ដើម្បី​ដោះស្រាយ​កង្វល់ បើក​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៦ កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​

ភ្នំពេញ: ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កសិករ​ស្ត្រី​ដើម្បី​ដោះស្រាយ​កង្វល់​ជា​អាទិភាព​ទាំងបី​៖ ការរក ទឹក ទុន និង​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​។ អ្នកចូលរួម​ប្រហែល ២៥០ នាក់​តំណាង​ឲ្យ​ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​កសិករ​មកពី​ប្រាំ​តំបន់ បាន​ចូលរួម​ក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៦ "​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​" នៅ​ថ្ងៃ​ពុធ ទី​៩ ខែមីនា ឆ្នាំ​២០១៦ ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥ រសៀល ក្នុង​សណ្ឋាគារ​អ៊ី​ម​ភឺ​រាល​ហ្គា​ដិ​ន រាជធានី​ភ្នំពេញ​។

​ព្រឹត្តិការណ៍​នេះ គឺជា​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​កង្វល់​របស់​កសិករ​អំពី​តម្លៃ​ទីផ្សារ ប្រព័ន្ធធារាសាស្ត្រ និង ការវិនិយោគ នៅតែ​ជា​បញ្ហា​ប្រឈម​។ បញ្ហា​នេះ​បានកើត​ឡើង និង​បណ្តាល​ឲ្យ​មានការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំធេង​ចំពោះ​ប្រទេស ដែល​នៅ​ក្នុងនោះ ប្រជាជន​ជាង ៨០% នៃ​ចំនួន​ប្រជាជន​សរុប​ពឹង​អាស្រ័យ​លើ​ការងារ​កសិកម្ម​។ ប៉ុន្តែ យើង​មិន​ចុះ​ញ៉ម​ចំពោះ​បញ្ហា​ឡើយ​។ ក្រុមការងារ​យេនឌ័រ និង​កុមារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន ១៣ និង​វិស័យ​ឯកជន បានរៀបចំ​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី ៦ ក្រោម​ប្រធានបទ “​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម​” ដើម្បី​ពិភាក្សា​បន្ថែមទៀត និង​រិះរក​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​កសិក​រ​។​

​អ្នកចូលរួម​មកពី ក្រុមការងារ​យេនឌ័រ និង​កុមារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ​ស្រែ​ខ្មែរ អង្គការ OXFAM, Action Aid Cambodia, Southern Voice, Dan Church Aid, Life with Dignity, Finn Church Aid, CAFOD, World Vision Cambodia, Caritas Cambodia, UNDP និង​អង្គការ CEDAC៕