ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​​ជិះ​ម៉ូតូ​​មក​ឈប់​កណ្ដាលផ្លូវ​ស្រែក​រវើរវាយ​ហើយ​ដេក​​ប្រកាច់​​ពេញ​ផ្លូវ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាល​ពី​​វេលា​ម៉ោង​១១​យប់ថ្ងៃ​​ទី​៨ ខែ​មី​​នា ឆ្នាំ​២០១៦ នៅ​​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

បុរស​ដែល​សង្ស័យ​បែក​ថ្នាំ​ឈ្មោះ ថា ​អាយុ​២៥​ឆ្នាំ ​ជា​​បុគ្គលិក​ក្នុង​​ក្លឹ​បមួយ​នៅ​តាម​​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​មាន​ទី​លំនៅ​​ខេត្តកណ្តាល ។
​តាម​សាក្សីនៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​​ឃើញបុរស​​រូប​នេះ​ ​​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌​ទឹកប៊ិក​ ​ធ្វើ​ដំណើរ​តាម​ផ្លូវ២៧១ ទិស​ដៅ​កើត​ទៅ​លិច  លុះ​មក​ដល់​ចំណុច​​ខាង​លើ ​​ស្រាប់តែ​ឈប់​ម៉ូតូរួច​ស្រែក​រវើរវាយ​ដេក​ប្រកាច់​​ពេញ​ផ្លូវ ​ត្រូវ​បាន​អ្នកដំណើរ និង​អ្នក​ជិតខាង​​ចាប់​សែង​មក​ដាក់​លើ​ចិញ្ចើម​ផ្លូវ ​​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​​ ​​ហើយ​រាយការណ៍​​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​មើល និង​​​ចាប់​បញ្ច្រក​ទឹក​​ធ្វើ​ឱ្យ​បុរស​​ម្នាក់នេះ​​​​ស្វាង​បន្តិច ​​ហើយ​ត្រូវ​​​អ្នក​ស្គាល់​គ្នា​ដឹក​តាម​រថយន្ត​ជូន​ទៅ​ផ្ទះ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​បុរស​រូប​នេះ ​ត្រូវ​បាន​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ប្រគល់​​ឱ្យ​​ម្ចាស់​វិញ ​៕