ទឹក​ស្ងប់​កុំ​ថា​អត់​ត្រី លោក កឹ​ម សុខា ៖ មិន​ធ្វើ​តាម​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ចង់​បំបែកបំបាក់

ទឹក​ស្ងប់​កុំ​ថា​អត់​ត្រី លោក កឹ​ម សុខា ៖ មិន​ធ្វើ​តាម​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ចង់​បំបែកបំបាក់

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ប្រកាស​គោល​ជំហរ​ថា លោក​មិន​ធ្វើ​តាម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ចង់​បំបែកបំបាក់​ជាតិ​ឡើយ ។ ការ​ប្រកាស​ជំហរ​របស់​លោក​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី «​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​ថ្នាក់​ជាតិ និង​ចលនា​យុវជន​រាជធានី​ភ្នំពេញ​» នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៦ ។

លោក កឹ​ម សុខា បញ្ជាក់​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា «​ខ្ញុំ​បាន​កោតសរសើរ និង​អរគុណ​ដល់​យុវជន​ទាំងអស់ ជា​ពិសេស​យុវជន​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើការ​លះបង់​ដ៏​អង់អាច​ក្លាហាន ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​គណបក្ស​សង្គ្រោះ​ជាតិ ។ ខ្ញុំ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជំនួប​នេះ​គឺ ខ្ញុំ​មាន​គោលបំណង​ចង់​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ អំពី «​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ដើម្បី​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទៅ​ពិចារណា ។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​តាម​យុវជន​សង្គ្រោះ​ជាតិ​ឲ្យ​ខ្ញុំ​ធ្វើ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​តាម​អ្នក​បំបែកបំបាក់​ជាតិ​ឲ្យ​ខ្ញុំ​ធ្វើ​នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​សុខា បាន សំណូមពរ​ឲ្យ​យុវជន​សង្គ្រោះ​ជាតិ​ទាំងអស់ បន្ដ​ការ​តស៊ូ ដោយ​អត់ធ្មត់​ព្យាយាម ដោយ​អហិង្សា តទៅ​ទៀត ដើម្បី​សម្រេច​បាន​គោលដៅ​របស់​យើង​គឺ «​សង្គ្រោះ​ជាតិ​» ។

គួរ​បញ្ជាក់​ថា កាលពី​ថ្មី​ៗ​មកនេះ ដោយ​មានការ​បែកធ្លាយ​រឿងអាស្រូវ​ជា​ខ្សែអាត់​សម្លេង​ស្នេហា ដែល​តាម​សំឡេង​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ទៅ​លើ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហោះ​ចេញពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​រឿង​ពិត CNRP ក៏​មាន​និស្សិត​មួយ​ក្រុម​បាន​ធ្វើការ​ស្នើ​សុំ​ឲ្យ​លោក​កឹ​ម សុខា ធ្វើការ​បំភ្លឺ​ចំពោះ​សម្លេង​តាម​ខ្សែអាត់​នេះ ប៉ុន្តែ​លោក​មិន​បាន​ធ្វើការ​បំភ្លឺ​នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត ក្រុម​និស្សិត​នៅ​បន្ត​ស្នើ​សុំ​ឲ្យ​មានការ​បំភ្លឺ រហូត​ដល់​មានការ​ប៉ះទង្គិច​សម្ដី​គ្នា​ជាមួយ​សកម្មជន​គណបក្ស នៅ​ក្នុង​វេទិកាសាធារណៈ​របស់​លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​៦ ខែមីនា​ផង​ដែរ​។ ពួក​គេ​និយាយ​ថា ពួក​គេ​ក៏​ជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ។

មុន​នេះ​លោក កឹ​ម សុខា ក៏​បាន​ប្រកាស​យក​គោលការណ៍ «​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​» ស្រប​ពេល​ដែល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយ​ចំនួន​បន្ត​ផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង ដែល​ខ្លះ​សង្ស័យ​និង​ខ្លះ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹ​ម សុខា មានការ​ទាក់ទង​ផ្លូវភេទ​ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់ ។

មន្ត្រី​សង្គម​ស៊ី​វិល​ខ្លះ​យល់​ថា នេះ​គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​ទុក​ពេលវេលា​ធ្វើ​កិច្ចការ​ល្អ​ៗ​វិញ​សម្រាប់​សង្គម​កម្ពុជា ហើយ​អ្នកនយោបាយ​ពុំគួរ​យក​កិត្តិយស​ស្ត្រី​ខ្មែរ ដើម្បី​ផល​ចំណេញ​នយោបាយ​ឬ​បុគ្គល​នោះ​ទេ ។

លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ដូច្នេះ អ្វី​ដែល​យើង​ត្រូវធ្វើ​តទៅ​មុខ​ទៀត​នោះ គឺ​យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​តែ​ប៉ុណ្ណោះ ។ យើង​មិន​ត្រូវធ្វើ​តាម​អារម្មណ៍​ឬ​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឱ្យ​យើង​លោត​នោះ​ទេ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​តទៅ​ទៀត ដូចដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង​» ។

ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ស្រប​ពេល​ដែល​មានការ​ចោទ​ថា លោក​មានការ​ទាក់ទង​ផ្លូវភេទ​ជាមួយ​និង​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​មានឈ្មោះ​ថា «​ស្រី​មុំ​» ។ ខ្សែអាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​ពិត​របស់​លោក កឹ​ម សុខា និង​ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ទើប​បង្កើត​ថ្មី មានឈ្មោះ​ថា «Mon Srey» នា​ដើម​ស​ប្តា​ហ៍​នេះ ។ ហ្វេ​ស​ប៊ុ​ក​ដែល​អះអាង​ថា ខ្លួន​មានឈ្មោះ «Mon Srey» មានការ​ទាក់ទង​ផ្លូវភេទ​នឹង​លោក កឹ​ម សុខា បាន​បង្ហោះ​ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់​។ ខ្សែអាត់​សំឡេង​ច្រើន​ផ្សេង​ទៀត រួម​ទាំង​អត្ថបទ​សន្ទនា​ក៏​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្សេង​ទៀត ដែល​មានឈ្មោះ​ថា «​រឿង​ពិត CNRP» និង​ត្រូវ​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន និង​ទូរទស្សន៍​ក្នុងស្រុក​ផង​ដែរ ។

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេ​ន​ឌ័​រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​ស្ត្រី​ដើម្បី​ផលប្រយោជន៍​បុគ្គល ជា​ពិសេស​គឺ​នៅ​លើ​ឆាកនយោបាយ​កម្ពុជា ។ នេះ​បើ​តាម​ការ​ដកស្រង់​សម្តី​ដោយ​វិទ្យុ​ផ្សាយ​ជា​ខេមរៈភាសា​កាលពី​ស​ប្តា​ស៍​មុន ។ ការ​ដកស្រង់​បន្ត <<​ខ្ញុំ​គិត​ថា​អ្នក​ទាំងអស់ អ្នក​ពាណិជ្ជកម្ម ជា​ពិសេស​អ្នក​ដែល​មាន​អំណាច អ្នកនយោបាយ​ធំ​ៗ​អ្វី​ជាដើម​ហ្នឹង គឺ​មិន​ត្រូវ​យក​ស្ត្រី​ហ្នឹង​យក​ទៅ​ឡូ​កឡំ​ពាក់ព័ន្ធ​នឹង​កិត្តិនាម​របស់​គាត់​នោះ​ទេ ព្រោះ​រឿង​មួយ​ជា​រឿង​ឯកជន វា​ជា​រឿង​មួយ​ផ្សេង​របស់​គេ ។ ក៏​ប៉ុន្តែ​បើ​ថា​បុគ្គល​ដែល​មានការ​រំលោភ​ទៅ​លើ​ច្បាប់ ទៅ​លើ​ការ​ធ្វើបាប ស្ត្រី​អីហ្នឹង ជា​រឿង​ផ្សេង​មួយទៀត​>> ។

ស្រ​ដៀង​គ្នា​នោះ​ដែរ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៣ មិន​ប៉ុន្មាន​ខែ​មុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចេញ​មុខ​អះអាង ថា​ខ្លួន​ជា​ស្ត្រី​កំណាន់​របស់​លោក កឹ​ម សុខា ។ ស្ត្រី​រូប​នោះ​និង​ម្តាយ​បាន​ចេញ​មុខ​ធ្វើការ​តវ៉ា នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​លោក កឹ​ម សុខា ទទួលខុសត្រូវ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​និង​កូន ។ យ៉ាងណា​ក៏​ដោយ​ការ​ទាមទារ​នេះ បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​ការ​បោះ​ឆ្នោត ។

ក្រុម​អ្នកវិភាគ​យល់​ថា រឿងអាស្រូវ​ផ្លូវភេទ កាលណា​កើត​មាន​មែន រួម​ជាមួយ «​ដេញ​ទាន់​ជាន់កែង​» នោះ​ប្រាកដជា​មាន​ភាព​អៀនខ្មាស់​មិន​ខាន ។ ដោយសារ​ការ​អៀនខ្មាស់​នេះ​ហើយ គ្មាន​អ្វី​ប្រសើរ​ជាង​ស្ងៀម​ឡើយ​។ យូរ​ៗ​ទៅ​ស្ងាត់​វិញ​ជា​មិន​ខាន ។ សម្រាប់​សា​ម៉ី​ខ្លួន​ដែល​មិន​ឆ្លើយ​អាច​ជា​ការ​ត្រូវ​ម្យា​៉​ង​ដែរ ប៉ុន្តែ​ឃើញ​ទឹក​ស្ងប់​កុំ​ថា​អត់​មាន​ត្រី ។

វិទ្យុ​បរទេស​មួយ​ផ្សាយ​ជា​ខេមរភាសា​ម្សិលមិញ​នេះ​បាន​ថ្លែង​ថា ការ​មាន​ប្រពន្ធ​២-៣​វា​ខុស​នឹង​ច្បាប់​ឯក​ព័ន្ធ​ភាព ហើយ​វា​ក៏​ជា​រឿង​អ​សីលធម៌​ខ្លាំង​ណាស់ ។ គេ​និន្ទា គេ​ជេរ គេ​ស្តីឱ្យ​ព្រោះ​វា​ជា​គំរូ​អាក្រក់​សម្រាប់​មនុស្សជាតិ​ក្នុង​សង្គម ។ ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​សរសើរ​ប្រុស​មាន​ប្រពន្ធ​ច្រើន​ទេ ។ បើ​រស់នៅ​ក្នុងភូមិ​គេ​ស្អប់ គេ​ខ្ពើម រហូត​ដល់​ធ្វើ​ឱ្យ​ខូច​ពូជ ខូច​អម្បូរ​ទៀត​ផង ៕