Facebook នឹង​មាន​​អ្នក​ប្រើ​ប្រាស់​ដែល​ស្លាប់​ ច្រើន​ជាង​អ្នក​​មាន​ជីវិត​ត្រឹម​ឆ្នាំ​ ២០៩៨​

Facebook កំពុង​តែ​វិវត្តន៍​ខ្លួន​ទៅ​ជា​ផ្នូរ​សិប្បនិម្មិត​ដែល​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​នៅ​ត្រឹម​ឆ្នាំ​ ២០៩៨​ខាង​មុខ​នេះ។ នៅ​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​២១​នេះ​ចំនួន​អ្នក​ប្រើ​ប្រាស់​ដែល​បាត់​បង់​ជីវិត​នឹង​កើត​ឡើង​លើស​ចំនួន​អ្នក​ដែល​មាន​ជីវិត។ នេះ​បើ​យោង​តាម​ការព្យាករ​របស់​បេក្ខភាព​បណ្ឌិត​មួយ​រូប។

 

Facebook នឹង​មាន​​អ្នក​ប្រើ​ប្រាស់​ដែល​ស្លាប់​ ច្រើន​ជាង​អ្នក​​មាន​ជីវិត​ត្រឹម​ឆ្នាំ​ ២០៩៨​

 

ការ​កើន​ឡើង​ចំនួន​អ្នក​ប្រើ​ប្រាស់​ដែល​ស្លាប់​នេះ​ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​របស់​ Facebook ដែល​មិន​ព្រម​លុប​ចោល​គណនី​អ្នក​បាត់​បង់​ជីវិត​ដោយ​ស្វ័យប្រវត្តិ ពោល​​ទុក​គណនី​ទាំង​នោះ​​ជា​ទំព័រ​សម្រាប់​រំលឹក​វិញ្ញាណ​ខ័ន​អ្នក​ស្លាប់​។

 

យោង​តាម​សម្ដី​របស់​លោក​ Hachem Sadikki បេក្ខភាព​បណ្ឌិត​នៃ​សកលវិទ្យាល័យ​ Massachusetts ដែល​ធ្វើ​ការ​ព្យាករ​នេះ​ឡើង​ បាន​ឲ្យ​ដឹង​ថា​​ការ​កើន​ឡើង​យឺត​​នូវ​ចំនួន​អ្នក​ប្រើ​ប្រាស់​ថ្មី​ក៏​ជា​ដើម​ហេតុ​មួយ​ដែរ។

 

ប្រសិន​ក្រឡេក​​មើល​ទិន្នន័យ​ក្នុង​ឆ្នាំ​នេះ​ផ្ទាល់​ អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង​១​លាន​នាក់​​​ត្រូវ​បាន​ព្យាករ​ថា​នឹង​បាត់​បង់​ជីវិត។ បើ​ប្រៀប​ទៅ​នឹង​តួលេខ​ឆ្នាំ​ ២០១០​ គឺ​មាន​ត្រឹម​ ៣៨៥ ០០០​នាក់​ប៉ុណ្ណោះ។

 

មនុស្ស​ភាគ​ច្រើន​ហាក់​មិន​បាន​ចែក​រំលែក​លេខ​សម្ងាត់​ Facebook របស់​ពួក​គេ​ជា​មួយ​នឹង​មិត្តភ័ក្ដិ​ឬ​ក្រុម​គ្រួសារ​ឡើយ​ ហេតុ​នេះ​​ Profile របស់​ពួក​គេ​នៅ​តែ​មាន​ជីវិត​ទោះ​បី​ជា​ម្ចាស់​ Profile បាន​បាត់​បង់​ជីវិត​ក្ដី។ ​ជា​ពិសេស​ពេល​ដល់​ថ្ងៃ​កំណើត​របស់​បុគ្គល​ដែល​ស្លាប់​នោះ​តែង​តែ​ឃើញ​លោត​សារ​រំលឹក​​ឲ្យ​ជូន​ពរ​ជានិច្ច។

 

គួរ​បញ្ជាក់​ថា​បណ្ដាញ​ Facebook ក៏​បាន​បង្កើត​មុខងារ​ “Legacy Contact” ដែល​​អាច​​កំណត់​ឲ្យ Facebook លុប​​​គណនី​របស់​អ្នក​ស្លាប់​បាន​ ពេល​ដែល​ដឹង​ថា​ម្ចាស់​គណនី​នោះ​បាន​បាត់​បង់​ជីវិត។ ប៉ុន្តែ​ហាក់​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ដឹង​និង​ប្រើ​ប្រាស់​​មុខងារ​នេះ៕​​​​​​​​
​​​​​​​​​​​​​​​​​

ចុច​អាន៖ ច្បាប់​នៅ​បារាំង​អាច​ឲ្យ​កូន​ៗ​​ប្ដឹង​ឪពុក​ម្ដាយ​ដែល​បង្ហោះ​រូបថត​​ពួក​គេ​​លើ​ Facebook បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ FossBytes​​​​​​​​