ប្រេសិតទទួល បន្ទុកនុយក្លេអ៊ែរ កូរ៉េខាងត្បូង នឹងទៅទស្សន កិច្ចអាមេរិក ថ្ងៃព្រហស្បតិ៍

សេអ៊ូល៖ ប្រភពពី ក្រសួងការបរទេស កូរ៉េខាងត្បូងបានឲ្យដឹងថា ប្រេសិតកំពូល ទទួលបន្ទុកនុយ ក្លេអ៊ែរ កូរ៉េខាងត្បូង នឹងបំពេញ ដំណើរទស្សនកិច្ច ចំនួន ៣ថ្ងៃ ទៅកាន់ សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា ជាមួយសមភាគី អាមេរិកពាក់ព័ន្ធនឹង ការអនុវត្តន៍ទណ្ឌកម្ម ដែលបានដាក់ ដោយក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ លើប្រទេស កូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះដោយដកស្រង់ សម្ដីអ្នកនាំពាក្យ ក្រសួង បន្ដទៀតថា នៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃសុក្រខាងមុខ លោក គឹមហុង យុន អ្នកតំណាង ពិសេស សម្រាប់សន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ គ្រោងនឹងជួបពិភាក្សា ជាមួយលោក ស៊ឹងគីម តំណាងពិសេស សម្រាប់គោលនយោបាយ កូរ៉េខាងជើង។

កិច្ចពិភាក្សាគ្នា រវាងអ្នកការទូតទាំងពីរ ត្រូវបានគេរំពឹងថា នឹងផ្តោតលើស្ថានភាព តានតឹងនៅលើ ឧបទ្វីបកូរ៉េ និងការបង្កហេតុ កូរ៉េខាងជើង ក្នុងពេលខាងមុខទៀត ដោយសារតែ កូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរ ជាលើកទី៤ កាលពីថ្ងៃទី០៦ ខែមករា និងបាញ់គ្រាប់រ៉ុក្កែត រយៈចម្ងាយឆ្ងាយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ដោយការប្រើ បច្ចេកវិទ្យា មីស៊ីលឆ្លងទ្វីប ដែល ត្រូវបានហាមឃាត់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើង១ថ្ងៃ ក្រោយពីកងទ័ព កូរ៉េខាងត្បូង និងអាមេរិកធ្វើ សមយុទ្ធ យោធារួមគ្នា ទ្រង់ទ្រាយធំបំផុត កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយកូរ៉េខាងជើង បានគំរាមប្រយុទ្ធ ស្លាប់រស់ ដោយប្រើ អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអាមេរិក និងកូរ៉េខាងត្បូង៕

ប្រេសិតទទួល បន្ទុកនុយក្លេអ៊ែរ កូរ៉េខាងត្បូង នឹងទៅទស្សន កិច្ចអាមេរិក ថ្ងៃព្រហស្បតិ៍