ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​​ធានី​ភ្នំពេញ ៖ ​ចោរ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​ជ័រ​​ធ្វើ​សកម្មភាព​ភ្ជង់ ​និង​វាយ​ប្លន់​យុវជន​២​នាក់​យក​ម៉ូតូ​មួយ​គ្រឿង​ តែ​មិន​បាន​សម្រេច ​ប្លន់​​បាន​តែ​ទូរស័ព្ទ​ដៃ គ្រឿង​អលង្ការ និង​លុយ​មួយ​ចំនួន​ប៉ុណ្ណោះ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ​មីនា ​នៅ​តាម​បណ្តោយ​ផ្លូវ​R6 ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​​ឈ្មោះ សា ថា​វ៉ា​រី ​អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្សី​កែវ មានស្រុក​កំណើត ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​​ឈ្មោះ ច្រុ​ន លែ​ន ​អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល គ្មាន​លេខ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​ជា​អ្នកលក់​អា​គុយ មានស្រុក​កំណើត​នៅភូមិ​កំពែង ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ​។

​​ជន​រង​គ្រោះ​ទាំង​២​នាក់​បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ ពួក​គេ​​ចេញ​មក​ពី​ផឹកស៊ី​នៅផ្ទះ​ជួល​របស់​ខ្លួន​នៅ​ម្តុំ​អង់​តែ​ន​ទួល​គោក​រហូត​ដល់​ម៉ោង​កើតហេតុ​ ពួក​គេ​ទាំង​២​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌ខ្មៅ ស៊េរី​​ឆ្នាំ​២០១៤ ​​បំណង​ទៅ​យក​មិត្ត​ភក្តិ​​ម្នាក់​ទៀត​នៅ​ម្តុំ​ជ្រោយចង្វារ​មក​ផឹកស៊ី​ជាមួយ​គ្នា​បន្ត​ទៀត ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​មាន​ជន​​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Today ព​ណ៌ក្រហម មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ និង​កាំភ្លើងខ្លី​ជ័រ ​​ជិះ​មក​កាក់​ពីមុខ​ម៉ូតូ​ហៅ​ឱ្យ​​ឈប់​រួច​​ក៏​ដក​កាំភ្លើងជ័រ​ភ្ជង់​វាយ​ប្លន់​យក​ម៉ូតូ ​ប៉ុន្តែ​ពួក​គេ​ទាំង​២នាក់​​ក៏​តដៃ​​ប្រវាយ​ប្រតប់​ មិន​ព្រម​ឲ្យ​ម៉ូតូ​ទៅ​ក្រុម​ចោរ​នោះ​​ទេ​ ក៏​ត្រូវ​ក្រុម​ចោរ​​វាយ​មួយ​ស្វាយ​កាំភ្លើង​យក​​បាន​ទូរស័ព្ទ គ្រឿងអលង្ការ និង​លុយ​អស់​មួយ​ចំនួន ​ខណៈនោះ​ពួក​គាត់​​ក៏​ចាក់​សោ.ក​ម៉ូតូ​​បោះ​កូនសោចោល​​ រួច​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឱ្យ​​ក្រុម​ចោរ​ភ័យ​ស្លន់​ស្លោ​​ជិះ​​ម៉ូតូ​រត់​​​​គេចខ្លួន​បាត់​​​ទៅ​ ។

​ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​