អាជ្ញាធរខេត្ត​ពោធិ៍សាត់ និង​មន្ត្រីរដ្ឋបាល​ជលផល មិន​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ស្រុក​កណ្ដៀង

ប្រជាពលរដ្ឋ​ក្នុងស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត ក៏ដូចជា​មេ​រដ្ឋបាល​ជលផល​ខេត្ត​នេះ មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រភពពី​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​អួន​កំពុង​រាលដាល​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ហើយ​មន្ត្រីជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជា​នេសាទ​ខ្មែរ​សង្ស័យថា មន្ត្រីជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រាំង​ទឹល បាន​ឲ្យ​ដឹងថា ជនល្មើស​ប្រើ​ឧបករណ៍​ប្រភេទ​អួន​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​មាន​៨​នាក់ គឺ​ទី​១-​ឈ្មោះ ហេង ថាំង ទី​២-​ឈ្មោះ យ៉ យ៉ាំង​ធិ​ន ទី​៣-​ឈ្មោះ វ៉ាង យ៉ាំង​តេ​វ ទី​៤-​ឈ្មោះ វ៉ាង យ៉ាំង​យ៉ាង ទី​៥-​ឈ្មោះ ឡេ យ៉ាំង​ដាំង ទី​៦-​ឈ្មោះ ឡេ យ៉ាំង​ដៀង ទី​៧-​ឈ្មោះ ឌិន យ៉ាំង​ថេ​ង និង​ទី​៨-​ឈ្មោះ លី ករ​។ ឈ្មួញ​ទាំង​៨​នាក់​នេះ​ប្រើ​ឧបករណ៍​អួន​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល តាម​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ចំណែក​លោក ម៉ៅ ធិ​និ​ន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​ប្រជា​នេសាទ​ក្នុង​ឃុំ​រាំង​ទឹល សង្ស័យថា​ឈ្មួញ​ដែលជា​ជនល្មើស​ទាំង​៨​នាក់​ខាងលើ​នោះ មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ទៀត ទើប​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​។ បញ្ហា​នេះ​លោក អេង ជា​សាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កណ្ដៀង​ផងដែរ ព្រោះ​ពួកគេ​គិតតែ​រឿង​ប្រមូល​លុយ ហើយ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។ ជាក់ស្តែង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ត្រូវបាន​ប្រជា​នេសាទ​ខ្មែរ​រាយការណ៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនដែល​មាន​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ជលផល​យ​ក​ចិត្ត​ទុកដាក់​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

ម៉ៅ-ធនិន1លោក ម៉ៅ ធនិន ជា​អភិបាលខេត្តពោធិ៍សាត់