ការបរាជ័យ​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​កសិករ​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​បញ្ជាក់ថា មិនដែល​ឃើញ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​កសិករ​ខ្មែរ​រាប់សែន​នាក់ ត្រូវ​រត់ចោល​ដីស្រែ​ដីចម្ការ​និង​ផ្ទះសម្បែង​របស់ខ្លួន ហើយ​ត្រូវ​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន​បែបនេះ​។ គោលដៅ​របស់​រដ្ឋាភិបាល គឺ​ចង់​នាំ​អង្ករ​ចេញទៅ​លក់​ក្រៅប្រទេស ចំនួន​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ តែ​គោលដៅ​នេះ​មិនបាន​សម្រេច​ទេ​។ ផ្ទុយទៅវិញ ប្រទេស​កម្ពុជា កាលពី​ឆ្នាំទៅ បាន​នាំ​អង្ករ​ចូល ប្រមាណ​មួយ​លាន​តោន ពី​ប្រទេសជិតខាង​។ ទន្ទឹមនឹងនេះ​គ្រួសារ​កសិករ​អ្នកធ្វើ​ស្រែ សហគ្រាស​កិនស្រូវ​និង​នាំ​អង្ករ​ចេញ ក៏​ទទួល​ការបង់​ខាត​រាល់​ឆ្នាំ​ដែរ ហើយ​មិនអាច​ដំណើរការ​បែបនេះ​តទៅទៀត​បានឡើយ​។​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា បរាជ័យ​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ធ្លាក់ខ្លួន​កាន់តែ​ក្រ​ទៅៗ ហើយ​ត្រូវ​ចំណាកស្រុក កាន់តែ​ច្រើនឡើងៗ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​ធ្លាប់​រិះគន់​ក្នុងន័យ​ស្ថាបនា​ដោយបាន​ផ្តល់​ដំណោះស្រាយ​ថា យើង​ឃើញ​ហើយ​ថា សព្វថ្ងៃ សូម្បីតែ​បន្លែ និង​ផ្លែឈើ លក់​នៅ​ស្រុក​យើង មួយផ្នែកធំ​នាំចូល​ពី​ប្រទេសជិតខាង​។ ទម្រាំ​លើ​ទីផ្សារ​អន្តរជាតិ ផលិតផល​កសិកម្ម​ពី​ស្រុក​ខ្មែរ រឹតតែ​ពិបាក​ប្រកួតប្រជែង​ជាមួយ​បរទេស​។ ហេតុនេះហើយ បានជា​កសិករ​ខ្មែរ​រាប់លាន​នាក់ ធ្វើស្រែ​ចម្ការ ខាត​រាល់​ឆ្នាំ ជំពាក់​លុយ​គេ វ័ណ្ឌក ហើយ​ចំណាកស្រុក​រាប់សែន​នាក់​ទៅ​ថៃ​។ បញ្ហា​ទាំងអស់នេះ បណ្តាលមកពី កម្រិត​ទាប​ពេក នៃ​ផលិតភាព​កសិកម្ម​នៅ​ស្រុក​យើង​សព្វថ្ងៃ​។

