អាជ្ញាធរ​​​រារាំង​ក្រុម​សកម្មជន​មិន​​​ឲ្យ​​​ជិះកង់​ប្រារព្ធទិវានារី​អន្តរជាតិ​

សកម្ម​​​ជន​​​ជាង​​​២០០នាក់​​​ ដែល​​​ព្យាយាម​​​​​ជិះ​​​កង់​​​ចេញ​​​ពី​​​​​​ក្រសួង​​​កិច្ច​​​ការនារី​​​ឆ្ពោះទៅ​​​រដ្ឋ​​​សភា​​​ក្នុង​​​រាជធានីភ្នំពេញ​​​ ដើម្បី​​​ប្រារព្ធ​​ទិវា​​​នារីអន្តរជាតិ ត្រូវ​​​បាន​​​អាជ្ញាធរ​​​ធ្វើការ​ឡោម​ព័ទ្ធ​​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​មិញ បន្ទាប់​​​ពី​​​ជិះ​​​​​​មិន​​បាន​​​​១០០ម៉ែត្រ​​​ផង​​​។

ក្រោយ​​​ម៉ោង​​​៨​​​ព្រឹក​​​​​​បន្តិច សកម្ម​​​ជន​​​ដែល​​​​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​ មន្ត្រី​​​សហជីព កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ និង​​​បុគ្គលិក​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​ចេញ​​​ដំណើរ​​​ពី​​​មុខ​​​អគារ​​​ក្រសួង​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ដោយ​មាន​គម្រោង​ជិះ​​​ចម្ងាយ​​​៩​​​គីឡូម៉ែត្រ​​​ទៅ​​​កាន់​​​អគារ​​​​រដ្ឋសភា​​​ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​បញ្ឈប់​​​​ការ​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​​​​។

ក្រុម​​​អ្នក​​​ចូល​​​រួម​​​ជិះ​​​កង់​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ ដើម្បី​​​ប្រារព្ធ​​​ទិវានារីអន្តរជាតិ​​​ ជួប​​​ជុំ​​គ្នា​​​នៅមុខ​​​ក្រសួង​​​កិច្ច​​​ការ​​​នារីថ្មី​​​​​​ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

ក្រុម​​​អ្នក​​​ចូល​​​រួម​​​ជិះ​​​កង់​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ ដើម្បី​​​ប្រារព្ធ​​​ទិវានារីអន្តរជាតិ​​​ ជួប​​​ជុំ​​គ្នា​​​នៅមុខ​​​ក្រសួង​​​កិច្ច​​​ការ​​​នារីថ្មី​​​​​​ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

ប៉ុន្តែ ពួក​​​គទើប​​​តែ​​​​​​ចាប់​​​ផ្តើមប៉ុណ្ណោះ​​​ ក៏​​​​​​ស្រាប់​​​តែ​​​ត្រូវ​បាន​ឡោម​ព័ទ្ធដោយ​​​​សន្តិសុខ​​​ នគរ​​​បាល​​​ខណ្ឌ​​​ និង​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថជាង​៦០នាក់​ដោយ​​​​មាន​​​ជំនួយ​​​ពី​​​រថយន្ត​​​ដឹក​​​ដី​​​ធំៗ​​​១០​​​គ្រឿង​​​ ដែល​​​​​​បាន​​​បិទ​​​គន្លង​​​ផ្លូវ​​​ទាំង​​​ពីរ​​​នៃ​​​ផ្លូវ​​​ទ្រុង​​​មាន់​​​តែ​​​ម្តង។

