សម្តេច ហ៊ុន សែន នឹង​រៀប​ចំ​ជប់​លៀង​ដល់​​អ្នក​កីឡា​ទាំង​អស់​ ថ្ងៃទី​៤ មេសា​

សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​រៀប​ចំ​ពិធី​​ជប់​លៀង​​​ដល់​កីឡាករ​ កីឡា​​ការិនី​ទូទាំង​ប្រទេស​នា​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ផ្តោត​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​២០២៣។

 

សម្តេច ហ៊ុន សែន នឹង​រៀប​ចំ​ជប់​លៀង​ដល់​​អ្នក​កីឡា​ទាំង​អស់​ ថ្ងៃទី​៤ មេសា​ សម្តេច ហ៊ុន សែន ស្វាគមន៍​​អ្នក​កីឡា​ម្សិល​មិញ

 

កាល​ពី​ម្សិល​មិញ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​នៃ​ព្រឹត្តិការណ៍​ Sea Para Games និង​​ក្រុម​​ Cambodia All Stars នៅ​វិមាន​សន្តិភាព​​សម្តេច​តេជោ ហ៊ុន សែន​​បាន​ឲ្យ​​ថា​ សម្តេច​គិត​ថា​ នឹង​​រៀប​ចំ​ពិធី​ជប់​លៀង​ដល់​កីឡាករ​ កីឡា​ការិនី​ទូទំាង​ប្រទេស​នា​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៦។

 

អ្វី​ដែល​កាន់​តែ​ច្បាស់​នោះ​គឺ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មីនា​​នេះ​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​លើ​ Page Facebook ​ផ្លូវ​ការ​របស់​​សម្តេច​ថា​ ៖«នៅ​ថ្ងៃ​ទី​ ៤​មេសា​ ២០១៦​ ខាង​មុខ​នេះ​ សម្តេច​តេជោ​ នឹង​អញ្ជើញ​បង​ប្អូន​កីឡាករ​ កីឡា​ការិនី​ទូទាំង​ប្រទេស​ទទួល​ទាន​អាហារ​រួម​គ្នា​នៅ​កោះ​ពេជ្រ​ ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ​ និង​ភាព​កក់​ក្តៅ​ដល់​បង​ប្អូន​កីឡាករ​ទាំងអស់​ និង​កំណត់​ទិស​ដៅ​សម្រាប់​ពេល​ប្រកួត​កីឡា​ SeaGames 2023 ខាង​មុខ​ផង​ដែរ។ សម្តេច​តេជោ​ តែង​តែ​គាំទ្រ​ និង​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា»។

 

ក្រុម​ Cambodia All Stars ដែល​​​បាន​ជ័យជម្នះ​​លើ​ក្រុម​កំពូល​ថៃ​ទាំង​ពីរ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦​​ទទួល​បាន​ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​​​ពី​រាជរដ្ឋាភិបាល​ចំនួន​សរុប ៤៣២ លានរៀល​​​ក្នុង​នោះ​​១​នាក់​​ទទួល​បាន១២លាន​រៀល​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី ៨ ខែ​មីនា ឆ្នាំ ២០១៦ នេះ​ក្នុង​វិមាន​សន្តិភាព ហើយ​ក្រុម​កីឡាករ​ពិការ និង​កីឡាការិនី​ពិការ​​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ Sea Para Games នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ចុង​ឆ្នាំ​២០១៥​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដែរ៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister