កូន​ភ្លោះ​ម្ដាយ​តែ​មួយ ឪពុក​ខុស​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វៀតណាម

ប្រទេស​វៀតណាម​ទើប​តែ​រក​ឃើញ​ករណី​ដ៏​កម្រ​​ដែល​កូន​ភ្លោះ​ពីរ​នាក់​មាន​ម្ដាយ​រួម​គ្នា តែ​ឪពុក​ខុស​គ្នា។ នេះ​បើ​តាម​សម្ដី​សាស្ត្រាចារ្យ​ពី​បន្ទប់​ពិសោធន៍ DNA មួយ​រូប​នៅ​ទីក្រុង​ហាណូយ បាន​ប្រាប់​សារព័ត៌មាន​ AFP កាល​ពី​ម្សិលមិញ។

 

កូន​ភ្លោះ​ម្ដាយ​តែ​មួយ ឪពុក​ខុស​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វៀតណាម

 

កូន​ភ្លោះ​ពីរ​នាក់​របស់​គូ​ស្វាមី​ភរិយា​មួយ​គូ ដែល​មិន​ត្រូវ​បាន​គេ​បង្ហើប​ឈ្មោះ ត្រូវ​បាន​យក​ទៅ​ពិសោធន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​តែ​ពួក​គេ​មាន​រូបរាង​ខុស​គ្នា​ទាំង​ស្រុង។

 

“មជ្ឈមណ្ឌល​ពិសោធន៍ Genetic Analysis and Technology របស់​ពួក​យើង​បាន​ពិនិត្យ​និង​រក​ឃើញ​កូន​ភ្លោះ​មួយ​គូ​ដែល​មាន​ឪពុក​ខុស​គ្នា”។ លោក Le Dinh Luong ប្រធាន​សមាគម​​ផ្នែក​តំណពូជ​នៃ​ប្រទេស​វៀតណាម​​និយាយ។ “នេះ​ជា​រឿង​កម្រ​មិន​ត្រឹម​តែ​សម្រាប់​ប្រទេស​វៀតណាម​នោះ​ទេ ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំង​មូល​តែ​ម្ដង”។ លោកបន្ត។​​

 

ករណី​នេះ​អាច​កើត​ឡើង​បាន​ប្រសិន​បើ​ស៊ុត​ពីរ​ពី​ម្ដាយ​តែ​ម្នាក់ ​ត្រូវ​បាន​បង្ក​កំណើត​ដោយ​មេ​ជីវិត​របស់​បុរស​ពីរ​នាក់​ផ្សេង​គ្នា កំឡុង​ពេល​រួម​ភេទ​ពេល​ខុស​គ្នា តែ​ក្នុង​​វដ្ដ​រដូវ​តែ​មួយ។​​​​

 

យោង​តាម​សារព័ត៌មាន​រដ្ឋ​វៀតណាម Tuoi Tre ឲ្យ​ដឹង​ថា បុរស​ស្វាមី​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ហ្សេន​នៅ​មន្ទីរ​ពិសោធន៍​ទីក្រុង​ហាណូយ​ដើម្បី​ឲ្យ​ច្បាស់​ថា​តើ​លោក​ជា​ឪពុក​បង្កើត​របស់​កូន​ភ្លោះ​ទាំង​ពីរ​ឬ​យ៉ាង​ណា។ សាច់ញាតិ​របស់​លោក​បាន​បង្ខំ​ឲ្យ​លោក​ស្នើ​សុំ​​ការ​ពិនិត្យ​បែប​នេះ ដោយ​សារ​កូន​ភ្លោះ​ម្នាក់​មាន​មុខ​ខុស​ពី​លោក​ទាំង​ស្រុង។

 

លទ្ធផល​បាន​បង្ហាញ​ថា​បុរស​ស្វាមី​រូប​នេះ​គឺ​ជា​ឪពុក​របស់​កូន​តែ​ម្នាក់​ប៉ុណ្ណោះ។

 

ផ្អែក​តាម​សារព័ត៌មាន Dan Tri កូន​ភ្លោះ​ទាំង​ពីរ​មាន​ភេទ​ដូច​គ្នា កើត​នៅ​ថ្ងៃ​តែ​មួយ ដោយ​ខុស​គ្នា​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ។ មក​ទល់​ពេល​នេះ ​ពួក​គេ​មាន​អាយុ​ពីរ​ឆ្នាំ ដោយ​ម្នាក់​មាន​ក្រាស់​និង​រួញ​បន្តិច ចំណែក​ម្នាក់​ទៀត​សក់​ស្ដើង​និង​ស្លូត ៕​​

 

ចុចអាន៖កូន​សិស្ស​រក​ឃើញ​អាថ៌កំបាំង​ ​​​​​​ស្រី​ស្អាតគឺជាលោក​គ្រូ​បង្រៀនរបស់ខ្លួន

ចុចអាន៖កូន​ជ្រូក​​​​កើត​មក​មាន​ប្រមោយ នៅ​ពោធិ៍សាត់​​ ល្បី​ដល់​អង់គ្លេស

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖channelnewsasia