ធ្វើជាសុភាព​បុរសពេក ចុងក្រោយ​មាន​តែនៅម្នាក់ឯង​

បន្ទាប់​ពី​អាន​អត្ថបទ​មនុស្ស​ដែល​ខ្ញុំ​ចងចាំ​មួយ​ របស់​ Sabay ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​របស់​ខ្ញុំ​ព្រោះ​វា​ស្រដៀង​ខ្លាំង​មែន​ទែន។ រឿង​នេះ​ទាក់ទង​នឹង​អតីត​មិត្ត​ស្រី​របស់​ខ្ញុំ​ ដែល​ខ្ញុំ​គិត​ថា​នឹង​គ្មាន​ថ្ងៃ​បែក​គ្នា​ជាមួយ​នាង​ព្រោះ​តែ​ហេតុផល​​នោះ​ឡើយ។

 

ពួក​យើង​ទាក់​ទង​គ្នា​តាំង​ពី​ថ្នាក់​ទី​ ១០ មក​ម្ល៉េះ​រហូត​ដល់​មហាវិទ្យាល័យ​ក៏​យើង​រៀន​ថ្នាក់​ជាមួយ​គ្នា​ដែរ​ព្រោះ​នាង​ដូរ​តាម​ខ្ញុំ​ ទោះ​បី​វា​ជា​ជំនាញ​ដែល​​នាង​មិន​សូវ​ចូល​ចិត្ត​ក៏​ដោយ។ ខ្ញុំ​ក៏​អរគុណ​នាង​ដែល​នាង​​លះបង់​ដើម្បី​ខ្ញុំ​បែប​នេះ​ តែ​ពេល​ខ្លះ​ក៏​ខ្ញុំ​ប្រាប់​នាង​ឱ្យ​ដូរ​រៀន​ជំនាញ​អី​ផ្សេង​ទៅ​ព្រោះ​វា​មិន​ទាន់​យឺត​ពេល​ កុំ​បង្ខំ​ខ្លួន​មក​រៀន​មុខ​វិជ្ជា​ ដែល​ខ្លួន​មិន​ស្រឡាញ់​អញ្ចឹង​អី! តែ​នាង​ប្រាប់​ថា​ បើ​មិន​ឃ្វាង​ខ្ញុំ​គឺ​មិន​បាន​ទេ​ ខ្លាច​ខ្ញុំ​មាន​ថ្មី។ ខ្ញុំ​ក៏​ឈប់​និយាយ​រឿង​នេះ​ទៀត​ព្រោះ​ នាំ​តែ​នាង​គិត​អញ្ចេះ​អញ្ចុះ​ ​​ប្រចណ្ឌ​ខ្ញុំ​ ឱ្យ​តែ​ឈ្លោះ​គ្នា​ឥត​ប្រយោជន៍​ប៉ុណ្ណោះ​។

 

សម្រាប់​មនុស្ស​ដូច​ខ្ញុំ​ ស្រឡាញ់​ទាំង​សៀវភៅ​ស្រឡាញ់​ទាំង​ស្រី​ ពីរ​យ៉ាង​នេះ​ មិន​អាច​អត់​មួយ​ណា​បាន​ទេ។ បើ​ខ្ញុំ​មិន​រៀន​ ថ្ងៃ​ក្រោយ​ទាំង​ខ្ញុំ​និង​ខាង​ស្រី ញ៉ាំ​សៀង​ទាំង​ពីរ​នាក់​ហើយ​! រៀង​រាល់​ថ្ងៃ​ខ្ញុំ​រៀន​វេន​ព្រឹក​ ថ្ងៃ​ត្រង់​ឡើង​ក៏​មិន​ទៅ​ផ្ទះ​ដែរ នៅ​ញ៉ាំ​បាយ​នៅ​សាលា​ ពេល​រសៀល​ន្អាលនឹង​បាន​អាន​សៀវភៅ​នៅ​បណ្ណាល័យ​តែ​ម្ដង។

 

