UNHCR​៖ សំណើ​ទប់​លំហូរជន​ទេសន្តរប្រវេសន៍អាច​រំលោភ​ច្បាប់​អន្តរជាតិ

UNHCR​៖ សំណើ​ទប់​លំហូរជន​ទេសន្តរប្រវេសន៍អាច​រំលោភ​ច្បាប់​អន្តរជាតិ

ស្រ្តី​ជន​ជាតិ​អាហ្វហ្គានីស្ថាន​បោក​សម្លៀក​បំពាក់​នៅ​​ទីក្រុង​ Piraeus ក្បែរ​ក្រុង​អាថែន​ ប្រទេស​ក្រិក​ ថ្ងៃ​ទី​៨​ ខែ​មិនា​ ឆ្នាំ​២០១៦។​

ទីភ្នាក់ងារ​អ.ស.ប.ទទួល​បន្ទុក​ខាង​ជន​ភៀស​ខ្លួន​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ថា​ ខ្លួន​មាន​កង្វល់​ថា​ផ្នែក​ខ្លះ​នៃ​សំណើ​មួយ​របស់​សហភាព​អឺរ៉ុប​និង​ប្រទេសតួកគី​ ដើម្បី​ទប់​លំហូរ​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​ចូល​ក្នុង​ប្រទេស​ក្រិក​ ដែល​រួម​បញ្ចូល​ទាំង​លទ្ធភាព​នៃ​ការ​បញ្ជូន​បុគ្គល​ទាំង​អស់​ដោយ​គ្មាន​រើស​មុខ​ឱ្យ​ត្រឡប់​ទៅ​វិញ​ ប្រហែល​រំលោភ​លើ​ច្បាប់​អន្តរជាតិ។

ទីភ្នាក់ងារ​អ.ស.ប.ទទួល​បន្ទុក​ខាង​ជន​ភៀស​ហៅ​កាត់ថា​ UNHCR បាន​និយាយ​ថា​ គេ​ត្រូវការ​ឱ្យ​មាន​ការបំភ្លឺ​អំពី​ទិដ្ឋភាព​នៃ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ស្នើ​នេះ។​
ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា​ ខ្លួន​ខ្វល់​ខ្វាយ​អំពី​ការ​រៀបចំ​ណា​មួយ​ដែល​មាន​ទាក់ទិន​នឹង​ការ​បញ្ជូន​បុគ្គល​ទាំង​អស់​ដោយ​គ្មាន​រើស​មុខ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត។

ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​និង​រដ្ឋាភិបាល​ក្រុង​ Ankara បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ពួកគេ​បាន​សម្រេច​លទ្ធភាព​មួយ​នៃ​ការ​មាន​កិច្ច​ព្រមព្រៀង​មួយ​ ដែល​អាច​បញ្ជូន​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​តួកគី​ ទៅ​កាន់​ប្រទេស​ក្រិក​ឱ្យ​វិល​ត្រឡប់​ទៅ​តួកគី​វិញ។

ក្រុម​មេដឹកនាំ​ទាំង​នេះ​មាន​ការទុកចិត្ត​ថា ​កិច្ច​ព្រមព្រៀង​ពេញ​លេញ​មួយ​អាច​ត្រូវ​សម្រេច​នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​នៅ​សប្តាហ៍​ក្រោយ។​

នៅ​ក្រោយ​រយៈពេល​ច្រើន​ខែ​នៃ​ការ​ខ្វែង​គំនិត​គ្នា​និង​កំណើន​ការឈ្លោះ​ប្រកែកគ្នា​ ក្នុង​ចំណោម​ប្រទេស​ជាតិ​ទាំង​២៨​នៃ​សហភាព​អឺរ៉ុប​ ក្រុម​មេដឹកនាំ​ទាំង​នេះ​បាន​និយាយ​ថា​ ពួក​គេ​បាន​យល់​ស្រប​គ្នា​ផ្តល់​ឱ្យ​ប្រទេស​តួកគី​នូវ​ប្រាក់​៣០០០​លាន​ដុល្លារ​ថែម​ទៀត​ដើម្បី​ជួយ​ជនភៀស​ខ្លួន​ស៊ីរី​ជិត​បី​លាន​នាក់​ ដែល​តួកគី​បាន​ទទួល​ឱ្យ​រស់នៅ​ទីនោះ៕​