Zenit សម្លឹង​រក​ការ​ស្រោច​ស្រង់​ពេលជួបក្រុម Benfica នៅ​រាត្រី​នេះ

ក្រុម Zenit St Petersburg ​នឹង​សម្លឹង​រក​ការ​​ស្រោច​ស្រង់មួយ នៅ​ពេល​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Benfica ក្នុង​ប្រទេស​រុស្ស៊ី ក្រោយ​​ក្រុម​របស់​ព័រ​ទុយ​ហ្គាល់មួយនេះ បាន​ធ្វើ​ការ​នាំ​មុខ ១-០ ពី​ការ​ប្រកួត​ជើង​ទី​មួយ​។

benfic-zanitBenfica ទើប​តែ​បាន​​ជួប​ភាព​រីក​រាយ​ពី​ការ​ផ្តួលក្រុម​ស្ថិត​ក្នុង​ទីក្រុង Lisbon គឺ Sporting ក្នុង​លទ្ធ​ផល ១-០ កាល​ពី​ចុង​សប្តាហ៍​មុន និង​បាន​ផ្តួល​ក្រុម​រុស្ស៊ី​ក្នុង​វគ្គ​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ លោក​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់ Andre Villas-Boas របស់ Zenit សង្ឃឹម​ថា ក្រុម​របស់​លកោ​អាច​ត្រឡប់​លទ្ធ​ផល​​ក្នុង​ការ​ប្រកួត​នេះ​។ លោក Villas-Boas បាន​ឲ្យ​ដឹង​ថា៖ «យើង​ជឿ​ជាក់​ថា យើង​អាច​​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​សំខាន់​ជាច្រើន​។ ការ​ឈាន​ទៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​​នៃ​ក្រប​ខ័ណ្ឌ Champions League គឺ​ជាក្តី​​សុបិន​របស់​យើង​។ វា​នឹង​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​​ដ៏​សំខាន់​មួយ​សម្រាប់​កីឡា​បាល់​ទាត់​រុស្ស៊ី​»​​។ ក្រុម Zenit នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ​​ដោយការមិន​ស្គាល់​ចាញ់​សោះ​ពីការ​ប្រកួតក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​​ពួកគេ ខណៈ​ដែលក្រុម Benfica បាន​ទទួល​ជ័យ​ជម្នះ​៤លើក​ជាប់​​ៗ​គ្នា​ពីការ​ប្រកួត​ទាំង​៤លើក​ចុង​ក្រោយ​របស់​ពួក​​គេ​។ ​ប្រកួត​រវាង Zenit និង Benfica នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១២រំ​លង​អ​ធ្រាត្រ៕

ការ​​ជួប​គ្នា​បីលើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

17.02.16 Benfica 1-0 Zenit Petersburg
27.11.14 Zenit Petersburg 1-0 Benfica
17.09.14 Benfica 0-2 Zenit Petersburg