អ្នក​​​ជិះ​​​កង់​​​ទាំ​​ង​​​អស់​​​ត្រូវ​​​បាន​ឡោម​ព័ទ្ធ​នៅ​​​កំណាត់​​​ផ្លូវ​​​ប្រវែង​​​២៥០​​​ម៉ែត្រ​​​រយៈ​​​ពេល​​​ជិត​​​៣​​​ម៉ោង​​​ ដោយ​​​មាន​​​ការ​​​ប៉ះទង្គិច​​​គ្នា​​​បន្តិច​​​បន្តួច​​​នៅ​​​ពេល​​​ក្រុម​​​សកម្ម​​​ជន​​​បាន​​​ព្យាយាម​​​ចាក​​​ចេញ​ ហើយ​​​​​​ទី​​​បំផុត​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចេញដំណើរ​​​​នៅ​​​​​​ម៉ោង​​​ប្រហែល​​​១១​​​ថ្ងៃ​​​ត្រង់​​​។

អ្នក​​​ស្រី​​​ ជឹម ចាន់នាង​​​  អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​ CEDAW ជាអង្គការមិនមែន​រដ្ឋាភិបាល​​​​ផ្នែក​​​​សិទ្ធិ​​​ស្ត្រី​​​ដែល​​​បាន​​​ជួយ​​​រៀប​​​ចំ​​​ព្រឹត្តិ​ការណ៍​​​​​ជិះ​​​កង់​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា ក្រុម​​​សកម្ម​ជន​​​ទទួល​​​បាន​​​ការ​​​ព្រមាន​​​ពី​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដែល​​​​លើក​​​ឡើង​​​ថា គេ​​​នឹង​​​អនុញ្ញាត​​​ចំពោះ​​​តែ​​​ព្រឹត្តិការណ៍​​​នៅ​​​មួយ​​​កន្លែង​​​​​​នៅ​​​មុខ​​​ក្រសួង​​​ប៉ុណ្ណោះ ប៉ុន្តែ ពួក​​​គាត់​​​បាន​​​សម្រេច​​​បន្ត​​​ដំណើរ​​​ទៅមុខ​តាម​​​ផែនការ​របស់ខ្លួន។

អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​បាន​​​ធ្វើ​​​ដំណើរ​​​ចាក​​​ចេញ​​​ពី​​​ខេត្ត​​​នានា​​​មក​​​ចូល​​​រួម​​​រួច​​​ហើយ ដូច្នេះហើយ​យើង​​​បាន​​​សម្រេច​​​បន្ត​​​តាម​​​ផែនការ​​​” ដោយ​​​អ្នក​​​ស្រី​​​ពន្យល់​​​ថា ​អ្នក​​​រៀប​​​ចំ​​​បាន​​​សម្រេច​​​មិន​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋ​​​សភា​​​ទេ​​​ ប៉ុន្តែ សម្រេច​ធ្វើ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ខាង​​​​​​ក្រៅ​​​ជំនួស​​​វិញ​​​។

អ្នក​​​ស្រី​​​​​លើកឡើង​​​​ថា “យើង​​​គ្មាន​​​​គម្រោង​​​​​រារាំង​​​​ និង​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​​ចរាចរណ៍​​​ដោយ​​​ការ​​​ចែក​​​ផ្កា​​​ឡើយ​​​… ដូច្នេះ​​​ហើយ​​​យើ​​​ងមិន​​​​​​គិត​​​ថា វា​​​​​​ជា​​​បញ្ហានោះ​​​​ទេ”។

លោក ឡុង​​​ ឌីម៉ង់​​​ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​ធានី​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ហាម​​​​​​មិន​​​ឲ្យ​​​មានការ​​​ជិះ​​​កង់​​​គឺ​​​ជាការ​ចាំ​​​បាច់​​​​​ដើម្បី​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ និង​ទុក​ផ្លូវ​ឱ្យ​នៅ​ទូលាយ​ ហើយ​​​បាន​​​សួរ​​​ពី​​​មូល​​​ហេតុ​​​ដែល​​​ក្រុម​​​​សកម្ម​​​ជន​​​ចាំ​​​បាច់​​​ត្រូវ​​​ជិះ​​​កង់​​​កាត់​​​រាជធានី​។

