គីមជុងអ៊ុន៖ កូរ៉េខាងជើងផលិត ក្បាលគ្រាប់ នុយក្លេអ៊ែរតូចៗ ដែលអាចបំពាក់ ជាមួយមីស៊ីល Ballistic

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញមកអះអាងថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួន បានផលិតបាន ជោគជ័យនូវក្បាល គ្រាប់អាវុធ នុយក្លេអ៊ែរតូចៗ ដែលមានលទ្ធភាព បំពាក់ទៅនឹងគ្រាប់ មីស៊ីល Ballistic បានយ៉ាងងាយ។

ប្រភពព័ត៍មាន ដែលបានចេញផ្សាយដោយ BBC នៅថ្ងៃនេះបានបញ្ជាក់ថា សារព័ត៍មានរដ្ឋ របស់កូរ៉េខាងជើង ធ្លាប់បានប្រកាសហើយថា កូរ៉េខាងជើងអាច ផលិតក្បាលគ្រាប់ នុយក្លេអ៊ែរតូចៗ នៅមុនពេលដែល លោកគីមបានចេញ មកនិយាយផ្ទាល់បែបនេះ។

សារព័ត៍មានរបស់រដ្ឋ KCNA បានដកស្រង់សម្តី របស់លោកគីមថា ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានគេផលិត ឡើងនិងតម្រូវ ទៅនឹងគ្រាប់មីស៊ីល Ballistic ហើយដោយបន្ថែមទៀតថា វាជាអាវុធនុយក្លេអ៊ែរ មួយដ៏គួរឲ្យខ្លាចញញើត។

វាហាក់បីដូចជា ការឆ្លើយតបថ្មី មួយទៅកាន់ទណ្ឌកម្ម របស់យូអិនដែលបាន សម្រេចដាក់ទោសកូរ៉េ ខាងជើងកាលពីអាទិត្យមុន។ កូរ៉េខាងជើងនៅ តែបន្តគំរាមកំហែង នូវក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ មុនពេលសមយុទ្ធ យោធាទ្រង់ទ្រាយធំ របស់អាមេរិក និងកូរ៉េខាងត្បូង ហើយស្របពេល ដែលលោកគីម បានចេញមកថ្លែង ពីគ្រាប់ក្បាលនុយក្លេអ៊ែរ ដែលទើបនឹង បានផលិតផងនោះ៕