និស្សិត​នារី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​រស់នៅក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ និស្សិត​នារី​កំពុង​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា បារម្ភ​ខ្លាំង​ពី​បញ្ហា​សន្តិសុខ​សុវត្ថិភាព​រស់នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា អំពើ​លួច ឆក់ ប្លន់ និង​គ្រឿងញៀន​ជាដើម​។ និស្សិត​នារី​មួយចំនួន បាន​ជួបប្រទះ​នឹង​បញ្ហា​នេះ​ផ្ទាល់ ហើយ​ពួកគេ​អំពាវនាវ​អាជ្ញាធរ រឹតបន្តឹង​បញ្ហា​សន្តិសុខ​សង្គម ដើម្បី​ពួកគេ​រស់នៅ​បាន​ដោយ​គ្មាន​ការភ័យខ្លាច​។​

​នារី​ខ្មែរ​បច្ចុប្បន្ន​បាន​ខំប្រឹង​បន្ត​ការសិក្សា​នៅ​ភ្នំពេញ ដោយ​ចាកចេញ​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង​ដូច​បុរស​ដែរ​។ ប៉ុន្តែ​ការរស់នៅ​ក្នុង​រាជធានី​ភ្នំពេញ មិនទាន់មាន​សុវត្ថិភាព​ពេញលេញ​សម្រាប់​ពួកគេ​ឡើយ​។​

​កញ្ញា សេន ម៉ាលី​ណា និស្សិត​ឆ្នាំ​ទី​២ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស នៃ​វិទ្យាស្ថាន​ភាសាបរទេស (IFL) បាន​និយាយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន អំឡុងពេល​កញ្ញា​កំពុងស្នាក់នៅ​ក្នុង​បន្ទប់​ជួល ជាមួយ​ម​ត្តិ​ភក្តិ​ចំនួន ៣​នាក់​។​

​និស្សិត​នារី​វ័យ ២០​ឆ្នាំ​រូបនេះ សម្បុរ​ស្រអែម​និយាយ​ទាំង​ទឹកមុខ​មាំ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន ខ្ញុំ​ភ័យខ្លាច​ពី​បញ្ហា​សន្តិសុខ ព្រោះ​មិត្តភក្តិ​ខ្ញុំ​ធ្លាប់​ចោរលួច​គាស់​បន្ទប់​»​។ យ៉ាងណា និស្សិត​នារី​រូបនេះ ប្តេជ្ញា​ថា នាង​នឹង​ប្រឹងប្រែង​សិក្សា​រៀនសូត្រ យកចំណេះ​វិជ្ជា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​នេះ​។ នោះ​ក៏​ព្រោះថា នារី​អាចយ​ល់ពី​ទុក្ខលំបាក​របស់​នារី​ផ្ទាល់​។​

​ងាក​មក​មិត្តភក្តិ​របស់​កញ្ញា សេន ម៉ាលី​ណា កញ្ញា ពិន ស៊ី​ណែ​ត និស្សិត​ឆ្នាំ​ទី​២ ជំនាញ គ្រប់គ្រង​ធុរកិច្ច នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និយាយថា នាង​បាន​បាត់​កុំ​ព្យូ​រ​ទ័​រ Laptop មួយ កាលពី​សប្តាហ៍​មុន ដោយសារ​ចោរ​បាន​ចូល​លួច​គាស់ បន្ទប់​របស់​នាង នៅពេល​នាង​ចាក់សោរ​បន្ទប់​ចោល​រួច មក​សិក្សា​នៅ​សាលា​។ នារី​វ័យ ១៩​ឆ្នាំ បាន​ត្រឹម​សោកស្តាយ ក្រោយពី​កុំ​ព្យូ​រ​ទ័​រ Laptop ដែល​ប្រើប្រាស់​សម្រាប់​ការសិក្សា​រៀនសូត្រ តម្លៃ​ជាង ៥០០​ដុល្លារ​អាមេរិក ត្រូវបាន​ចោរលួច​បាត់​។ នារី​កូន​អាជីវករ​មកពី​ខេត្តបន្ទាយមានជ័យ​និយាយ​ទម្លាក់​ទឹកមុខ​ថា​៖«​ខ្ញុំ​ស្តាយ​កុំ​ព្យូ​រ​ទ័​រ Laptop​នោះ​ណាស់ ព្រោះ​វា​កាដូរ​របស់​លោកពូ​ខ្ញុំ​»​។ កញ្ញា សេន ម៉ាលី​ណា និង​កញ្ញា ពិន ស៊ី​ណែ​ត កំពុង​ឈរ មើល​បញ្ជី​លទ្ធផល​ឈ្មោះ​ប្រឡង នៅ​វិទ្យាស្ថាន​ភាសាបរទេស បាន​ប្តេជ្ញា​ថា ពួកគេ​នឹង បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ យកចំណេះ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។

