ការស្ទង់​មតិ​បង្ហាញ​ថា​ Trump​ ធ្លាក់​ចុះ​ការគាំទ្រ​នៅ​រដ្ឋ​៤​ទៀត​ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​បឋមថ្ងៃ​អង្គារ

ការស្ទង់​មតិ​បង្ហាញ​ថា​ Trump​ ធ្លាក់​ចុះ​ការគាំទ្រ​នៅ​រដ្ឋ​៤​ទៀត​ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​បឋមថ្ងៃ​អង្គារ

លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ និយាយ​នៅ​ក្នុង​ការឃោសនា​បោះឆ្នោត​មួយ​ក្នុង​ទីក្រុង​ Madison រដ្ឋ​ ​Mississippi នៅ​ថ្ងៃ​ទី​៧ ខែ​មិនា​ ឆ្នាំ​២០១៦។​

ការ​ស្ទង់​មតិ​ខាង​នយោបាយ​ថ្មីៗ​នៅ​ក្នុង​ស.រ.អា.បង្ហាញ​ថា​ ការ​គាំទ្រ​ដល់​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រហែល​ចុះ​ថម​ថយ​ នៅ​ពេល​ក្រុម​អ្នកបោះឆ្នោត​នឹង​បោះឆ្នោត​នៅ​ថ្ងៃអង្គារ ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បីទទួល​ការ​តែងតាំង​នៅក្នុង​រដ្ឋបួន​ទៀត។

ការ​ស្ទង់​មតិ​រួម​គ្នា​ថ្មី​មួយ​រវាង​កាសែត​ Washington Post និង​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC News បាន​បង្ហាញ​ថា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន​៣៤​ភាគរយ​នៅ​តែ​គាំទ្រ​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ ប្រៀប​ធៀប​នឹង​២៥​ភាគ​រយ​ដែល​គាំទ្រ​លោក​ Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ ប្រចាំ​រដ្ឋ​ Texas ១៨ភាគរយ​គាំទ្រ​លោកMarco Rubio សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Florida និង​១៣​ភាគ​រយគាំទ្រ​លោក John Kasich អភិបាល​រដ្ឋ​ Ohio។​

នេះ​ជា​ការ​គាំទ្រ​ដល់​លោក Trump តិច​ជាង​ការ​ស្ទង់​មតិ​កាល​ពី​ពេល​មុនៗ​ដែលត្រូវ​បាន​ធ្វើ​ដោយ​សារព័ត៌មាន​នេះ​និង​បណ្តាញ​ទូរទស្សន៍​នេះ។​

ការ​ស្ទង់​មតិ​ដដែល​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា​លោក​ Trump ស្ថិត​នៅ​ពី​ក្រោយ​លោក​ Cruz និង​លោក Rubio នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា ​ប្រសិន​បើ​ចំនួន​បេក្ខជន​ដែល​ធ្លាប់​មាន​១៧​នាក់​បាន​ចុះ​ថយ​ក៏​ដោយ។​

ការ​ស្ទង់​មតិ​រួម​គ្នា​មួយ​រវាង​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC News និង​គេហទំព័រ​ Survey Monkey បាន​បង្ហាញ​ថា​លោក​ Trump នាំ​មុខ​លោក​ Cruz ៣៩​ភាគរយ​ទល់​នឹង​២០ភាគរយ ហើយ​លោក​ Rubio និង​លោក Kasich នៅ​ពី​ក្រោយ​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​ ក៏​ប៉ុន្តែ​ការ​នាំ​មុខ​នេះ​ក៏​តិច​ជាង​កាល​ពី​ពេល​មុន​ដែរ។​

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ការ​បោះឆ្នោត​បឋម​មាន​ធ្វើ​តែ​នៅ​ក្នុង​រដ្ឋ​ Michigan និង​រដ្ឋ​ Mississippi។​ លោកស្រី​ Clinton នាំ​មុខ​ច្រើន​នៅ​ក្នុង​ការ​ស្ទង់​មតិ​ក្នុង​រដ្ឋ​ទាំង​ពីរ​ លើស​លោក​ Bernie Sanders​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំរដ្ឋ​ Vermont ដែល​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​និង​ជា​អ្នកប្រជែង​តែ​ម្នាក់​គត់​ជាមួយ​លោកស្រី​ Clinton៕​