លោក​​​បាន​​​ថ្លែង​​​ថា “ពួកគេ​​​អាច​​ប្រារព្ធទិវា​​​នេះ​​​នៅ​​​កា​​​​រិយាល័យ​​​របស់​​​ខ្លួន​​​បាន​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​ចាំ​​​បាច់​​​ជិះ​​​កង់សម្រាប់​ការ​​​​ប្រារព្ធ​​​នេះ​​​​​​?។ ​មនុស្ស​​​គ្រប់​​​រូប​​​​មិន​​​អាច​​​ជិះ​​កង់​​​បាន​​​ទេ ព្រោះ​​​វា​​​នឹង​​​បង្ក​​​​​អ​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ។

លោក​​​ ម៉ា សុភាព អភិបាល​​​រង​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អនុញ្ញាត​​​ឲ្យ​អ្នក​​​​​​ជិះ​​​កង់​​​បន្ត​​​ដំណើរទៅមុខ​​​​ នឹង​បាន​បញ្ជូន​​​​សា​រ​​​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​អាច​​​រៀបចំ​​​ការ​​​ជួប​​​ជុំ​​​បែប​​​នេះ​​​​​​តាម​​​ពួក​​​គាត់​​​ចង់​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”សាលា​​​រាជធានី​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់​​​ប្រារព្ធ​​​ទិវានេះ​​​នៅ​​​មុខ​​​ក្រសួង​​​តែ​​​ប៉ុណ្ណោះ​​​។ ដូច្នេះ​​ ​​​ប្រសិន​​​បើ​​​ពួក​​​គាត់​​​ទទូច​​​ទាម​​​ទារ​​​ជិះ​​​កង់​​​ រឿង​​​អ្វី​​​ដែល​​​​​​យើង​​​​​​មិន​​​ឃាត់​​​ពួក​​​គាត់​​​​មុន​​​ពេល​​​ពួក​​​គាត់​បង្ក​​​ការ​​​​​​កក​​​ស្ទះ​​​ចរាចរណ៍?”។

អ្នក​​​ស្រី ជួប​​​ ស្រីណុច សកម្ម​​​ជន​​​មក​​​ពី​​​បណ្តាញ​​​យុវជនកម្ពុជា​​​បាន​​​និយាយ​​​ថា អ្នក​ស្រី​​​​​បាន​​​ចូល​​​រួម​​​ការ​​​ជិះ​​​កង់​​​នេះ​​​ ព្រោះ​​​វា​​​ហាក់​​​ដូច​​​ជា​​​វិធី​​​មួយ​​​ដ៏​​​សប្បាយ​​​រីករាយ​​​ក្នុង​​​ការ​​​ទាក់​​​ទាញ​​​ចំណាប់​​​អារម្មណ៍​​​ចំពោះ​​បុព្វ​​​ហេតុ​​​សំខាន់​​​។

អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា ”ខ្ញុំ​​​ចង់​​​ជិះ​​​កង់​​​របស់​​​ខ្ញុំ​​​ដើម្បី​​​ប្រារព្ធ​​​ទិវាពិសេស​​​នេះ​​​ ព្រោះ​​​ដើម្បី​ភាព​រីករាយ​​​ ហើយ​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​សាធារណ​​ជន​​​យល់​​​ដឹង​​​បន្ថែម​​​ទៀត​​​អំពី​​​ស្ថាន​​​ភាព​​​ដែល​​​ស្ត្រី​​​ប្រឈម​​​​​នៅក្នុង​​​ប្រទេស​​​របស់​​​យើង​​​​​​។ ​​​ខ្ញុំ​​​មើល​​​ឃើញ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា មិន​​​ទាន់​​​មាន​​​ការ​​​ខិត​ខំ​ប្រឹង​​​ប្រែង​​​អនុវត្ត​​​សិទ្ធិ​​​ស្ត្រី​​​នៅ​​​ឡើយ​​​ទេ”​​​៕សារុន​​​​​​​

 

The post អាជ្ញាធរ​​​រារាំង​ក្រុម​សកម្មជន​មិន​​​ឲ្យ​​​ជិះកង់​ប្រារព្ធទិវានារី​អន្តរជាតិ​ appeared first on ខេមបូឌា ដេលី.