ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ដាក់​គោលនយោបាយ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ ។ ក្នុង​នោះ​ទីផ្សារ​អង្ករ​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន និង​សហភាព​អឺរ៉ុប ។ ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ កម្ពុជា​មិន​បាន​សម្រេច​តាម​គោលនយោបាយ​របស់​ខ្លួន​ទេ គឺ​ធ្វើការ​នាំ​ចេញ​បាន​ប្រមាណ​ជាង​៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា កម្ពុជា​មានកា​រវិ​វត្ត និង​ទទួល​បាន​លទ្ធផល​យ៉ាងច្រើន​លើ​ផ្នែក​ស្ថិរភាព​កសិកម្ម ។

ដោយឡែក កាលពី​ថ្ងៃ​ទី​៧ មីនា កន្លង​ទៅ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Cong Hongxia អគ្គលេខាធិការ​រង និង​ជា​អគ្គនាយក​សាលាខេត្ត Jilin នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិភាក្សា​ការងារ​អំពី​គម្រោង​វិនិយោគ​ប្រកបដោយ​សក្ដានុពល​នានា​នៅកម្ពុជា ។

ក្នុង​នោះ លោកស្រី​Cong Hongxia បាន​ជម្រាប​ជូន​អំពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ស្វែង​យល់​អំពី​ឱកាស​វិនិយោគ​ពាណិជ្ជកម្ម និង​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត Jilin ប្រទេស​ចិន ដោយ​ចាប់អារម្មណ៍​ជា​ពិសេស​ចំពោះ​វិស័យ​កសិកម្ម និង​ផ្តោត​សំខាន់​លើ​ស្រូវ​អង្ករ ចាប់ពី​ផលិតកម្ម​ស្រូវ​រហូត​ដល់​ការ​កសាង​ឃ្លាំង​ស្តុក និង​ការ​កិនស្រូវ​ដើម្បី​នាំ​ចេញ ។

លោក​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គណៈប្រតិភូ​ដែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា ។ ទន្ទឹម​នឹង​នេះ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​គណៈប្រតិភូ​ដាក់​ពាក្យ​ស្នើ​សុំ​គម្រោង​របស់​ខ្លួន​មក​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​បាន​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច ។

ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ​ដែរ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​គ្រោង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ ដែល​បាន​និង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៩ មីនា នេះ ។

សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​គន្លឹះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង ។

តាម​រយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ ។ អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​សំខាន់​ៗ​តំណាង​មក​ពី​ខាង​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ និង​សហគមន៍​កសិករ នឹង​អញ្ជើញ​ចូលរួម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ។

លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើការ​ជាមួយ​សមាជិក និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រសួង​ស្ថាប័ន រាជរដ្ឋាភិបាល ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ដែល​ជា​វិស័យ​មួយ​ដ៏​មាន​សក្តានុពល និង​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ ជា​ពិសេស​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជា​កសិករ​ខ្មែរ​និង​សន្តិសុខ​ស្បៀង » ។

ជុំវិញ​វិស័យ​ស្រូវ​អង្ករ​កម្ពុ​ជាមួយ​រយៈពេល​ចុង​ក្រោយ​នេះ ហាក់ដូចជា​មាន​បញ្ហា​ច្រើន ជា​ពិសេស គឺ​ឈ្មួញ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង ដែល​ជា​កង្វល់​ដ៏​ធំ​របស់​អ្នក​ក្រុមហ៊ុននាំចេញ​អង្ករ និង​បណ្ដា​ក្រុមហ៊ុន​ម៉ាស៊ីនកិនស្រូវ​នានា​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​អង្ករ​នេះ ។

ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ លោក​ឧកញ៉ា គឹ​ម សា​វុ​ធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វ៊ូ​ត បាន​ឲ្យ​ដឹង​ថា ៖ « ប្រសិនបើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង​នោះ​ទេ ច្បាស់​ណាស់​ថា រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា នឹង​ត្រូវ​បិទទ្វារ​ជាក់​ជា​មិន​ខាន » ៕