ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​​ឆេះ​ព្រៃ​ងាប់​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​របស់​ក្រុមហ៊ុន​ប៊ូ​យ៉ុ​ង​ខ្មែរ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​កន្លែង​កើតហេតុ​​កាលពី​វេលា​ម៉ោង​៦​​ល្ងាច​​ថ្ងៃ​ទី​៨​ ​មីនា ​នៅ​ក្នុង​ដី​ឡូត៍​ទុក​ចោល​របស់​ក្រុមហ៊ុន​ប៊ូ​យ៉ុ​ង​ខ្មែរ ស្ថិត​នៅ​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

​សាក្សី​នៅ​​​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​អ្នក​រើស​អេ​ត​ចាយ​បាន​ចូល​ទៅ​ដុត​ខ្សែភ្លើង​ដើម្បី​យក​ស្ពាន់​នៅ​ក្នុង​ដី​ឡូត៍​រួច​ហើយ​បាន​ចេញ​មក​វិញ​ដោយ​មិន​បាន​ពន្លត់​រងើកភ្លើងឱ្យ​រ​លត់​អស់​នោះ​ទេ ទើប​បណ្តាលឱ្យ​​រងើកភ្លើង​ដែល​នៅ​សេសសល់​ត្រូវ​ខ្យល់​បក់​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​​​ក្លាយ​ជា​អគ្គិ​ភ័យ​កាន់តែ​ខ្លាំង ហើយ​រាលដាល​ឆេះ​​ស្មៅ​ដែល​ងាប់​ៗនៅ​ជិត​​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ​និង​​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​មើល​កន្លែង​កើតហេតុ​ភ្លើងក៏​​បាន​ស្ងប់ស្ងាត់​​ តែ​នៅ​សល់​រងើក​ ​​សមត្ថកិច្ច​ព្រួយ​ខ្លាច​រងើក​នោះ​​ឆេះ​ម្ដងទៀត ​​ក៏​រាយការណ៍​ទៅ​ខាង​ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​យក​រថយន្ត​ពន្លត់អគ្គិ​ភ័យ​១​គ្រឿង​មក​បាញ់​ពន្លត់​ឱ្យ​រ​លត់​ភ្លើង​ទាំង​ស្រុង​តែ​ម្តង​ ។

សាក្សី​​បាន​បន្ត​ថា ដី​ឡូត៍​​ខាង​លើ​នេះ​ ឧស្សាហ៍​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ច្រើន​ដង​ណាស់​នៅ​ក្នុង​អំឡុង​​រដូវ​ប្រាំង​នេះ​ ៕