នាង​ក៏​មិន​ទៅ​ផ្ទះ​ដែរ​ នាង​ញ៉ាំ​បាយ​ថ្ងៃ​នៅ​សាលា​ជាមួយ​ខ្ញុំ​ដែរ​ ព្រោះ​ពេល​ថ្ងៃ​នាង​ត្រូវ​រៀន​អាហារូបករណ៍​នៅ​សាកល​មួយ​ទៀត។ ពេល​បាយ​ហើយ​ ខ្ញុំ​នៅ​អង្គុយ​អាន​សៀវភៅ​ នាង​អង្គុយ​ក្បែរ​ចុច​ទូរសព្ទ ថត​រូប​តាម​ចំណង់​ចំណូល​ចិត្ត​របស់​នាង​។

 

ជួន​កាល​ខ្ញុំ​ក៏​មុខ​ក្រញ៉ូវ​ដាក់​នាង​ព្រោះ​នាង​ selfie ​ តែ​ខ្លួន​ឯង​មិន​អស់​ចិត្ត​ នៅ​អូស​ដៃ​ខ្ញុំ​ឱ្យ​សម្លឹង​កាមេរ៉ា​ជាមួយ​ទៀត។ នាង​អន់​ចិត្ត​នៅ​ស្ងៀម​តែ​ ក៏​មិន​ខឹង​ដែរ​ព្រោះ​ដឹង​ថា​ខ្លួន​ខុស​ មាន​អារម្មណ៍​ថា​ខ្ញុំ​សំណាង​ដែរ ដែល​បាន​មនុស្ស​ស្រី​ដូច​នាង​ធ្វើ​ជា​សង្សារ​ ព្រោះ​ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ខ្ញុំ​ខ្លួន​ឯង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ប៉ុន្មាន​ដែរ​ រឿង​រៀន​ផង​ ស្នេហា​ផង​ វា​លម្អៀង​ចឹង​ហើយ។​ តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​គឺ​ដើម្បី​នាង ព្រោះ​នាង​ជា​កូន​អ្នក​ធូរធារ​ បើ​មិន​ប្រឹង​គ្មាន​មុខ​ទៅ​សុំ​កូន​ស្រី​ពី​ឪពុក​ម្ដាយ​នាង​នោះ​ទេ។
យូរ​ៗ​ យើង​បាន​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា​ម្ដង​ តែ​រឿង​មើល​កុន​មិន​ដែល​ទាល់​តែ​សោះ​ព្រោះ​ខ្ញុំ​មិន​មាន​ពេល​គ្រប់​គ្រាន់​ឡើយ។ នាង​ក៏​យល់​ពី​ខ្ញុំ​ដែរ​ ដូច្នេះ​យើង​បាន​ត្រឹម​តែ​ញ៉ាំ​អី​តិចតួច​នៅ​ក្បែរ​សាលា​ល្ងាច​ឡើង​ទៅ​ទទួល​នាង​នៅ​សាកល​មួយ​ទៀត​ ហើយ​ជូន​ទៅ​ផ្ទះ​ ឯ​ខ្ញុំ​ខ្លួន​ឯង​ត្រូវ​ទៅ​បង្រៀន​គេ​ដើម្បី​យក​លុយ​ចាយ​ខ្លះ។

 

​នៅ​ថ្ងៃ​ខួប​កំណើត​នាង ឬ​ថ្ងៃ​ពិសេស​ផ្សេង​ៗ ដូច​ជា​បុណ្យ​ក្ដី​ស្រឡាញ់​ ឬ បុណ្យ​ណូអែល​​អី​ ក៏​ខ្ញុំ​មិន​បាន​ទិញ​ស្អី​ជា​ដុំកំភួន​ឱ្យ​នាង​ដែរ​ ព្រោះ​ខ្ញុំ​មិន​ចេះ​យក​ចិត្ត​ស្រី​ ហើយ​នាង​ក៏​ដឹង​ដែរ​ថា​ខ្ញុំ​មិន​ចេះ​រ៉ូមែនទិក​ តែ​នាង​ទទួល​យក​បាន។ មួយ​វិញ​ទៀត​ ខ្ញុំ​មិន​ចេះ​ខ្សែ​លើ​នាង និយាយ​ឱ្យ​ចំ​មិន​មែន​ព្រាន​នារី ដឹង​ត្រឹម​ថា​តួនាទី​ខ្ញុំ​រាល់​ថ្ងៃ​ ត្រូវ​រៀន​ ញ៉ាំ​បាយ​ថ្ងៃ​ជាមួយ​នាង​ ជូន​នាង​ទៅ​ផ្ទះ និង​ ញ៉ាំ​អី​ជាមួយ​នាង​ពេល​ទំនេរ​​ប៉ុណ្ណោះ។

