ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖ ​មេដឹកនំាគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស​បានបន្តរិះគន់រាជរដ្ឋាភិបាល​ ពិសេសលើគោលនយោបាយ​កសិកម្ម ដោយថា គោលដៅ​របស់​រដ្ឋាភិបាល​ គឺចង់នាំអង្ករចេញ​ទៅលក់ក្រៅប្រទេសចំនួន​មួយលានតោនក្នុងមួយឆ្នាំ ​តែគោលដៅនេះមិនបានសម្រេចទេ ។

ផ្ទុយទៅវិញ ​ប្រទេសកម្ពុជាកាលពីឆ្នាំទៅ​ (ឆ្នាំ២០១៥) បាននាំអង្ករ​ចូល ​ប្រមាណមួយលានតោនពីប្រទេសជិតខាង​ ។ ទន្ទឹមនឹងគ្រួសារកសិករអ្នកធ្វើស្រែ ​សហគ្រាសកិនស្រូវនិងនាំអង្ករចេញ ក៏ទទួលការបង់ខាតរាល់ឆ្នាំដែរ ​ហើយមិនអាចដំណើរការបែបនេះ​តទៅទៀតបានឡើយ ។

បើតាមលោក សម រង្ស៊ី ​ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook)​ ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ ​យើងត្រូវបង្កើនផលិតភាព ​(productivity) កសិកម្មនៅស្រុកយើង ដើម្បីធានាសមត្ថភាព​ប្រកួតប្រជែង (competitiveness)​ របស់កសិករយើង ​ដោយ​អនុវត្តន៍វិធានការ ​៧ ចំណុចដែលលោកបានដាក់បង្ហាញ​កាលពីថ្ងៃ១៧ ខែមករា ឆ្នាំ ២០១៦។

មកដល់ព្រឹកថ្ងៃទី០៩​ មីនានេះ​ មិនទាន់មានប្រតិកម្មតប​ភ្លាមៗនៅឡើយទេពីមន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ តំណាងសមាគមស្រូវអង្ករកម្ពុជា ៕