​លោក សម រង្ស៊ី បាន​ពន្យល់ថា ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​នៅ​កម្ពុជា ឲ្យ​ទាន់​ប្រទេសជិតខាង យើង​ត្រូវតែ ៖ ទី​១-​ចែកចាយ​ដីធ្លី​ឲ្យ​កសិករ​ជាទូទៅ ធានា​ឲ្យ​គ្រួសារ​នីមួយៗ​មាន​ដីស្រែ ឬ​ដីចម្ការ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹមជីវិត​។ ត្រូវ​លុបចោល សម្បទាន ៩៩​ឆ្នាំ សរុប​ជិត​៣​លាន​ហិតា ដែល​បានផ្តល់​ឲ្យ​ក្រុមហ៊ុន​បរទេស​។ ទី​២-​រៀបចំ​ប្រព័ន្ធធារាសាស្ដ្រ ឲ្យ​មាន​បណ្តាញ​ចែកចាយ​ទឹក ទាំង​ខ្នាត​ធំ ទាំង​ខ្នាតតូច ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដូច​នៅ​ប្រទេសជិតខាង ដើម្បី​ធានា​ឲ្យ​កសិករ​មានទឹក​ប្រើប្រាស់​គ្រប់​រដូវ ដូច​នៅ​ប្រទេសជិតខាង​។ ទី​៣-​រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិសេស​មួយ ដើម្បី​ផ្តល់ទុន​ឲ្យ​កសិករ​ខ្ចី ដោយ​យកការប្រាក់​ទាប​បំផុត ហើយ​ជួយឧបត្ថម្ភ​ដល់​កសិករ ពេលណា​មាន​គ្រោះធម្មជាតិ​។ ទី​៤-​រៀបចំ​មជ្ឈមណ្ឌល​បច្ចេក​ទេស​កសិកម្ម ឲ្យ​បាន​ច្រើន​ដូច​នៅ​ប្រទេសជិតខាង ដើម្បី​ស្រាវជ្រាវ ពិសោធន៍ វាយតម្លៃ និង​ណែនាំ​កសិករ​ក្នុងការ​អនុវត្ត​បច្ចេកទេស​ទំនើប​បំផុត​ទាក់ទង​នឹង​ការជ្រើសរើស ពូជ​សត្វ និង​ពូជ​ដំណាំ និង​ការប្រើប្រាស់​គ្រឿងយន្ត សម្ភារៈ​ផ្សេងៗ ជី និង​ថ្នាំ​ផ្សេងៗ ព្រមទាំង​បច្ចេកទេស​ដាំ​ដំណាំ​និង​ចិញ្ចឹមសត្វ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​កសិកម្ម​។ ទី​៥-​លើកទឹកចិត្ត​កសិករ​ម្នាក់ៗ ឲ្យ​ចងក្រង​ជា​សហគមន៍​កសិកម្ម តាម​តំបន់​នីមួយៗ ដើម្បី ចែករំលែក​បទពិសោធ​ន៍ និង​បង្កើន​កម្លាំង​ក្នុង​ការចរចា​តម្លៃ​ជាមួយ​អ្នកផ្គត់ផ្គង់​ឥ​វ៉ាន់​ឲ្យ​ពួកគាត់ និង​អ្នកទិញ​កសិផល​ពី​ពួកគាត់់​។ ទី​៦-​រៀបចំ​ទីផ្សារ​ឲ្យ​កសិករ ដូច​គេ​ធ្វើ​នៅ​ប្រទេសជិតខាង ដើម្បី​ធានា​រាល់​ឆ្នាំ​នូវ​តម្លៃ​កសិផល​គ្រប់​ប្រភេទ ដូចជា ស្រូវ ពោត សណ្តែក ដំឡូង​។ រដ្ឋអំណាច​ត្រូវ​រៀបចំ យន្តការ និង​ថវិការ​ពិសេស ដើម្បី​ប្រមូល​ទិញ​កសិផល​ទាំងអស់នោះ​ពី​កសិករ ក្នុងតម្លៃ​មួយ​សមរម្យ មិន​ឲ្យ​កសិករ​ខាត​ជាប្រចាំ​ដូច​សព្វថ្ងៃ​។ ទី​៧-​រៀបចំ​បណ្តាញ​គមនាគមន៍ ជាពិសេស​ផ្លូវថ្នល់ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ងាយ​ស្រូល​ដឹកជញ្ជូន កសិផល ឲ្យ​បាន​ឆាប់​និង​ធូរ​ថ្លៃ ពី​កសិករ​ទៅដល់​ទីផ្សារ​។

​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ រដ្ឋអំណាច​ព្រលែង​ចោល​កសិករ​តែម្តង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផលិតភាព​កសិកម្ម នៅ​ស្រុក​យើង​មាន​កម្រិត​ទាប​ណាស់ មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បានទេ​។ ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន មាន​ការងារ​ល្អប្រសើរ​គ្រប់គ្នា ត្រូវតែ​ប្តូរ​នយោបាយ​សេដ្ឋកិច្ច​តែម្តង​៕

12038045_969787776411289_3548490120389124754_n 12112190_975408319182568_5061766696876621995_n 12795517_1057463610977038_2131737851686865408_n