ក៏​មានការ​ឈ្លោះប្រកែក​ជាមួយ​ប្រ​ព​ន្ឋ ពេល​នោះ​បាន​វាយ​ប្រ​ព​ន្ឋ​មួយ​ខ្នងពូថៅ​បែកក្បាល ពេល​ឃើញ​ហេតុ​ការ​ដូច្នេះ​ក្មួយ​ប្រុស​ម្នាក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា ទៅ​ជួយ​ឃាត់ ក៏​ត្រូវ​បុរស​នោះ​វាយ​នឹង​ខ្នងពូថៅ​ឲ្យ​របួស​ក្បាល​២​កន្លែង​ទៀត ក្រោយមក​កូនស្រី​បង្កើត​មក​ជួយ​ឃាត់ ក៏​ត្រូវ​បុរស​នោះ​វាយ​នឹង​ខ្នងពូថៅ​ទៀត ប៉ុន្តែ​ត្រូវ​នឹង​ដង​ពូថៅ​របួសស្រាល​។

សមត្ថកិច្ច​បន្ត​ទៀត​ថា បន្ទាប់​ពី​វាយ​អ្នក​ទៅ​ឃាត់​ឲ្យ​រង​របួស​អស់​៣​នាក់​ហើយ ក៏​ដើរ​សំដៅ​ទៅ​ផ្ទះ​បងថ្លៃ ចម្ងាយ​ប្រហែលជា​៥០​ម៉ែត្រ ពេល​ទៅ​ដល់ ត្រូវ​បងថ្លៃ​ស្តីបន្ទោស ក៏​ត្រូវ​បុរស​រូប​នេះ​វាយ​បី​ខ្នងពូថៅ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​។ បុរស​រូប​នេះ ក៏​បាន​ដើរមក​ផ្ទះ​វិញ​ចូល​សម្ងំ​ក្នុងផ្ទះ ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ឡើយ​។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​រូប​នោះ​ចូល​ទៅ​ដល់​ក្នុងផ្ទះ​យូរ​មិនឃើញ​ចេញ​មក​វិញ ក៏​មាន​ស្ត្រី​ចំណាស់​ដែល​នៅ​ក្បែរ​គ្នា ចូល​មក​មើល មុន​ដំបូង​ស្ត្រី​ចំណាស់​រូប​នោះ​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ ដោយ​ហៅ​ឈ្មោះ​បុរស​រូប​នោះ​តិច​ៗ អត់​មាន​ឮ​សូរ​ឆ្លើយ ក៏​លួច​មើល​តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ទើប​ឃើញ​ជើង ពេល​នោះ​ស្ត្រី​រូប​នោះ​ក៏​បាន​ស្រែកហៅ​ខ្លាំង​ៗ​អត់​ឮ​ឆ្លើយ​ទៀត ក៏​ហែក​ជញ្ជាំង​មើល​ស្រាប់តែ​ឃើញ​បុរស​រូប​នេះ​ចងក​សម្លាប់​ខ្លួន​ដោយ​ខ្សែ​នីឡុង ដោយ​ភ្ជាប់​នឹង​ប្រមេ​ដំបូលផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​ស្រែកហៅ​អ្នក​ជិតខាង រួច​ផ្អើល​ឆោឡោរ​ឡើង​តែ​ម្តង​។

ពេល​នោះ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ហេតុការណ៍ និង​សព បាន​សន្និដ្ឋាន​ថា​បុរស​រូប​នេះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯងពិតប្រាកដ​មែន ដោយសារ​តែ​បុរស​រូប​នេះ​ដឹងខ្លួន​ថា បាន​ប្រើ​អំពើ​ហឹ​ង្សា​ឲ្យ​មាន​របួស​ជា​ច្រើន​នាក់មិន​អាច​គេច​ផុត​ពី​ការ​ទទួលទោស​តាម​ច្បាប់ ទើប​ស​ម្ដ្រេ​ច​ចិត្ត​ចងក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង ដើម្បី​បញ្ចប់រឿង ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