បើ​កូនស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថា​ចុះ​!

​កូន​ខ្លាច «​គេ​ថា​» ពាក្យ​ថា «​គេ​» សំដៅ​ដល់​មនុស្ស​ទាំងឡាយ​ដទៃ​លើ​ផែនដី​ក្រៅពី​កូន​។ សូម្បី​កូន​ប្រាកដ​នៅក្នុង​ចិត្ត​ហើយ​ថា នេះ​ជា​អំពើ​ល្អ​ត្រឹមត្រូវ នៅតែ​កូន​មិន​ក្លាហាន​ដើម្បី​នឹង​ប្រព្រឹត្តធ្វើ ព្រោះ​ខ្លាច «​គេ​ថា​» រឿង «​គេ​ថា​» នេះ វា​ក្លាយទៅជា​របស់​ដែល​គួរ​ខ្លាច​ជាទីបំផុត​ក្នុង​លោក​នេះ​ទៅហើយ​។

​សម្រាប់​កូនស្រី បើ​មាន​សេចក្តី​ប្រកាន់​យ៉ាងនេះ​ក៏​មិនអាច​ធ្វើ​អ្វី​បានឡើយ ព្រោះ «​គេ​» មាន​ច្រើនណាស់​។ ម្នាក់ៗ​មានការ​គិត​ឃើញ​រៀងៗ​ខ្លួន ត្រូវ​គ្នា​ខ្លះ​មិនត្រូវ​គ្នា​ខ្លះ កាល​កូនស្រី​ធ្វើ​នូវ​អ្វីមួយ អ្នកខ្លះ​គេ​ថា​ល្អ អ្នកខ្លះ​ទៀត​គេ​ថា​មិនល្អ ឬ​អាច​គេ​ថា​អាក្រក់​តែម្តង​។ ដូច្នេះ កូនស្រី​ត្រូវតែ​សម្រេច​ថា អាត្មាអញ​គប្បី​ធ្វើ​នូវ​អ្វីដែល​សមគួរ​ដល់​ខ្លួនឯង​ផង ដែល​មិន​ខុសច្បាប់​ផង មិន​ខុសសីលធម៌​ផង មិន​បៀតបៀន​ឲ្យ​អ្នកណា​ក្រហាយ​ផង ហើយ​អាត្មាអញ​សប្បាយចិត្ត​នឹងធ្វើ​ផង ដូច្នេះ​អាត្មាអញ​ត្រូវតែ​ធ្វើ​ដោយ​មិនមាន​កង្វល់​នឹង​ពាក្យ​គេ​ថា​អ្វី​ឡើយ​។ ប៉ុន្តែ​ម៉ែ​សូម​រំលឹក​កូនស្រី ចូរ​កូន​កុំ​ភ្លេច​ផ្ទៀងផ្ទាត់​នូវ​កិច្ចការងារ​នោះ​ឲ្យ​ជាការ​ងារ​ល្អ​ត្រឹមត្រូវ​ពិតប្រាកដ​ផង​។​

​ការរិះគន់​និន្ទា​គ្នាន់ក្នាញ់ ជា​របស់​ធម្មតា​ក្នុង​លោក អ្នកខ្លះ​ប្រើពេល​វេលា​ទំនេរ​ទៅក្នុង​ការអាន​សៀវភៅ អ្នកខ្លះ​រីករាយ​នៅក្នុង​ការលេង​កីឡា អ្នកខ្លះ​ជ្រើស​រើសយក​ការ​និន្ទា​រិះគន់​គ្នាន់ក្នាញ់​ចំពោះ​អ្នកដទៃ មកជា​ការងារ​ធំដុំ​ក្នុង​ជីវិត​។ អ្នក​ដែល​សម្លឹង​ទោស​គេ​ដោយ​អកុសលចិត្ត និយម​និយាយ​រឿង​អាក្រក់​របស់គេ គឺជា​អ្នក​មិនមាន​សេចក្តីចម្រើន​ក្នុង​ជីវិត​ឡើយ ព្រោះ​គិតតែ​នាំយក​រឿង​អាក្រា​ត់​មក​ដាក់​ក្នុង​ខ្លួនឯង​រាល់ថ្ងៃ បី​ដូចជា​ធុងសំរាម​ប្រឡាក់​ប្រឡូក​ទៅដោយ​របស់​ស្មោកគ្រោក ជាការ​សាង​នូវ​គ្រឿង​ដែល​រារាំង​សេចក្តីចម្រើន​ឲ្យ​ដល់​ខ្លួនឯង ជា​អ្នក​បញ្ឆោត​ខ្លួនឯង​ឲ្យ​រីករាយ​ដោយ​សេចក្តី​វង្វេង​ក្នុង​ផ្សែង​នៃ​សេចក្តី​អាក្រក់​។​

​កូនស្រី​ម៉ែ​ត្រូវ​រៀន​ទទួលយក​ការពិត​របស់​ជីវិត កុំ​ចេះតែ​ញាប់​ញ័រ​ទៅតាម​ពាក្យ​គេ​ថា​។ ត្រូវ​រៀន​ឲ្យ​យល់​ពី​ហេតុផល​របស់​ធម្មជាតិ ចាប់យក​ការពិត​នៃ​ជីវិត​មក​សិក្សា​រហូត​បាន​យល់ច្បាស់ ហើយ​រស់នៅ​ដោយ​សេចក្តី​ស្ងប់ចិត្ត​។ ចូរ​កូន​ចាំ​ទុក​ថា «​មិនមាន​ការរស់នៅ​ជាមួយ​អ្វី​ឲ្យ​បាន​សុខ ស្មើនឹង​ការរស់នៅ​ជាមួយ​សេចក្តី​ស្ងប់​ឡើយ​»៕

​ប្រភព​៖ សៀវភៅ​ម៉ែ របស់​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​