​យ៉ាងណា អ្នក​ទាំងពីរ​ក៏​ពឹង​លើ​សមត្ថកិច្ច​ផងដែរ​។ នាង​អំពាវនាវ​សមត្ថកិច្ច​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​នារី​បន្ថែមទៀត ដើម្បី​ពួកគេ​មាន​សេចក្តីសុខ​ក្នុង​ចិត្ត​ពេញលេញ​។​

​មិន​ខុសពី​យុវនារី​ខាងលើ កញ្ញា សំ​រ៉ឺ​ត ដា​លី និស្សិត​ឆ្នាំ​ទី​២ ជំនាញ​ទន្ត​វតន​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក៏មាន​ក្តីបារម្ភ​ពី​សន្តិសុខ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ផង ដែរ បើទោះបីជា​នាង​មិន​ធ្លាប់​ជួបប្រទះ​បញ្ហា​ក្តី​។ នារី​វ័យ ២១​ឆ្នាំ កំពុង​អង្គុយ​អាន​សៀវភៅ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយថា ប្រសិនបើ​នាង​ពុំមាន​បងប្រុស​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ទេនោះ នាង​នឹង​ពុំ​អាច​ចេញពី​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ មក​ភ្នំពេញ ដើម្បី​សិក្សា​រៀនសូត្រ​ដែរ​។ កញ្ញា​និយាយថា កញ្ញា​មាន​ក្តីបារម្ភ​ពី​សុវត្ថិភាព ព្រោះ កញ្ញា​ឮ​សកម្មភាព​លួច ឆក់ ប្លន់ គ្រោះថ្នាក់​ចរាចរណ៍​ច្រើន នៅ​រាជធានី​ភ្នំពេញ​។​

​យ៉ាងណា នាង​មាន​ភាពកក់ក្តៅ​មួយ នៅពេល​នាង​មាន​បងប្រុស​បង្កើត និង​បងប្អូន​ជីដូនមួយ ជាទី​ពំនាក់​អាស្រ័យ​ពេល​មាន​បញ្ហា​។ នារី​សម្បុរ​ស មាឌ​ស្តើង និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ភ័យ ខ្លាច​អំពី​គ្រោះថ្នាក់​ចរាចរណ៍​។ ពេល​ខ្ញុំ​ចេញពី​សាលារៀន​នៅពេល​យប់​។ ព្រោះ​ភ្នំពេញ​មាន​មនុស្ស​ច្រើន​កុះករ ចរាចរណ៍​មមាញឹក ខុសពី​ស្រុកកំណើត​ខ្ញុំ​»​។​

​ទោះបីជា​ប្រទេស​កម្ពុជា​បាន​ឆ្លង​ផុតពី​ភ្លើង​សង្គ្រាមស៊ីវិល​ជាង ២០​ឆ្នាំ​ក៏ដោយ ក៏​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​មួយ​នេះ ពុំទាន់​មាន​សន្តិសុខ​សង្គម​មួយ​ពេញលេញ​នៅឡើយ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​