សម្ដេចតេជោ ជំរុញឲ្យរួមគ្នាទប់ស្កាត់ ករណីរំលោភ និងសម្លាប់ក្មេងស្រី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានបង្ហាញក្តីបារម្ភ និងជំរុញឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់ រួមគ្នាទប់ស្កាត់ ករណីរំលោភ និងសម្លាប់ក្មេងស្រី ករណីនេះកើតឡើង ដោយសារតែការធ្លាក់ចុះ នូវសីលធម៌សង្គម។

ការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែន បែបនេះបានធ្វើឡើង ក្នុងទិវាអន្តរជាតិនារី ខួបលើកទី១០៥ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP។

សម្តេចតេជោបានថ្លែងថា " អំពើហិង្សាលើស្ត្រី និងក្មេងស្រីពិសេស ការរំលោភ ហើយសម្លាប់ ដែលភាគច្រើនប្រព្រឹត្ត ដោយក្រុមយុវជនដែល បញ្ហាទាំងនេះ មានទំនាក់ទំនង ទៅនឹងការធ្លាក់   ចុះនៃសីលធម៌សង្គម, កង្វះការយល់ដឹង អំពីតម្លៃរបស់ស្ត្រី, ការរើសអើងចំពោះស្រី និងភាពភ្លើតភ្លើនទៅតាម សម្ភារៈនិយម, ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម ទំនើបខុសទិសដៅ ទន្ទឹមនឹងបញ្ហាគ្រឿងញៀន, ល្បែង ស៊ីសង ក៏នៅតែបន្តកើតមាននៅឡើយ" ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បង្ហាញ ថាករណីចាប់រំលោភក្នុងឆ្នាំ ២០១៥បានកើនឡើង ១២ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៤។ ការចាប់រំលោភ កើតឡើងចំនួន២៥៣ ករណីនៅក្នុងឆ្នាំ២០១៥ បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមាន ២២៦ករណីប៉ុណ្ណោះ ចំពោះករណីរំលោភ សម្លាប់បានធ្លាក់ចុះពី៦ ករណីមកនៅត្រឹម៤ ករណី៕