បទល្មើសនេសាទ កំពុងកើតមានយ៉ាងពេញបន្ទុក ក្នុងបឹងទន្លេសាប ស្ថិតនៅ ឃុំរាំងទិល ស្រុកកណ្ដៀង

ពោធិ៍សាត់៖ បទល្មើសនេសាទប្រភេទអួន បាននឹងកំពុងកើតមានយ៉ាងពេញបន្ទុក នៅក្នុងភូមិសាស្ត្រផ្ទៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយគ្មានសមត្ថកិច្ចណាមួយ ចុះបង្ក្រាបនោះឡើយ។

បើតាមសេចក្ដីរាយការណ៍មកពីភូមិសាស្ត្រឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា មានក្រុមឈ្មួញល្មើសប្រើឧបករណ៍ប្រភេទអួននេះ ចំនួន ០៨នាក់ ១-ឈ្មោះ ហេង ថាំង ២-ឈ្មោះ យ៉ យ៉ាំងធិន ៣-ឈ្មោះ វ៉ាង យ៉ាំងតេវ ៤-ឈ្មោះ វ៉ាង យ៉ាំងយ៉ាង ៥-ឈ្មោះ ឡេ យ៉ាំងដាំង ៦-ឈ្មោះ ឡេ យ៉ាំងដៀង ៧-ឈ្មោះ ឌិន យ៉ាំងថេង និង៨-ឈ្មោះ លី ករ ឈ្មួញទាំង ០៨នាក់នេះ បានប្រើឧបករណ៍ប្រភេទអួន ចាប់ត្រីចម្រុះគ្រប់ប្រភេទនៅពេលថ្ងៃ ក្នុងភូមិសាស្ត្រឃុំរាំងទិលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ទៀតថា ឈ្មួញទាំង ៨នាក់ខាងលើនេះ គឺគេបានត្រូវរូវជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងសមត្ថកិច្ចជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដែលឈរជើងនៅដែនបឹងទន្លេសាប។

ពាក់ព័ន្ធនឹងបទល្មើសប្រភេទអួននេះ អភិបាលស្រុកកណ្ដៀង ក៏បានមានប្រសាសន៍តាមទូរស័ព្ទ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គឺពិតជាមានមែន នៅក្នុងទឹកដីរបស់លោក ហើយលោកអភិបាលស្រុកក៏បានបន្ថែមទៀតថា ចំពោះបទល្មើសនេសាទទាំងនេះលោកមិនជាប់ពាក់ព័ន្ធអ្វីបន្ដិចនោះឡើយ មានតែលោកប្រជុំដាក់ផែនការ ក្នុងគណៈបញ្ជាការឯកភាពស្រុក ឱ្យមន្ត្រីពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបឱ្យខានតែបាន ។

ជាមួយគ្នានេះ អនុប្រធានប៉ុស្ដិ៍រដ្ឋបាល រាំងទិលម្នាក់ ក៏ត្រូវបានប្រជានេសាទរិះគន់ថា ជាអ្នកសកម្ម ក្នុងការយកលុយពីបទល្មើសនេសាទនានា នៅក្នុងដែនរបស់គេផងដែរ៕