អ្នកទោស​ស្ត្រី​ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ទទួល​បាន​អំណោយ ​ជា​សម្ភារ​ក្នុង​ថ្ងៃ ​សិទ្ធិ​នារី 8​មីនា

រាជធានី​ភ្នំពេញ ៖ ក្រុម​ស្ត្រី​អ្នកទោស​ ប្រមាណ​៥៥០​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​(​ម​២) នា​ល្ងាច​ថ្ងៃ​ទី​៧ មីនា បាន​ទទួល​ការ​ឧបត្ថម្ភ ​ជា​សម្ភារប្រើប្រាស់​ម្នាក់​មួយ​កញ្ចប់ ក្នុង​ពិធី​ប្រារព្ធ​ខួបលើក​ទី​១០៥ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃ​ទី​៨ មីនា ។ ស្ត្រី​ជាប់ចោទ​និង​ទណ្ឌិត​ក្នុង​នោះ​ មាន​ទាំង​នីតិជន និង​អនីតិជន បាន​ទទួល​សម្ភារ​មនុស្សធម៌​ដែល​តែងតែ​រៀបចំ​ឡើង​ រៀង​រាល់​ឆ្នាំ​ពី​សប្បុរសជន​នានា ។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​ពន្ធនាគារ​ បាន​លើក​ឡើង​ថា ស្ត្រី​អ្នកទោស​ត្រូវ​បាន​ឃុំឃាំង​ដាច់​ដោយឡែក ​ពី​អ្នកទោស​បុរស គឺ​នៅ​ក្នុង​មណ្ឌល​កែប្រែ​(​ម​២) មាន​ចំនួន​៥៥០​នាក់​ ក្នុង​ចំនួន​ជនជាប់ចោទ​សរុប​៨២០​នាក់ ។ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៩​នាក់ និង​កូន​តាម​ម្តាយ​មាន​ចំនួន​៧​នាក់ ​ស្រី​២​នាក់ ។

ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឡើង​ដោយ​មន្ត្រី​ពន្ធនាគារ​(​ម​២)​ថា ការងារ​គ្រប់គ្រង​មណ្ឌល​ម​២ មាន​ក្រប​ខណ្ឌ​មន្ត្រី​ចំនួន​១២៥​នាក់​ស្រី​៣៥​នាក់ ។ ថ្នាក់ដឹកនាំ​មណ្ឌល​មាន​ចំនួន​៧​នាក់​(​ស្រី​ម្នាក់​) ការិយាល័យ​មធ្យោបាយ​មាន​២៣​នាក់ (​ស្ត្រី​៦​នាក់​) ការិយាល័យ​អប់រំ​កែប្រែ​មាន​ចំនួន​២៣​នាក់ (​ស្ត្រី​៧​នាក់​) និង​ការិយាល័យ​ប្រតិបត្តិ​មាន​ចំនួន​៧២​នាក់ (​ស្ត្រី​២១​នាក់​) ។

ចំពោះ​ការងារ​ឃុំឃាំង និង​គ្រប់គ្រង​ជន​ជាប់​ឃុំឃាំង​មណ្ឌល​ កែប្រែ​ទី​២(​ម​២) ជា​មណ្ឌល​កែប្រែ ដែល​គ្រប់គ្រង​ដោយ​ផ្ទាល់​ ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​គ្រប់គ្រង​ជន​ជាប់​ឃុំ​ ជា​២​ប្រភេទ គឺ​ជាប់​ឃុំ​ជា​អនីតិជន និង​ជាប់​ឃុំ​ជា​ស្ត្រី ។ មាន​អគារ​ឃុំឃាំង​ទាំងអស់​ ចំនួន​៣​ស្មើនឹង​១៥​បន្ទប់ ។ អគារ​(​ក​) មាន​៦​បន្ទប់ អគារ​(​ខ​)​មាន​៤​បន្ទប់ និង​អគារ​(​គ​)​មាន​ចំនួន​៥​បន្ទប់ ។ បច្ចុប្បន្ន ជន​កំពុង​ជាប់​ឃុំ​ជាក់ស្តែង​មាន​អ្នកទោស​ចំនួន​៨២០​នាក់ ស្ត្រី​៥៥០​នាក់ ។

ទាក់ទង​នឹង​ការ​អប់រំ​កែប្រែ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ពន្ធនាគារ​បាន​លើក​ឡើង​ថា ​មណ្ឌល​បាន​សហការ​ជាមួយ​អង្គការ​សហព័ន្ធ​មេត្រីភាព​ពន្ធនាគារ និង​អង្គការ​មិត្ត​សំឡាញ់​​បើក​ថ្នាក់​បណ្តុះបណ្តាល​ចំនួន​៩​ថ្នាក់​រួម​មាន ៖

១-​ថ្នាក់​សីលធម៌​ព្រះ​គម្ពី មាន​សិស្ស​ចំនួន​២៤​នាក់ ​(​ស្រី​) ២-​ថ្នាក់​អនុ​វិទ្យាល័យ ថ្នាក់​ទី​៨​មាន​សិស្ស​៧​នាក់​(​ប្រុស​) ៣-​ថ្នាក់​ទី​៩ មាន​សិស្ស​ចំនួន​១១​នាក់​(​ប្រុស​) ៤-​ថ្នាក់​សំអាងការ មាន​សិស្ស​១៦​នាក់​(​ស្រី​) ៥-​ថ្នាក់​ជួសជុល​ម៉ូតូ មាន​សិស្ស​១២​នាក់​(​ប្រុស​) ៦-​ថ្នាក់​កីឡាបាល់បោះ​មាន​សិស្ស​២៤​នាក់​(​ស្រី​១២​នាក់​) ៧-​ថ្នាក់​កុំព្យូទ័រ មាន​សិស្ស​១៥​នាក់​(​ប្រុស​) ៨-​ថ្នាក់​កសិកម្ម មាន​សិស្ស​២៤​នាក់​(​ប្រុស​) និង​ថ្នាក់​កាត់សក់​មាន​សិស្ស​១០​នាក់​(​ប្រុស​) ។

មន្ត្រី​ពន្ធនាគារ​បាន​លើក​ឡើង​ថា ពន្ធនាគារ​បាន​បញ្ចេញ​ទណ្ឌិត​ស្ត្រី​ ចេញ​ធ្វើ​សិប្បកម្ម​ដេរ​កម្ទេច​ក្រណាត់​(​សម្រាប់​ជូត​រថយន្ត​)​ពី​១០០​ទៅ​១៣០​នាក់​ក្នុង​មួយ​ថ្ងៃ (​លើក​លែង​តែ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​បុណ្យ​) ។ បញ្ចេញ​ទណ្ឌិត​ដាំ​ដំណាំ​ចំនួន​៤០​ទៅ​៥០​នាក់​ក្នុង​មួយ​ថ្ងៃ ។ បញ្ចេញ​ទណ្ឌិត​ទៅ​ធ្វើ​ការងារ​សំណង់​ចំនួន​១៥​ទៅ​២០​នាក់​ក្នុង​មួយ​ថ្ងៃ និង​បាន​បញ្ចេញ​ទណ្ឌិត​ទៅ​ចិញ្ចឹម​ត្រី​១០​នាក់​ក្នុង​មួយ​ថ្ងៃ ។

ចំណែក​ការងារ​សេវាកម្ម​សុខភាព ​ក្នុង​ពន្ធនាគារ​មន្ត្រី​ពន្ធនាគារ​បាន​បញ្ជាក់​ថា មណ្ឌល​បាន​ពិនិត្យ​សុខភាព​ ដល់​ជន​ជាប់​ឃុំឃាំង​បាន​ចំនួន​៣៥០​នាក់ ស្រី​២៥០​នាក់​ក្នុង​មួយ​ខែ​។ ពិនិត្យ​សុខភាព​ជន​ចាប់​ចូល​ថ្មី ​បាន​៤២​នាក់​(​ស្រី​) ។ ជន​ជាប់​ឃុំ​បាន​សម្រាក ​នៅ​ក្នុង​ប៉ុស្តិ៍​សុខភាព​ចំនួន​៤២​នាក់ ។ ជន​ជាប់​ឃុំឃាំង​ កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ម្នាក់​(​ស្រី​)​។ ប៉ុស្តិ៍​សុខភាព​អគារ​ចំនួន​២​ ស្មើនឹង​៤​បន្ទប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​តាម​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ ៕

អ្នកទោស​ស្ត្រី​ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ទទួល​បាន​អំណោយ ​ជា​សម្ភារ​ក្នុង​ថ្ងៃ ​សិទ្ធិ​នារី 8​មីនា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត