គីម​ ជុងអ៊ុន៖ “កូរ៉េ​​ខាង​ជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ”

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម​ ជុងអ៊ុន​​បាន​អះ​អាង​ឲ្យ​ដឹង​ថា​​អ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន​​បាន​អភិវឌ្ឍ​​​​ក្បាល​​​គ្រាប់​នុយក្លេអ៊ែរ​​ដែល​​អាច​ត​​ភ្ជាប់​​​មីស៊ីល​​ផ្លោង​​ជា​ច្រើន​គ្រាប់​។

គីម​ ជុងអ៊ុន៖ “កូរ៉េ​​ខាង​ជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ”
 

“ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ត្រូវ​បាន​​​ធ្វើ​រួច​រាល់​ ដោយ​យើង​បាន​ធ្វើ​វា​​ជា​គ្រាប់​តូច​ៗ ដើម្បី​ភ្ជាប់​​លើ​គ្រាប់​មីស៊ីល​ផ្លោង។ នេះ​យើង​អាច​​ហៅ​វា​ថា​ជា​គ្រាប់​នុយក្លេអ៊ែរ​​ដែល​គួរ​ឲ្យ​ញញើត​ពិត​ៗ”។ នេះ​បើ​យោង​តាម​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េ​ខាង​ជើង​​KCNA បាន​ស្រង់​សម្ដី​ លោក​គីម​ ជុង​អ៊ុន ពេល​​មេ​ដឹក​នាំ​​តាម​បែប​ផ្ដាច់​ការ​រូប​នេះ​ទៅ​ត្រួត​ពិនិត្យ​មើល​​នៅ​​រោង​ចក្រ​អភិវឌ្ឍ​​​​​នុយក្លេអ៊ែរ​មួយ​​កន្លែង​​​​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

 

ជា​មួយ​គ្នា​នោះ លោក គីម​ ជុង​អ៊ុន​ក៏​បាន​ទៅ​ពិនិត្យ​មើល​​​ក្បាល​គ្រាប់​​​​​​​ប្រតិកម្ម​​ដោយ​​កម្ដៅ​នុយក្លេអ៊ែរ ដែល​ប្រើ​​ប្រាស់​ក្នុង​គ្រាប់​បែក​​អ៊ីដ្រូហ្សែន​​ផង​ដែរ។

 

គួរ​រំលឹក​ផង​ដែរ​ថា អង្គការ​សហប្រជាជាតិ​​​​​បាន​សម្រេច​ដាក់​​​ទណ្ឌកម្ម​​​ថ្មី​​​លើ​​​​​​​កូរ៉េ​ខាង​ជើង ​កាល​ពី​សប្ដាហ៍​មុន ចំពោះ​ការ​ធ្វើ​តេស្ត​សាក​ល្បង បាញ់​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ខែ​មករា​កន្លង​ទៅ​។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​រយៈ​ពេល​ថ្មី​ៗ​នេះ ទី​ក្រុង​ព្យុងយ៉ាង​បាន​​​​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​អំពី​​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ។ កាល​ពី​សប្ដាហ៍​មុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ ក៏​បាន​បញ្ជា​​ឲ្យ​យោធា​​​​ប្រទេស​របស់​ខ្លួន​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្នុង​ករណី​​មាន​ការ​គំរាម​កំហែង​ពី​សត្រូវ​ណា​មួយ៕

 

ចុចអាន៖ គីម​ ជុងអ៊ុន​ ប្រាប់​យោធា​​ឲ្យ​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្រោយ​ UN ដាក់​ទណ្ឌកម្ម

 

ប្រែ សម្រួល៖ មាន រតនា
ប្រភព៖ BBC
​​​