ការវាយប្រហារ​ទៅលើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ឥតន័យ​ព្រោះ​ប្រជាពលរដ្ឋ​បានដឹង​ការពិត​អស់​ទៅហើយ​

ថ្មីៗ​នេះ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានទទួល​រង​នូវ​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​មជ្ឈដ្ឋាន​មួយចំនួន​ដែល​គេ​សង្ស័យថា ជា​អ្នក​ភ័យខ្លាច​ចំពោះ​សន្ទុះ​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​។ ក៏ប៉ុន្តែ​នៅពេលដែល​លោក​ប្រធានស្ដីទី កឹម សុខា ប្រកាន់យក​នូវ​គោលការណ៍​មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ បានធ្វើ​ឲ្យ​ក្រុម​ជន​ដែល​មិន​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​ខ្លួនឯង​នោះ ទទួលរង​នូវ​សេចក្ដី​អាម៉ាស់​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រួចមក ស្រាប់តែ​មានការ​គំរាមកំហែង​ទៅលើ​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មណ្ឌលកណ្ដាល និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​។ ក៏ប៉ុន្តែ​លោក អេង ឆៃអ៊ាង បាន​រក្សា​ភាពស្ងប់ស្ងាត់​ចំពោះ​ការគំរាមកំហែង​នោះ ហើយ​បាន​បញ្ចេញ​ទស្សនៈ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​(​ហ្វេ​ស​ប៊ុ​ក​)​របស់លោក​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ដូច្នេះ​អ្នក​ដែល​គំរាមកំហែង​លើ​លោក អេង ឆៃអ៊ាង កំពុងតែ​ប្រឈម​នឹង​សេចក្ដី​អាម៉ាស់​បន្តទៀត​នៅពេលដែល​ពួកគេ​លេងល្បែង​ទុច្ចរិត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ថ្កោលទោស​។

ទាក់ទង​បញ្ហា​ខាងលើនេះ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើងថា ការព្យាយាម​ទម្លាយ​រឿងអាស្រូវ​តាមរបៀប​ទុច្ចរិត​និង​ការគំរាមកំហែង​ទៅលើ​មេដឹកនាំ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ពុំមាន​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​នោះទេ​។ លោក អំ សំអាត មន្ត្រី​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​បញ្ចេញ​ទស្សនៈ​ថា គេ​មិនគួរ​យក​រឿង​បុគ្គល​មក​ធ្វើជា​រឿង​ធំ​នោះឡើយ លើសពីនេះទៅទៀត​អ្នកនយោបាយ​ឬក៏​តំណាងរាស្ត្រ​គ្មាន​ពេល​មក​គិតគូរ​ពី​រឿង​បុគ្គល​នោះដែរ​។ អ្វីដែល​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ចង់ឃើញ គឺ​សកម្មភាព​របស់​អ្នកនយោបាយ​និង​មេដឹកនាំ​ក្នុងការ​បម្រើ​ផលប្រយោជន៍​ជាតិ​។

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បានលើកឡើង​ថា ការដែល​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រកាន់​ចំហ​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ ជាមួយ​អ្នក​ដែល​ព្យាយាម​បំផ្លាញ​លោក គឺជា​រឿង​ត្រឹមត្រូវ​បំផុត​ហើយ​ធ្វើ​ឲ្យ​ក្រុម​ជន​ដែល​មិន​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​រង​ការ​ថ្កោលទោស​កាន់តែខ្លាំង​ពី​ប្រជាពលរដ្ឋ​។ អ្វីដែល​ធ្វើ​ឲ្យ​ម្ចាស់ឆ្នោត​ហួសចិត្ត​នោះ គឺ​រឿងអាស្រូវ​ត​ភាគ​ដែល​ត្រូវគេ​ទម្លាយ​ចេញមក ជា​ល្បិចកល​ដ៏​អាក្រក់​របស់​ក្រុម​ជន​ដែល​ភ័យខ្លាច​សន្ទុះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជម្រើស​ដល់​ល្អ​របស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ខ្វល់​ទៅនឹង​រឿង​អត់​បានការ ហើយ​ខិតខំ​ធ្វើ​ការងារ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​នេះ​កាន់តែ​ច្រើនឡើងៗ​ថែមទៀត​៕

4A3D234D-3A24-412F-BF3E-70EE95A46B54_mw1024_s_n 3f85e3e1-2867-45a3-b429-cda13dc82000