អភិបាល​ខេត្ត​មួយ​ចំនួន​គ្រោង​នឹង​ចូលនិវត្ត​ ហើយ​ដាក់​ជំនួស​ដោយ​មន្ត្រី​វ័យ​ក្មេង​នៅ​ដើម​ឆ្នាំ​ក្រោយ

យោង​តាម​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ​អភិបាល​ខេត្ត​​ប្រាំពីរ​រូប​​នឹង​ត្រូវ​​ចូល​និវត្ត​ ហើយ​​​ជំនួស​ដោយ​មន្ត្រី​វ័យក្មេង​នៅ​​​​ដើម​ឆ្នាំ​ក្រោយ​នេះ​ គឺឱ្យ​ទាន់ពេល​​សម្រាប់​​​​ការ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដែល​គេ​រំពឹង​ទុក​ខ្ពស់​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​​មាន​ប្រសាសន៍​ថា ​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ​នេះ​ត្រូវ​បាន​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ។

លោក​ សក់ សេដ្ឋា បាន​​​ថ្លែង​ថា “​គាត់​បាន​ត្រៀម​​​​មន្ត្រី​​ថ្មី​រួច​ហើយ ដើម្បី​ដាក់​ជំនួស​អភិ​​​បាល​ខេត្ត​​​មួយ​ចំនួន​ដែល​នឹង​ចូល​និវត្ត​។ ​ពួក​​​គាត់​​នឹង​​ចាប់​​​ផ្តើម​ចូល​និវត្ត​នៅ​ខែ​មេសា ឬ​ខែ​ឧសភា​ឆ្នាំ​នេះ ហើយ​​ថា​​​នឹង​​បន្តរហូត​​​ដល់​​​ដើម​ឆ្នាំ​២០១៧”។

លោក​បាន​ថ្លែង​ថា ​អភិបាល​ខេត្ត​ដែល​គ្រោង​​​ដាក់​ជំនួស​មកពី​ខេត្ត​កំពង់ធំ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រះវិហារ និង​ខេត្ត​បន្ទាយមានជ័យ។

លោក សក់ សេដ្ឋា ​​អះអាង​ថា អភិបាល​ខេត្តទាំងនេះ​​​​នឹង​ត្រូវ​ដាក់​ជំនួស​ ព្រោះ​ពួក​គាត់​​ឈាន​​ដល់​អាយុ​៦០​ឆ្នាំ​ជា​​​អាយុ​​​ដែល​​​​​​មន្ត្រី​រាជការ​​តម្រូវ​ឲ្យ​ចូល​និវត្ត​។ លោក​បាន​ថ្លែង​ថា គ្មាន​ហេតុផល​ផ្សេង​ដែល​យើង​​​ផ្លាស់​​​​ប្ដូរ​អភិបាល​ខេត្ត​មួយ​ចំនួន​ឡើយ”។

លោក អ៊ូ សំអឿន អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​​ពី​កាល​បរិច្ឆេទ​ចូល​និវត្ត​ពិត​ប្រាកដ​របស់​លោក​ឡើយ ប៉ុន្តែ​លោក​ដឹង​ថា លោក​ជិត​បញ្ចប់​អាណត្តិ​​របស់លោក​ក្នុង​ការ​ដឹកនាំ​​ខេត្ត​នេះ​ហើយ។            លោក​បាន​មាន​ប្រសាសន៍​ថា ”​ខ្ញុំ​គ្រោង​ចូល​និវត្ត​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​លិខិត​ផ្លូវ​ការ​​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ”។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​​បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​ជាមេភូមិ​​ និង​មន្ត្រី​​​មូលដ្ឋាន​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ក៏ដោយ ក៏​ចំណាត់​ការ​នេះមួយ​​ផ្នែក​​​ផ្តោត​​​​លើ​​​បំណង​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បាញ់​ឆ្ពោះ​ទៅ​រកការ​ពង្រីក​​ប្លុក​អ្នក​បោះ​ឆ្នោត​​​​វ័យក្មេង​នៅក្នុង​ប្រទេស​ដែរ។

លោក អ៊ូ វីរៈ បាន​ថ្លែង​ថា “​ឥឡូវ​នេះ​វា​ហាក់​ដូច​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះ​ដូរ​អ៊ីចឹង…​ហើយធ្វើឡើង​ជាមួយ​យុវជន​​កាន់​តែ​ច្រើន”។ លោក​បាន​​​បន្ថែមថា “​គេ​នៅ​តែ​​មើល​ឃើញ​​​​អ្នក​​​ដែល​នឹង​ដាក់​ជំនួស​ពួកគាត់ ប៉ុន្តែ​ប្រសិន​​​​បើ​ដោយ​​​សារ​​​តែ​​​ហេតុ​​​ផល ពួកគាត់​នឹង​ត្រូវ​ចូល​និវត្ត​​​​មែន​​​នោះ​​​ អ៊ីចឹង​​​​អ្នក​ដែល​នឹង​មក​ជំនួស​ពួកគាត់​​​គឺ​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ពួក​​​គាត់”​​​។

លោក​លើក​ឡើង​ថា “​វា​អាច​ថា អភិបាល​ខេត្ត​វ័យ​ក្មេង​ទាំង​នេះ​នឹង​អាច​មាន​ឥទ្ធិពល​ច្រើន​ជាមួយ​យុវជន​ ជាមួយ​អ្នក​បោះ​ឆ្នោត​​វ័យ​ក្មេង​”៕ សារុន

The post អភិបាល​ខេត្ត​មួយ​ចំនួន​គ្រោង​នឹង​ចូលនិវត្ត​ ហើយ​ដាក់​ជំនួស​ដោយ​មន្ត្រី​វ័យ​ក្មេង​នៅ​ដើម​ឆ្នាំ​ក្រោយ appeared first on ខេមបូឌា ដេលី.