ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ សំណុំរឿង​ហិង្សា​ផ្តើម​ចេញពី​គំនុំ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន ធ្វើ​ឱ្យ​ជន​បាតដៃ​ប្រឡាក់​ឈាម​បាន​លប​កាប់​ប្រហារ​លើ​បុរស​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ស្លាប់ ខណៈ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ រហូត​មក​ដល់​ពេល​នេះ ជន​ជា​ឃាតករ​កំពុង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ។

លោក ថន ច​ន្ទ័​ថា ជា​មន្ត្រី​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ និង​ជា​ឪពុក​ជន​រង​គ្រោះ បាន​កាន់​រូបថត​កូន​របស់​គាត់​ចូល​មក​ទីស្នាក់ការ​សាខា​សារព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ និង​បាន​មាន​ប្រសាសន៍​ទាំង​ក្តុកក្តួល​ថា កូន​របស់​គាត់​ដែល​ត្រូវ​ជន​ជា​ឃាតករ​បាតដៃ​ប្រឡាក់​ឈាម​លប​កាប់សម្លាប់​ឈ្មោះ ថន ច័ន្ទ​រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្លូវ​ចូល​រោង​ច​ក្រញូវ​ស៊ី​ន ក្នុង​ក្រុម​៨ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ហេតុការណ៍​កាប់សម្លាប់​កូន​របស់​គាត់ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៥ ដែល​បង្ក​ឡើង​ដោយ​ឃាតករ​ឈ្មោះ សំ ចាន់​ធួន ហៅ​អា​កង ភេទ​ប្រុស អាយុប្រមាណ​៤០​ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​ជិត​គ្នា​ជាមួយ​ជន​រង​គ្រោះ ។

តាម​ការ​រៀបរាប់​របស់​ឪពុក​ជន​រង​គ្រោះ​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនល្មើស​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ ហើយ​បាន​ប្រើ​ពាក្យ​សំដី​ឌឺដង​ក្នុង​ន័យ​ប្រចណ្ឌ​​ប្រពន្ធ​របស់​ខ្លួន​ទៅ​នឹង​ជន​រង​គ្រោះ បាន​ប្រើ​ពាក្យ​សំដី​បែប​ប្រមាថ​ទៅ​លើ​ជន​រង​គ្រោះ ដែល​កំពុង​តែ​អង្គុយ​លេង​នៅផ្ទះ​អ្នក​ជិតខាង​ក្បែរ​គ្នា ពេល​នោះ​ទោះបីជា​ជន​រង​គ្រោះ​បានឮ​សំឡេង​ផ្លែផ្កា​ឌឺដង​លើ​ខ្លួន​យ៉ាងណា ក៏​ជន​រង​គ្រោះ​មិន​តបត​ដែរ ។

មួយសន្ទុះ​ក្រោយមក ព្រោះតែ​ភ្លេច​គិត​ថា នឹង​ឈាន​ដល់​ការ​កាប់សម្លាប់ ព្រោះ​ជន​រង​គ្រោះ​បាន​គិត​ថា រូបគេ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ប្រើ​ពាក្យ​លួច​ទាក់ទង​ជាមួយ​ប្រពន្ធ​របស់​ជន​ដៃដល់​ស្រាប់តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ ជន​ដៃដល់​បាន​លប​មក​ពី​ខាងក្រោយ ហើយ​បាន​ប្រើ​ពូថៅ​កាប់​ប្រហារ​ត្រង់​កញ្ចឹងក បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី ឈាម​ស្រោច​ខ្លួន​សន្លប់​បាត់ស្មារតី និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​មុខរបួស​ធ្ងន់ធ្ងរ​ពេក បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​បាត់បង់​ជីវិត​នៅ​ឯ​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​សព​យក​មក​លំនៅ​ឋាន​វិញ ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ប្រភព​ខាងលើ​បាន​បង្ហើប​ឱ្យ​ដឹង​បន្ត​ទៀត​ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ស្វែងរក​ជនល្មើស ជា​ឃាតករ​បាតដៃ​ប្រឡាក់​ឈាម​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ជាង​កន្លះ​ឆ្នាំទៅ​ហើយ ហាក់បីដូចជា​គ្មាន​ពន្លឺ​ស្ងប់ស្ងាត់​យ៉ាង​ត្រជាក់​ល្ហឹម​តែ​ម្តង ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហាក់បីដូចជា​អស់សង្ឃឹម និង​លែង​មាន​ជំនឿ​ទៅ​លើ​ស្ថាប័ន​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ។ ដោយហេតុ​ថា ក្រោយ​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ អយ្យការ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​កោះហៅ​ជន​រង​គ្រោះ​និង​គ្រួសារ​ជន​ជា​ឃាតករ តំណាង​ដោយ​លោក សម សា​រឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ចូល​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ហើយ​ក៏​ត្រូវ​ស្ងប់ស្ងាត់​ទៅ​វិញ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​តែ​ម្តង ។

លោក ថន ច័ន្ទ​ថា ជា​ឪពុក​ជន​រង​គ្រោះ​បាន​មាន​ប្រសាសន៍​ជា​ចុង​ក្រោយ​ថា លោក​សុំ​សំណូមពរ​ទាំង​ទទូច ដល់​ស្ថាប័ន​អ្នក​អនុវត្ត​ច្បាប់ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ព​ន្លឿ​ន​ស្វែងរក​ដំណោះស្រាយ​ជូន​ដល់​គ្រួសារ​នៃ​សព ឱ្យ​បាន​ឆាប់​ៗ​ផង ដើម្បី​ផ្តល់​បាន​ភាព​យុត្តិធម៌​មួយ​ជូន​ដល់​សព​ជន​រង​គ្រោះ ដើម្បី​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​នៃ​សព ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ស្ងប់ស្ងាត់​នៅ​ឋាន​សុគតិភព ។ ម្យ៉ាងវិញទៀត​លោក​សូម​សំណូមពរ​ដល់​ស្ថាប័ន​សមត្ថកិច្ច​ទាំង​២៥ រាជធានី​ខេត្ត ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ បើ​បានឃើញ​រូបថត​ឃាតករ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​កោះសន្តិភាព សូម​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច ឬ​ទំនាក់ទំនង​មក​ទូរស័ព្ទ​ដែល​មាន​លេខ ០៩៧ ៧៥៦ ១១១១/០១៦ ០៧៦ ៥៥៣/០៩៧ ៩៣៤ ៧៤១៧ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឃាតករ ប្រគល់​ជូន​សមត្ថកិច្ច លោក​ជា​ឪពុក​នៃ​ជន​រង​គ្រោះ​នឹង​ជូន​ជាស​គុណ​នូវ​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ។

ម្យ៉ាងវិញទៀត រូប​លោក​និង​ក្រុម​គ្រួសារ​នៃ​សព សូម​អំពាវនាវ​ដល់​លោក​ជា​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុកអគ្គិសនី​កម្ពុជា មេត្តា​ជួយ​ផ្តល់​ការ​យកចិត្តទុកដាក់​ខ្ពស់ ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ដូច​ជា​រូប​លោក​ជា​ឪពុក​នៃ​សព និង​ក្រុម​គ្រួសារ ដែល​កំពុង​តែ​មាន​ទុក​យ៉ាង​ក្រៀមក្រំ និង​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​លំបាក ទទួល​បាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ ហើយ​ក៏​ដូច​ជា​កំពុង​ជួប​ប្រទះ ការ​លំបាក​នៅ​ក្នុង​ជីវភាព​រស់នៅ ៕