 

​មួយ​រយៈ​ពេល​ចុង​ក្រោយ​​មុន​បែក​គ្នា​ នាង​ហាក់​ដូច​ជា​ប្លែក​ណាស់​ នាង​លែង​ញ៉ាំ​បាយ​ថ្ងៃ​ជាមួយ​ខ្ញុំ​ហើយ​ នាង​ទៅ​ផ្ទះ​វិញ​ លុះ​ចេញ​ពី​រៀន​សាកល​មួយ​ទៀត​ ក៏​នាង​លែង​ឱ្យ​ខ្ញុំ​ទៅ​ទទួល​ដែរ​ នាង​ថា​នាង​ជិះ​ជាមួយ​មិត្តភ័ក្ដិ​វិញ។ ខ្ញុំ​ក៏​បណ្ដោយ​តាម​ចិត្ត​នាង​ ព្រោះ​ប្រហែល​នាង​គិត​ថា​ខ្ញុំ​រវល់​ហើយ​ ព្រោះ​ការ​ពិត​ខ្ញុំ​រវល់​មែន​ ដោយ​សារ​នេះ​ជា​រដូវ​កាល​ប្រឡង។

 

តែ​ថ្ងៃ​មួយ​ ថ្ងៃ​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​គឺ នាង​បាន​មក​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​ខ្ញុំ​ដូច​កាល​ពី​មុន​ ពេល​កំពុង​មើល​សៀវភៅ​នាង​ថត​រូប​ជាមួយ​ខ្ញុំ​ ហើយ​ចាប់​ផ្ដើម​ស្រក់​ទឹក​ភ្នែក។ ពេល​នោះ​ខ្ញុំ​ស្លន់ស្លោ​ធ្វើ​អ្វី​មិន​ត្រូវ​ ខ្ញុំ​មិន​បាន​គំហក​ដាក់​នាង​ទេ ហេតុ​អី​នាង​យំ?

 

នាង​បាន​ប្រាប់​ខ្ញុំ​ថា​ នាង​សុំ​ទៅ​ផ្ទះ​មុន​ហើយ​ ព្រោះ​មិន​ស្រួល​ខ្លួន​ ខ្ញុំ​ក៏​ទារ​ជូន​នាង​ទៅ​ផ្ទះ​ តែ​នាង​ប្រកែក​ថា​ប៉ា​នាង​មក​ទទួល​ហើយ​ ដូច្នេះ​ខ្ញុំ​ក៏​ជូន​នាង​ដល់​ក្លោង​ទ្វារ​សាលា​ចាំ​ប៉ា​មក​ទទួល (ប៉ា​ម៉ាក់​នាង​ដឹង​ថា​យើង​ទាក់ទង​គ្នា​ តែ​គាត់​មិន​ថា​អ្វី​ទេ)។

 

មួយ​សន្ទុះ​ក្រោយ ​ខ្ញុំ​ក៏​ទូរសព្ទ​ទៅ​នាង​ដើម្បី​ចង់​ដឹង​ថា​ នាង​ទៅ​ដល់​ផ្ទះ​ឬ​នៅ តែ​នាង​មិន​លើក​ហើយ​ផ្ញើ​សារ​មក​ខ្ញុំ​ថា «យើង​បែក​គ្នា​ទៅ!»។ ពេល​នោះ​ខ្ញុំ​មិន​សូវ​ជា​ភ័យ​ប៉ុន្មាន​ទេ ព្រោះ​ចរិត​នាង​ចូល​ចិត្ត​រក​រឿង​ខ្ញុំ​ ដើម្បី​ឱ្យ​ខ្ញុំ​លួង​នាង​រឿង​អី​មួយ​ ដូច្នេះ​ខ្ញុំ​ក៏​តប​​ដូច​រាល់​ដង «បង​សុំ​ទោស!»។

 

