ផេ​ក «​រឿង​ពិត CNRP» ព្រមាន​លោក អេ​ង ឆៃ​អ៊ា​ង​ឱ្យ​ដកខ្លួន​ចេញពី​លោក កឹ​ម សុខា ដែល​មានរឿង​អាស្រូវ

ផេ​ក «​រឿង​ពិត CNRP» ព្រមាន​លោក អេ​ង ឆៃ​អ៊ា​ង​ឱ្យ​ដកខ្លួន​ចេញពី​លោក កឹ​ម សុខា ដែល​មានរឿង​អាស្រូវ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​រឿង​ពិត​CNRP បាន​បញ្ចេញ​រឿងអាស្រូវ​ដែល​ផ្ដោត​តែ​ទៅ​លើ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​វគ្គ​មក ផេ​កមួយ​នេះ​បាន​ធ្វើការ​ព្រមាន​ចំពោះ​លោ​កអេង ឆៃ​អ៊ា​ង សមាជិក​សភា CNRP មណ្ឌល​កណ្តាល និង​ជា​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដើរ​ចេញពី​លោក កឹ​ម សុខា ។

ទាក់ទិន​ករណី​នេះ លោ​កអេង ឆៃ​អ៊ា​ង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្តាល​កូតា​ពី​គណបក្ស​សម រ​ង្ស៊ី និង​ជា​អគ្គ​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កថា កាលពី​ព្រលប់​នេះ​(​ថ្ងៃ
ទី​៧-៣-២០១៦) លោក​មាន​កិត្តិយស​ដោយ​បាន​ទទួល​លិខិត​ព្រមាន​មួយ​ច្បាប់​ដែល​ពួក​គេ​យក​មក​ដល់​គេហដ្ឋាន​របស់​លោក ។ យ៉ាងណា​ក្តី​លោក អេ​ង ឆៃ​អ៊ា​ង មិន​ទាន់​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ទទួល​លិខិត​អនាមិក​មួយ​ដែល​គ្រាន់តែ​ដាក់​ឈ្មោះ​ថា ពី​ខ្ញុំ​រឿង​ពិត​CNRP និង​បាន​ប្រើប្រាស់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមាន​លោក​នោះ​ទេ ។

លិខិត​ឈ្មោះ​រឿង​ពិត CNRP ដែល​ផ្ញើ​ទៅ​កាន់​លោក អេ​ង ឆៃ​អ៊ា​ង បាន​សរសេរ​ចំនួន​៥​ចំណុច​៖
១-​សូម​អាន និង​ស្តាប់​រឿងអាស្រូវ​របស់​លោក​ផ្ទាល់
២-​សូមកុំ​ព្រហើន និង​ត្រូវ​ឈប់​ព្រហើន​តទៅ​ទៀត​ក្នុង​ការ​និយាយ​ជា​សាធារណៈ និង​ជាមួយ​អ្នកកាសែត
៣-​ត្រូវ​ដកខ្លួន​ឲ្យ​ផុត​ពី កឹ​ម សុខា ក្នុង​រឿងអាស្រូវ​ដ៏​ច្រើន​លើសលប់​នេះ
៤-​ត្រូវ​ឈប់​ជា​បន្ទាន់​ក្នុង​ការ​ចេញ​មក​និយាយ​ជួយ​ការពារ និង​បិទ​បាំង​រឿងអាស្រូវ​របស់ កឹ​ម សុខា ជា​ពិសេស​ការ​និយាយ​បង្វែង​រឿងអាស្រូវ​ពិតប្រាកដ​របស់ កឹ​ម សុខា ទៅ​ជា​រឿង​ផ្សេង​ដោយ​ទុក​ឲ្យ កឹ​ម សុខា ទទួលខុសត្រូវ​ម្នាក់ឯង​ចុះ
៥-​មិន​ស្តាប់ និង​មិន​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ទាំង​៤​ចំណុច​ខាងលើ​ទេ រឿងអាស្រូវ​ផ្ទាល់​របស់​លោក​ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ឮ​ពេញ​ស្រុក​ខ្មែរ និង​ពេញ​ពិភពលោក​តាម Facebook  និង Webpage របស់ខ្ញុំ​ដូច​រឿងអាស្រូវ​របស់​កឹ​ម សុខា ដែរ ៕