បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បរិវារ​មេខ្លោង​ក្រៃ​ថោ​ង

បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បរិវារ​មេខ្លោង​ក្រៃ​ថោ​ង

ខេត្តកណ្ដាល ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ មីនា  ស្នងការដ្ឋាន​នគរ​បាន​ខេត្ត បាន​បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៨​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​កក្រើក​ជា​ច្រើន​ខេត្ត​-​ក្រុង គឺ​ប្លន់​ច្រើន​ជាង​២០​ករណី កាលពី​ពេល​ថ្មី​ៗ​កន្លង​នេះ មុន​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បានជាបន្តបន្ទាប់ ។

លោក រឿ​ន ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​បាប់​ខ្លួន​ជា​បន្ត​ច​ន្ទា​ប់​មាន​គ្នា​៨​នាក់ គឺ ៖

១-​ឈ្មោះ ផា​ន់ គឹ​ម​យន់ ហៅ​ក្រៃ​ថោ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មេខ្លោង មាន​ទីលំនៅ​ភូមិ​ស្ពានឈើ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ។

២-​ឈ្មោះ ឆៃ ណា​ន​ភិ​រម្យ ហៅ​ណាស់ នឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តានី ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

៣-​ឈ្មោះ ហ៊ិ​ន ចាន់​ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។

៤-​ឈ្មោះ ហៀ​ង សុ​ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​ពីរ​ខាងលើ​មាន​ទីលំនៅ​ភូមិ​តា​សែន ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

៥-​ឈ្មោះ ជឿន ចិន្ដា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​សោម ឃុំ​ល្អាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

៦-​ឈ្មោះ ស្រី ស្រា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

៧-​ឈ្មោះ ហុង នី ហៅ​បេន ហៅ​មមីស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

៨-​ឈ្មោះ ឃ​ន រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្មំ​ពេញ ។ ក្រោយ​ពី​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៨​នាក់​នេះ បាន​ដកហូត​អាវុធ​-​វែង​ខ្លី និង​មធ្យោបាយ​ធ្វើ​សកម្មភាព មាន​ម៉ូតូ​៤​គ្រឿង និង​កំពុង​បន្ត ស្វែងរក​ចាប់ខ្លួន បក្សពួក​មួយ​ចំនួន​បន្ថែម​ទៀត ។

លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​លើស​ពី​២០​ដង​នៅ​តាម​បណ្ដា​ខេត្ត​នានា​។ លោក​បាន​បន្ត​ទៀត​ថា ប្រតិបត្តិការ​ដែល​ឈាន​ដល់​ការ​តាម​ប្រមាញ់ និង​ចាប់ខ្លួន​ជា​បន្ដបន្ទាប់ ក្រោយ​ពី​មាន​ករណី​ប្លន់​ផ្ទះ​សេវា​ផ្ទេរ​ប្រាក់​វី​ង នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៥​រួច​មក ។ លោកស្នងការ​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់ ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ល្អិតល្អន់​រហូត​កំណត់​បាន​ព័ត៌មាន និង​សកម្មភាព​របស់​ក្រុម​ចោរ​ខាងលើ​នេះ ។ នៅ​មុន​ពេល​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​លោក​បាន​ទទួល​ព័ត៌មាន​ថា ក្រុម​ចោរ​ទាំង​អស់នោះ​បាន​រៀប​គម្រោង​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខ្លះ ពី​សកម្មភាព​របស់​ក្រុម​ចោរ លោកស្នងការ​បាន​បញ្ជា​ឲ្យ​អធិការ​នគរបាល​ស្រុក​ក្រុង​ទាំង​១១ ពង្រឹងកម្លាំង​តាម​គោលដៅ​ងាយ​រង​គ្រោះ​ទាំងអស់ ។ មួយ​ផ្នែក​ទៀត​លោក​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ច្បាម​មុខសញ្ញា​តាម​ដងផ្លូវ​ជាតិ រហូត​បាន​ប្រទះ​ឃើញ​មុខសញ្ញា​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ដ្រ​ស្រុក​មុខកំពូល ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ព្យាយាម​ស្ទាក់​ចាប់ តែ​ពួក​គេ​មិន​ព្រម​ឈប់​ម៉ូតូ ទើប​សមត្ថកិច្ច​បើក​ការ​ផ្ទុះអាវុធ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ក៏​ត្រូវ​ចំ​ជនសង្ស័យ ឈាន​ដល់​ឃាត់ខ្លួន​បាន​២​នាក់ និង​បាន​សួរ​ចម្លើយ​ដឹង​ពី​បក្សពួក​ដែល​នៅ​សេសសល់ បាន​រត់គេច​ខ្លួន ក៏​បន្ត​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់ខ្លួន​បក្សពួក​៥​នាក់​ខាងលើ​បន្ថែម​ទៀត ជា​បន្តបន្ទាប់  នៅ​ខេត្តកំពង់ចាម ។

ក្រុម​ចោរប្លន់​ទាំង​៨​នាក់​ដែល​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ពេល​នេះ គឺជា​មុខសញ្ញា​ប្លន់​ផ្ទះ​បើក​សេវា​ផ្ទេរ​ប្រាក់​វី​ង កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ ។ នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បាន​ណាត់គ្នា​ជាមួយ​បក្សពួក បម្រុង​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​មុខកំពូល​-​ស្រុក​ពញាឮ និង​ខេត្តកំពង់ចាម តែ​មិន​បាន​សម្រេច​ត្រូវ​បាន​នគរបាល​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម បង្ក្រាប​ទាន់​ពេលវេលា និង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់​ទៀត កាលពី​រសៀល​ថ្ងៃ​ទី​៧ មីនា នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ ដោយសារ​តែ​មានការ​ដឹកនាំ​បញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​, ព្រៃវែង​, កំពង់ធំ​, ព្រះ​វិហារ​, ស្វាយ​រៀង​, តាកែវ និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង​ដែរ ។

នៅ​រសៀល​ថ្ងៃ​ទី​៧ មីនា ដដែល ជនសង្ស័យ  ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឱ្យ ឃុំខ្លួន​នៅ​ពន្ធនាគា​ខេត្ត​រួច​ហើយ ។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុម​ចោរប្លន់​ទាំង​៨​នាក់​នេះ ជន​ម្នាក់​ត្រូវ​ទទួល​ការ​ចាប់អារម្មណ៍​បំផុត គឺ​ឈ្មោះ ផា​ន់ គឹ​ម​យន់ ហៅ​ក្រៃ​ថោ​ង គឺជា​បុរស​ម្នាក់​ដែល​មាន​មន្ដ​ស្នេហ៍​ទាក់ទាញ​បេះដូង​ស្ដ្រី​ជា​ច្រើន​នាក់ ។ តាម​ប្រភព​មិន​ផ្លូវការ​ខ្លះ​ថា បើ​គិត​ពី​ស្រី​ដែល​ជន​នេះ​យក​ធ្វើ​ជា​កំណាន់​ប្រហែល​ជិត​១០០​នាក់ តែ​មិន​មាន​ប្រភព​ជាក់លាក់​ទេ ។ អ្វី​ដែល​មានការ​កត់សម្គាល់​នោះ គឺ​នៅ​ពេល​ជាប់គុក​ហើយ​នៅ​តែ​ទាក់ទាញ​បាន​បេះដូង​ស្ដ្រី​ជា​អនុរក្ស​ម្នាក់​ក្នុង​គុក​ដែល​មាន​ប្ដី​រួច​ហើយ ក៏​បាន​កំដរ​តណ្ហា​ដល់​ក្រៃ​ថោ​ង​ដែរ ។ ប្រការ​គួរ​ឱ្យ​ចាប់​អារ​ម្ម៍​នោះ គឺ​នៅ​ភ្លៅ​ខាងឆ្វេង​របស់​ក្រៃ​ថោ​ង មាន​សាក់​រូប​ស្រី​ស្អាត​ស្លៀក​តែ​ខោ​លី​អូ ៕