នាង​នៅ​តែ​បន្ត​ផ្ញើ​សារ​មក​ថា នាង​ពិត​ជា​ចង់​បែក​ខ្ញុំ​ប្រាកដ​មែន​ មក​ពី​ស្នេហា​ពួក​យើង​សោះ​កក្រោះ​ ខ្ញុំ​មិន​ចេះ​ផ្អែម​ល្ហែម​​ក្នុង​នាម​ជា​សង្សារ​ ទោះ​ខ្ញុំ​ពន្យល់​នាង​​យ៉ាង​ណា​ក៏​យើង​នៅ​តែ​ទាមទារ​បែក​ លែង​តប​សារ​ ទូរសព្ទ​លែង​លើក តែ​សារ​ចុង​ក្រោយ​នាង​នៅ​តែ​និយាយ​ថា​ស្រឡាញ់​ខ្ញុំ។ ខ្ញុំ​មិន​យល់?​ នេះ​ឬ​ចិត្ត​មនុស្ស​ស្រី​? មិន​ផ្អែម​ល្ហែម​ថា​មិន​ផ្អែម​ ដល់​ផ្អែម​ថា​យើង​ព្រាន…

 

 

ធ្វើជាសុភាព​បុរសពេក ចុងក្រោយ​មាន​តែនៅម្នាក់ឯង​

 

ធ្វើជាសុភាព​បុរសពេក ចុងក្រោយ​មាន​តែនៅម្នាក់ឯង​

 

ធ្វើជាសុភាព​បុរសពេក ចុងក្រោយ​មាន​តែនៅម្នាក់ឯង​

 

ធ្វើជាសុភាព​បុរសពេក ចុងក្រោយ​មាន​តែនៅម្នាក់ឯង​

 (សាររវាងសម្បត្តិនឹងមិត្តស្រី)

 

លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​មិន​មាន​អារម្មណ៍​មើល​មេរៀន​ទៀត​ ព្រោះ​នាង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​វង្វេង​ មិន​អាច​បែងចែក​អារម្មណ៍​រៀន​សូត្រ​ និង អារម្មណ៍​ស្នេហា​បាន។ ខ្ញុំ​បាន​ទៅ​អង្គុយ​រង់ចាំ​នាង​នៅ​មុខ​សាកល​ថ្មី​ តែ​មិន​ឃើញ​នាង​តែ​បាន​ឃើញ​មិត្តភ័ក្ដិ​របស់​នាង​ខ្ញុំ​ក៏​ស្ទាក់​សួរ។

 

ម្នាក់​នោះ​ប្រាប់​ខ្ញុំ​ថា បើ​នាង​ជា​សង្សារ​ខ្ញុំ​ក៏​នាង​ធ្វើ​បែប​នេះ​ដែរ! «សម្បត្តិ​ឯង​​មិន​ដែល​ខ្វល់​ពី​នាង​ទេ​ មើល​ទៅ​វា​ឥត​ន័យ​មែន​ហ្នឹង!»។ នេះ​ជា​ការ​លើក​ឡើង​​របស់​ម្នាក់​ស្រី​នោះ។

 

ពេល​នោះ​ខ្ញុំ​ធ្វើ​អី​មិន​ចេញ​ពិត​មែន​ ល្ងាច​ឡើង​ក៏​មិន​បាន​ទៅ​បង្រៀន​គេ​ដែរ ព្រោះ​តែ​នាង​ ខ្ញុំ​បាន​ជិះ​ទៅ​ផ្ទះ​នាង ក៏​បាន​ជួប​ម៉ាក់​នាង​ តែ​គាត់​ថា​កូន​គាត់​មិន​ចង់​ជួប​ខ្ញុំ​ទេ គាត់​ឱ្យ​ខ្ញុំ​គោរព​ការ​សម្រេច​ចិត្ត​កូន​គាត់​ ហើយ​ឈប់​រំខាន​នាង​ ដោយ​គាត់​បាន​បោះ​ពាក្យ​ថា កូន​គាត់​ស្រឡាញ់​ខ្ញុំ​ គាត់​មិន​ហាម​ តែ​បើ​កូន​គាត់​ឈប់​ស្រឡាញ់​ខ្ញុំ​ក៏​គាត់​មិន​ជួយ​ផ្សះផ្សា​ដែរ។

 

