ភាព​ក្រីក្រ​ជំរុញ​បុរស​ធ្វើ​ចំណាកស្រុក​ទុក​ការងារ​កសិកម្ម​ឱ្យ​ស្រ្តី

ភាព​ក្រីក្រ​ជំរុញ​បុរស​ធ្វើ​ចំណាកស្រុក​ទុក​ការងារ​កសិកម្ម​ឱ្យ​ស្រ្តី

វេទិកា​​កសិករស្ត្រីឆ្នើមដើម្បីពិភាក្សា កំណត់បញ្ហា និងលើកកម្ពស់ស្ត្រីកម្ពុជាក្នុងវិស័យកសិកម្ម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ភាព​ក្រីក្រ​ជំរុញ​បុរស​ធ្វើ​ចំណាកស្រុក​ទុក​ការងារ​កសិកម្ម​ឱ្យ​ស្រ្តី

ការដាក់​តាំង​បង្ហាញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​វេទិកា​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ភាព​ក្រីក្រ​ជំរុញ​បុរស​ធ្វើ​ចំណាកស្រុក​ទុក​ការងារ​កសិកម្ម​ឱ្យ​ស្រ្តី

លោកស្រី ម៉ុម ថានី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)​របាយការណ៍​​របស់​​​ធនាគារ​ពិភព​លោក​ស្តី​អំពី​យេនឌ័រ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​​ប្រទេស​កម្ពុជា​​ក្នុង​ឆ្នាំ​២០១៥​​បាន​បង្ហាញ​ថា ​ស្រ្តី​កម្ពុជា​ប្រមាណ​៧៥%​កំពុង​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​។ ភ្នំពេញ—

ស្ត្រី​ខ្មែរបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​កសិកម្ម​ស្រប​ពេល​ដែល​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​រុញ​ច្រាន​ឲ្យ​បុរស​ជា​មេ​គ្រួសារ​ធ្វើ​ចំណាក​ស្រុក។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ដែល​បាន​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ក្រុម​ស្ត្រី​ដែល​ជា​កសិករ។

រដ្ឋាភិបាល​កម្ពុជា​ សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រៀប​ចំ​វេទិកា​កសិករ​ស្ត្រី​ឆ្នើម​ថ្នាក់​ជាតិ​ជា​លើក​ដំបូង។ វេទិកា​នេះ​បាន​ជ្រើសរើស​តំណាង​កសិករ​ស្ត្រី​ឆ្នើម​ចំនួន​១០០​រូប​មក​ពី​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ឲ្យចូល​រួមដើម្បី​ពិភាក្សា​ ​កំណត់​បញ្ហា​របស់​ស្ត្រី​ ​ក៏ដូចជា​លើក​កម្ពស់​ស្រ្តី​ក្នុង​វិស័យ​កសិកម្ម​នេះ។

លោកស្រី​ ទី រតនា ជា​មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​អង្គការ​ជីវិត​ថ្លៃថ្នូរ​ ដែល​បាន​ចូលរួម​រៀប​ចំ​វេទិកា​កសិករ​ស្ត្រី​ឆ្នើម ឲ្យ​ដឹងថា​ការចូលរួម​របស់​ស្រ្តី​ក្នុង​វិស័យ​កសិកម្ម​បាន​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ កាត់​បន្ថយ​បំណុល​គ្រួសារ​ និងបង្កើន​ការ​លក់​ផលិតផលជាដើម​។

«ពេល​ដែល​យើង​សំឡឹង​មើល​ឲ្យ​ស៊ីជម្រៅ​ ស្ត្រី​គឺ​ជា​អ្នក​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​ច្រើន​មែន​ទែ​ន​ នៅពេល​ដែល​គ្រួសារ ​ឬ​ប្តី​របស់​គាត់​ចំណាកស្រុក​ចឹង​គាត់​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ស្រែ​ចំការ»។​

ភាព​ក្រីក្រ​ជំរុញ​បុរស​ធ្វើ​ចំណាកស្រុក​ទុក​ការងារ​កសិកម្ម​ឱ្យ​ស្រ្តី

ការដាក់​តាំង​បង្ហាញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​វេទិកា​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​ កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​កសិកម្ម​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ និង​ដើម្បី​ឲ្យ​ការ​ចូលរួម​របស់​ពួក​គេ​កាន់​តែទូលំ​ទូលាយ​ជាង​មុន​។

លោកស្រី​ ម៉ុម​ ថានី​ ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម​និង​ជា​អនុប្រធាន​ក្រុម​ការងារ​យេនឌ័រ​និង​កុមារ​នៃ​ក្រសួង​កសិកម្ម។ លោកស្រី​ទទួលស្គាល់​ពី​ភាព​ចាំបាច់​មិន​អាច​ខ្វះ​បាន​របស់​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម ​រាប់​ចាប់​តាំង​ពីការ​ផលិត​ កែច្នៃ​ និង​ការ​លក់​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ។

ភាព​ក្រីក្រ​ជំរុញ​បុរស​ធ្វើ​ចំណាកស្រុក​ទុក​ការងារ​កសិកម្ម​ឱ្យ​ស្រ្តី

លោកស្រី ម៉ុម ថានី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ទន្ទឹម​នឹង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ លោកស្រី ម៉ុម​ ថានី​ លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ជា​កសិករ​កម្ពុជា​ ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឯង​បន្ថែម​ទៀត​ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​របស់​ខ្លួន​នៅ​ក្នុង​សហគមន៍។​

«ទី១​គឺ​ខិត​ខំ​រៀន​សូត្រ​នូវ​បច្ចេកទេស​ថ្មី​ របៀប​ធ្វើ​ស្រែ​ធ្វើ​ចំ​ការ​ថ្មី ​ដែល​បន្ស៊ាំ​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ ​ចូលរួម​ទទួល​ចំណេះ​ដឹង​ ហើយ​នឹង​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ទៀត​ទៅដល់​ស្ត្រី​ដទៃ​ទៀត​ ក៏​ដូចជា​កសិករ​ដទៃ​ទៀត​ក្នុង​សហគមន៍​របស់​ខ្លួន​ផង​ដែរ។ អីចឹង​ស្ត្រី​ត្រូវ​ចេះ​ជួយ​ខ្លួនឯង​មុន»។

លោកស្រី​ថា​ ​ភាព​រឹង​មាំ​របស់​ស្ត្រី​ទាំង​សមត្ថភាព​ ចំណេះ​ដឹង ​និង​ចំណេះ​ធ្វើ​ នឹង​ជំរុញ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ភ្នាក់ងារ​មួយ​ដែលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​គ្រួសារ​និង​សេដ្ឋកិច្ចកម្ពុជា។​

លោកស្រី ដេម​ ស្រី​លីម​ វ័យ​២៩ឆ្នាំ​ ជា​កសិករ​ឆ្នើម​មួយ​រូប​នៃ​វេទិកា​កសិករ​ស្ត្រី​ឆ្នើម​ថ្នាក់​ជាតិ ​មក​ពី​ខេត្ត​បាត់ដំបង​ ​ឲ្យ​ដឹង​ថា ​បើ​ទោះ​ជា​កសិកម្ម​ជា​វិស័យដែល​ត្រូវ​ការ​កម្លាំង​ខ្លាំង​ ក៏​ប៉ុន្តែ​បុរស​តែឯង​មិន​អាច​ធ្វើ​ការងារ​នេះ​ឲ្យ​ល្អនោះ​ទេ​ បើ​សិន​ជា​គ្មាន​ស្ត្រី។ លោកស្រីថា​ស្ត្រី​បាន​ដើរ​តួនាទី​ជា​អ្នក​ទុក​ដាក់​នូវ​ទិន្នផល ​ជា​អ្នក​ចាត់​ចែង​រក​ទីផ្សារ​លក់ ​និង​ជា​ដៃ​គូ​ពិភាក្សា​ដែល​មិន​អាច​ខ្វះ​បាន​។​

«គាត់​គឺជា​ដៃ​គូ​សំខាន់​បំផុត​សម្រាប់​បុរស​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម។​ គាត់​អាច​ជួយ​ឲ្យ​គ្រួសារ​របស់​គាត់​មាន​លំនឹង​ អាច​ជួយ​ឲ្យ​គ្រួសារ​គាត់​មាន​ស្ថាន​ភាព​សេដ្ឋកិច្ចល្អ​ប្រសើរ អាច​ជា​គំរូ​ល្អ​សម្រាប់​កូន​ជំនាន់​ក្រោយ​ ហើយ​គាត់​អាច​ក្លាយ​ជា​គំរូ​ដល់​ស្ត្រី​ផ្សេង​ទៀត​ក្នុង​សហគមន៍»។

កសិករ​ម្នាក់​ទៀត​មក​ពី​ខេត្ត​ព្រះ​វិហារ​គឺ​លោកស្រី​លាង សាងីម លើក​ឡើង​ថា​ការ​ចូលរួម​របស់​ស្រ្តី​ក្នុង​វិស័យ​កសិកម្ម​ បាន​រួម​ចំណែក​កាត់​បន្ថយ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថានទៅ​ក្រៅ​ប្រទេស​របស់​អ្នក​ភូមិ​អ្នក​ស្ត្រី។

«យើង​មិន​ចង់​ឲ្យ​ជា​ស្ត្រីដៃ​ទំនេរ​ទេ។ យើង​ត្រូវ​ចេះ​ដឹង​ពី​ផ្នែក​កសិកម្ម​ឲ្យ​កាន់​តែ​ច្បាស់។ ​ ​ដែល​គាត់​ចេះ​ធ្វើស្រែ​ គាត់​ចេះ​សហការ​គ្នា​ធ្វើស្រែ​ចម្ការ​ចឹង​ អត់​មាន​ការ​ចំណាក​ស្រុក​។ ការ​ចំណាក​ស្រុក​ធ្វើ​ឲ្យ​មាន​ការ​ផ្ញើ​កូន​នឹង​គេ​នឹង​ឯ ខ្ញុំ​អត់​ចង់​ឃើញ​ចឹង​ទេ​»។

នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ដោយ​ធនាគារ​ពិភព​លោក​ស្តី​អំពី​យេនឌ័រ​ក្នុង​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជាក្នុង​ឆ្នាំ​២០១៥បាន​បង្ហាញ​ថា ​ស្រ្តី​កម្ពុជា​ប្រមាណ​៧៥%​កំពុង​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា​មាន​ពលរដ្ឋ​២,៣​លាន​គ្រួសារ​ដែល​ជា​កសិករ៕