ឯកឧត្តម សម រង្ស៊ី វាយប្រហារ រាជរដ្ឋាភិបាល ជុំវិញបញ្ហាចំណាក ស្រុករបស់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ឯកឧត្តម សម រង្ស៊ី ដែលកំពុងគេចខ្លួន នៅក្រៅប្រទេស ហើយគេចវេះ ពីការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ឆ្លៀតវាយប្រហាររាជ រដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាចំណាកស្រុក ទៅក្រៅប្រទេស របស់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម (CNRP) ប្រធានគណបក្សប្រឆាំង បានសរសេរថា  បរាជ័យនយោបាយ កសិកម្មរបស់រដ្ឋាភិបាល ធ្វើឲ្យកសិករខ្មែរធ្លាក់ខ្លួន កាន់តែក្រទៅៗ ហើយត្រូវចំណាកស្រុក កាន់តែច្រើនឡើងៗ។ មិនដែលឃើញទេ ក្នុងប្រវត្តិសាស្ត្រប្រទេស កម្ពុជា ដែលកសិករខ្មែររាប់សែននាក់ ត្រូវរត់ចោលដីស្រែដីចម្ការ និងផ្ទះសំបែងរបស់ខ្លួន ហើយត្រូវចាកចេញពី ស្រុកកំណើតរបស់ខ្លួនបែបនេះ។

ឯកឧត្តម សម រង្ស៊ី បានបន្តថា “គោលដៅរបស់រដ្ឋាភិបាល គឺចង់នាំអង្ករចេញ ទៅលក់ក្រៅប្រទេស ចំនួនមួយលានតោន ក្នុងមួយឆ្នាំ តែគោលដៅនេះ មិនបានសម្រេចទេ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជា កាលពីឆ្នាំទៅ បាននាំអង្ករចូល ប្រមាណមួយលានតោន ពីប្រទេសជិតខាង។ ទន្ទឹមនឹងគ្រួសារកសិករអ្នកធ្វើស្រែ សហគ្រាសកិនស្រូវ និងនាំអង្ករចេញ ក៏ទទួលការបង់ខាត រាល់ឆ្នាំដែរ ហើយមិនអាចដំណើរ ការបែបនេះតទៅទៀត បានឡើយ”។

ប្រធានគណបក្សប្រឆាំងរូបនេះ បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហា ដ៏ធ្ងន់ធ្ងរនេះ កម្ពុជាត្រូវបង្កើនផលិតភាព (productivity) កសិកម្មនៅស្រុក ដើម្បីធានាសមត្ថភាព ប្រកួតប្រជែង (competitiveness) របស់កសិករ។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងធ្វើសន្និសីតសារព័ត៌ ដើម្បីបង្ហាញនូវផែនការ គន្លឹះសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករនេះផងដែរ៕

ឯកឧត្តម សម រង្ស៊ី វាយប្រហារ រាជរដ្ឋាភិបាល ជុំវិញបញ្ហាចំណាក ស្រុករបស់ពលរដ្ឋខ្មែរ