ចាប់​ពី​ពេល​នោះ​មក​នាង​ Block ទាំង Facebook និង​លេខ​ខ្ញុំ​ចោល ហើយ​បាន​ដូរ​ទៅ​រៀន​សាកល​ផ្សេង​ពី​ខ្ញុំ​ដោយ​សុខ​ចិត្ត​ខាត​មួយ​ឆ្នាំ​ ឱ្យ​តែ​គេច​​ពី​ខ្ញុំ​បាន។ នេះ​បើ​តាម​សួរ​មិត្តភ័ក្ដិ​នាង។ រឿង​​នេះ​ មិត្តភ័ក្ដិ​ទាំង​អស់​ដាក់​កំហុស​លើ​ខ្ញុំ​ថា ខ្ញុំ​មិន​ចេះ​បែង​ចែក​ពេល​វេលា​ វក់​រៀន​ជ្រុល បើ​ចឹង​ដដែល​ចាំ​បាច់​យក​សង្សារ​នាំ​ខូច​ចិត្ត​កូន​ក្រមុំ​គេ​ធ្វើ​អី?

 

ដឹង! ខ្ញុំ​ដឹង​ ថា​ខ្ញុំ​សោះ​កក្រោះ​! តែ​ពេល​រៀន​ ចាំ​បាច់​ទៅ​ធ្វើ​អ្វី​ឱ្យ​ហួស​ពី​ហ្នឹង​ពេក​ធ្វើ​អី​? ហេតុ​អ្វី​មនុស្ស​ទាំង​ពីរ​នាក់​មិន​ប្រឹង​ជាមួយ​គ្នា​ដើម្បី​អនាគត​ យើង​មាន​ពេល​ផ្អែមល្ហែម​ជាមួយ​​គ្នា​យ៉ាង​សប្បាយ​ចិត្ត? ទោះ​ជា​យល់​បែប​នេះ​ក៏​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​មាន​ចំណែក​ខុស​ដែរ បើ​ខ្ញុំ​ចេះ​រ៉ូមែនទិក​ជាង​នេះ​ប្រហែល​មិន​មាន​រឿង​បែប​នេះ​ទេ។

 

នាង​ថា​ស្រឡាញ់​ខ្ញុំ នាង​​ថា​ចង់​ទុក​ពេល​ឱ្យ​ខ្ញុំ​អាន​សៀវភៅ​ឱ្យ​អស់​ចិត្ត​អស់​ចង់​ តែ​នាង​មិន​ដឹង​ទេ​បើ​គ្មាន​អ្នក​អង្គុយ​ថត selfie ក្បែរ​ខ្ញុំ​ពេល​អាន​សៀវភៅ​ ក៏​ខ្ញុំ​អាន​មិន​​ចូល​ដែរ។ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​ទៅ​នាង​គឺ​ «បើ​អូន​គ្មាន​អ្នក​ថ្មី​ទេ ហើយ​នៅ​តែ​ស្រឡាញ់​បង​​សូម​ត្រឡប់​មក​រក​បង​វិញ​មក​ តែ​បើ​អូន​ពិត​ជា​ចង់​នៅ​ឆ្ងាយ​ពី​បង​ ឬ​ ចង់​ទុក​ឱកាស​ឱ្យ​បង​ខំ​រៀន​ បង​នឹង​ខំ​រៀន​ដើម្បី​​អនាគត​យើង​។ បង​មិន​ដឹង​ថា​បង​ត្រូវ​រៀន​យូរ​ប៉ុណ្ណា​ទេ ចប់​​បរិញ្ញាបត្រ ចប់​អនុបណ្ឌិត​ ឬ បណ្ឌិត​ តែ​បង​ជឿ​ថា​អូន​នឹង​ចាំ​បង​​ដល់​ថ្ងៃ​បង​រឹង​មាំ​​ធ្វើ​ជា​ស្វាមី​ដ៏​មាន​ទំនួល​ខុស​ត្រូវ​​របស់​​អូន​បាន!»៕

 

អានអត្ថបទ មនុស្សដែលខ្ញុំចងចាំទាំងអស់

ចុចអាន៖ សុំ​បែក​ព្រោះ​តែ​បេះ​ដូង​នេះ​អស់​ក្ដី​ស្រឡាញ់​ហើយ

 

អត្ថបទ៖ សម្បត្តិ
រូបថត៖ ផ្ដល់​ឱ្យ​ ​​​

 

មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើអត្ថបទមកកាន់ e-mail: [email protected]

[email protected]ទមកកាន់ ០១០ ៧០០ ៧២៧