សុខភាព &raquo សុខភាព

សុខភាព​មាត់​ធ្មេញ​គឺជា​ចំណែក​យ៉ាង​សំខាន់​មួយ​ដែល​គេ​មិន​គួរ​មើល​រំលង ។ ចូរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ទន្តពេទ្យ​នៅ​ពេល​លោក​អ្នកមាន​រោគ​សញ្ញា​៥​ចំណុច​ដូច​ខាងក្រោម ៖

១-​ដំបៅ​រលាក​ដែល​មិន​ព្រម​ជា​សះស្បើយ​ទៅ​វិញ ៖ ប្រសិនជា​លោក​អ្នក​ដំបៅ​មាត់ មាន​ដុំ​ពក ពណ៌​ក្រហម ឬ​ពណ៌​ស្លេក​នៅ​លើ​អណ្តាត ថ្ពាល់​ឬ​តាម​អញ្ចាញ​រយៈពេល​ពី​រស​ប្តា​ហ៍​មិន​ព្រម​ជា​សះស្បើយ ចូរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដ្បិត​វា​អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​ជំងឺមហារីក​មាត់ ។ ការ​ពិនិត្យ​រោគវិនិច្ឆ័យ​ទាន់​ពេល​គឺ​អាច​មានឱកាស​ច្រើន​ក្នុង​ការ​ជា​សះស្បើយ​។ បុគ្គល​គ្រប់​រូប​គប្បី​ឧស្សាហ៍​ឆ្លុះកញ្ចក់​មើល​ក្នុង​មាត់​របស់​ខ្លួន​ឱ្យ​បាន​ទៀងទាត់​និង​ហ្មត់ចត់ ។

២-​មានការ​ឈឺចាប់​និង​ហើម​ដោយ​មិនដឹង​មូលហេតុ ៖ ប្រ​សិន​ក្នុង​មាត់​លោក​អ្នក​ឈឺចាប់​ខ្លាំង​និង​មាន​កម្សួល​ក្លិន​ដែល​មាន​រយៈពេល​ដល់​ទៅ​២​ថ្ងៃ ចូរ​កុំ​ព្រងើយ​កន្តើយ។ វា​អាច​ជា​រោគ​សញ្ញា​ពុក​ធ្មេញ ជំងឺ​អញ្ចាញ ឆ្លង​រោគ ឬ​ប្រេះ​ធ្មេញ ។ បើ​ទុក​មិន​ព្យាបាល បញ្ហា​ទាំងនេះ​អាច​អាក្រក់​ខ្លាំង​ឡើង និង​ឈាន​ទៅ​ជ្រុះ​ធ្មេញ ។ ចូរ​កុំ​ពន្យារពេល​ពិសេស នៅ​ពេល​រោគ​សញ្ញា​ទាំងនេះ​រំខាន​ដល់​ដំណេក​ពេល​យប់ ។

៣-​មាត់​មាន​ក្លិនស្អុយ​ឬ​ធំក្លិន​មាត់ ៖ មាន​ពេល​ខ្លះ មាត់​មាន​ក្លិនស្អុយ​គឺ​អាច​បណ្តាល​មក​ពី​អាហារ​ទទួលទាន​ជា​ពិសេស​គឺ​ពពួក​ខ្ទឹម ។ ប៉ុន្តែ រឿង​មួយទៀត​គឺ​អាច​មក​ពី​អនាម័យ​មាត់​ធ្មេញ​នៅ​មាន​កម្រិត ។ ទោះជា​យ៉ាងនេះ​ក្តី ខ្យល់​ដង្ហើម​មិនល្អ​គឺ​អាច​ជា​បញ្ហា​ដែល​បណ្តាល​មក​ពី​ជំងឺ​អញ្ចាញ ការ​រលាក​សួត​ឬ​បំពង់ក រោគ​ពុក​ធ្មេញ​... ។
តាម​ធម្មតា បុគ្គល​មួយ​ចំនួន​ពុំ​ដឹង​សោះឡើយ​ថា ខ្លួន​មាន​ក្លិន​មាត់ ។ គេ​អាច​ដឹង​បាន​តាម​រយៈ​ដៃគូ​សន្ទនា ។

៤-​ជ្រុះ​ធ្មេញ ៖ ពិត​ណាស់ ការ​ជ្រុះ​ធ្មេញ​គឺជា​បញ្ហា​ធម្មតា នៅ​ពេល​លោក​អ្នកមាន​អាយុ​៦​ឆ្នាំ ។ ប៉ុន្តែ ការ​ជ្រុះ​ក្នុង​វ័យ​៤៦​ឆ្នាំ​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ។ វា​អាច​ជា​រោគ​សញ្ញា​ទី​១​នៃ​ជំងឺ​អញ្ចាញ ។ យ៉ាងនេះ​ក្តី ម្តងម្កាល ការ​ជ្រុះ​ធ្មេញ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​មាត់ ។ ចំណែក​ការ​ប៉ះទង្គិច​ដោយ​ចៃដន្យ​ក៏​អាច​ធ្វើ​ឱ្យ​ជ្រុះ​ធ្មេញ​បាន​ដែរ ។ គេ​គួរ​ដឹង​ថា ការ​ជ្រុះ​ធ្មេញ​មិនមែន​ជា​រឿង​សាមញ្ញ​សម្រាប់​មនុស្ស​ធំ​ឡើយ ។ ដូច្នេះ​កើត​មាន​បញ្ហា​នេះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ។

៥-​ការ​ដុះ​ថ្គាម​ផ្ទាល់ ៖ ប្រ​សិន​មិន​មាន​កន្លែង​គ្រប់គ្រាន់ ថ្គាមទាល់​អាច​នឹង​ដុះ​ខុស​ជួរ ។ វា​ជា​បញ្ហា​សាមញ្ញ​ដែល​គ្មាន​រោគ​សញ្ញា ។ ប៉ុន្តែ ជួនកាល​ធ្មេញ​ដែល​ដុះ​ខុស​ជួរ​អាច​បណ្តាល​ឱ្យ​ហើម​ប៉ោង​សាច់​ជា​ធ្មេញ​ទន់ ។ ចូរ​ប្រយ័ត្ន​នឹង​ធ្មេញ​ប្រភេទ​នេះ ដ្បិត​វា​អាច​នឹង​បណ្តាល​ឱ្យ​មាន​បញ្ហា​ច្រើន​យ៉ាង​ដល់​សុខភាព ។ ដូច្នេះ​កើត​មាន​ករណី​បែប​នេះ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ៕