អាជ្ញាធរ​ខេត្តក្រចេះ គួរ​ចាត់វិធានការ​ទៅលើ​ជនល្មើស​ដែល​ចាក់ដី​លុប​ប្រឡាយ​សាធារណៈ

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ប្ញ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​ប្ដឹង​បុគ្គល​ម្នាក់​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែល​បាន​ចាក់ដី​លុប​ប្រឡាយទឹក​មួយ​ខ្សែ និង​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​ពួកគាត់​ថែមទៀត​។ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​២០​គ្រួសារ​បានធ្វើ​ពាក្យបណ្ដឹង ហើយ​ប្ដឹងទៅ​អាជ្ញាធរ​ក្រុង​ក្រចេះ អាជ្ញាធរ​ខេត្តក្រចេះ ពី​រឿង​បុគ្គល​ឈ្មោះ ឈឹម សំណាង ដែល​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​លុប​ប្រឡាយ​ចាស់ ហើយ​បើក​ប្រឡាយ​ថ្មី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួកគាត់​ជាច្រើន​ហិកតា​។ បញ្ហា​នេះ​សង្ឃឹមថា លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ នឹង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​បុគ្គល ឈឹម សំណាង មិន​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

តាមរយៈ​ពាក្យបណ្ដឹងរ​បស់​ប្រជាពលរដ្ឋ​ដែល​ប្ដឹងទៅ​អាជ្ញាធរ​ក្រុង​ក្រចេះ និង​អាជ្ញាធរ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ដី​របស់​ពួកគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​ជា​យូរ​មកហើយ ព្រមទាំង​ត្រូវបាន​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ប្រគល់​បង្កាន់ដៃ​ឲ្យ​ពួកគាត់​ដោយ​រង់ចាំតែ​ទទួល​ប្លង់រឹង​ប៉ុណ្ណោះ​។ ប៉ុន្តែ​កាលពី​អំឡុង​កន្លះ​ខែ​មុន​ឈ្មោះ ឈឹម សំណាង បាន​ប្រើ​គ្រឿងចក្រ​មក​ឈូសឆាយ​លុប​ដីស្រែ​របស់​ពួកគាត់ ព្រមទាំង​ឈូស​ដី​លុប​ប្រឡាយទឹក​ចាស់​ថែម​ទៀតផង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង​។ នៅក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ គឺមាន​ចុះហត្ថលេខា​ដោយ​មេភូមិ​ស្រែ​ស្ដៅ និង​ចៅសង្កាត់​អូរ​ប្ញ​ស្សី​ផងដែរ​។

សកម្មភាព​របស់​បុគ្គ​ល ឈឹម សំណាង ត្រូវបាន​ចៅសង្កាត់​អូរ​ប្ញ​ស្សី អ្នកស្រី ញាណ ពុ​យ​ភិ​រុណ បញ្ជាក់ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ពិតមែន ហើយ​ថា​ប្រជាពលរដ្ឋ​មិន​ប្រឆាំងនឹង​ការអភិវឌ្ឍ​ទេ ប៉ុន្តែ​សូម​ឲ្យ​ក្រុមហ៊ុន​រក្សា​ប្រឡាយ​ចាស់​ឲ្យ​នៅ​សភាព​ដើម​វិញ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ក៏​ធ្លាប់បាន​បញ្ជា​ឲ្យ​បុគ្គល ឈឹម សំណាង ជា​ម្ចាស់​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​ប្រឡាយ​មុនពេល​ប្រជាពលរដ្ឋ​តវ៉ា​ទៅទៀត ប៉ុន្តែ​បុគ្គល ឈឹម សំណាង មិន​អនុវត្តន៍​តាម​ឡើយ ហើយ​នៅតែ​ចាក់ដី​លុប​ប្រឡាយ​ចាស់​ដដែល​។ អំពើ​របស់​បុគ្គល ឈឹម សំណាង គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង ដូច្នេះ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ និង​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​បុគ្គល ឈឹម សំណាង កុំ​ឲ្យ​បង្ហាញ​ភាព​គឃ្លើន​តទៅទៀត​៕

eb52cbb6077704cff39b02f1306fd740​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ
kratie_3-copy