(Video Highlights) Schuerrle ជួយ​ឲ្យ Wolfsburg ទៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ​នៃ Champions League

ខ្សែ​បម្រើ​ប្រយុទ្ធ Andre Schuerrle បាន​ជួយ​ឲ្យក្រុម Wolfsburg ឈាន​ទៅ​​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្នុង​វគ្គ​៨​​ក្រុម​ចុងក្រោយ​​ជា​លើក​ទីមួយ ក្រោយ​ពី​បាន​ទទួល​ជ័យ​ជម្នះ ១-០ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ទទួល​​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ក្នុងលទ្ធ​ផល ៤-២ លើ​ក្រុម Gent របស់​បែលហ្ស៊ិក​។

ក្រោម​ពី​បាន​ចាញ់​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយក្នុង​​លទ្ធផល ៣-២ ក្នុង​ផ្ទះ​ខ្លួន​​ឯង ក្រុម Gent បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អាល្លឺ​ម៉ង់ ដោយ​ចាំ​បាច់​ត្រូវ​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ឲ្យ​បាន​យ៉ាងហោច​ណាស់​២គ្រាប់​ ប៉ុន្តែ Schuerrle បាន​បញ្ចប់​ក្តី​សង្ឃឹម​​របស់​ពួកគេ​ជាមួយ​នឹង​គ្រាប់​បាល់​មួយ​គ្រាប់​ក្នុង​រយៈ​ពេល​១៦​នាទី​ចុង​ក្រោយ​។ មិត្ត​រួម​ក្រុម​​អន្តរ​ជាតិអាល្លឺម៉ង់​របស់​គេ Julian Draxler ដែល​​បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់កាលពី​ជើង​ទីមួយ​នោះ បាន​​អូស​បាល់​កាត់​ខ្សែ​ការពារ Nana Asare នៃ​ក្រុម Gent ដើម្បី​បញ្ជូន​បាល់​យ៉ាង​ល្អ​​ទៅ​ឲ្យ Schuerrle ក្នុង​ការ​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​។ វា​បាន​ក្លាយ​ជា​រយៈ​ពេល​៧​ថ្ងៃ​ដ៏ល្អ​ប្រសើរ​មួយ​សម្រាប់​ខ្សែ​បម្រើ​ស្លាប​អន្តរ​​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ ក្រោយ​ពី Schuerrle បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​បី​គ្រាប់​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Bundesliga ជា​លើក​ទីមួយ​របស់​គេ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​​យក​ឈ្នះលើក្រុម Hanover ៤-០​។

ការ​រក​គ្រាប់​បាល់​ឈ្នះ​នៅពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Gent នឹង​បង្កើន​នូវ​ការ​ជឿ​​ជាក់​​របស់​គេ​នៅ Wolfsburg ដែល​បច្ចុប្បន្ន​​ កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៧​នៅលើ​តា​រាង​លីក ពោលគឺ​៤​ពិន្ទុ​ពីក្រោយ​ចំណាត់ថ្នាក់​ឈ្នះ​កៅ​អី​ក្នុង​ក្រប​​ខ័ណ្ឌ Champions League សម្រាប់​រដូវកាល​ក្រោយ​។ លោក Klaus Allofs ប្រធាន​ផ្នែកកីឡា​របស់ Wolfsburg បាន​ប្រាប់​ទូរ​ទស្សន៍ Sky ថា៖ «យើង​ធ្វើ​វា​បាន​ហើយ​​។ ប៉ុន្តែ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​​ប្រសើរ​ជាង​មុន ប្រសិន​បើ​​យើង​ចង់​ទៅ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​»​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia