បទល្មើស​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប នៅតែ​កើតឡើង​ដោយសារ​ឈ្មួញ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​

​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​ដែលមាន​ប្ដី​ឈ្មោះ តា​រិ​ន ប្រពន្ធ​ឈ្មោះ យាយ​ប៉ោះ បាន​យកឈ្មោះ​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង មកប្រើប្រាស់​ដើម្បី​កាង​មុខរបរ​ជួញដូរ​ឈើ​ខុសច្បាប់​របស់ខ្លួន​។​ដោយសារតែ​ឈ្មួញ​២​នាក់​នេះ​មាន​អភិបាលស្រុក​ជីក្រែង ធ្វើជា​ខ្នងបង្អែក​ទើប​គេ​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រលូន​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា រថយន្ត​កែច្នៃ​ដឹកឈើ​ប្រភេទ​២​តោន​កន្លះ​របស់​យាយ​ប៉ោះ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​កន្លែង​ស្តុក​ក្នុងភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ដោយសារតែ​សមត្ថកិច្ច​មិន​បង្ក្រាប​បែបនេះហើយ​ទើប​ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ គឺជា​អ្នក​ឃុ​ប​ឃិ​ប​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ​យាយ​ប៉ោះ និង​តា​រិ​ន បន្តសកម្មភាព​ដឹកឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ​យាយ​ប៉ោះ និង​តា​រិ​ន មិន​ហ៊ាន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទេ ព្រោះ​អាច​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។

​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជីក្រែង បាន​លើកឡើងថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ឃុំ​ខ្វាវ ឈ្មោះ វុ​ធ និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង ឈ្មោះ ថៃ ប៊ុន​សុង បានដឹង​យ៉ាងច្បាស់​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​របស់​យាយ​ប៉ោះ និង​តា​រិ​ន ប៉ុន្តែ​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ ទើប​មន្ត្រី​ទាំង​២​នាក់​នេះ​មិន​ចាត់វិធានការ​ទប់ស្កាត់​។ ចំណែក​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ ទើប​មិន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​របស់ខ្លួន​បង្ក្រាប​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ស្រុក​ជីក្រែង​។ ដូច្នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​ក្នុងស្រុក​ជីក្រែង​ខ្លះ​ផង ព្រោះ​រហូតមក​ដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពុំមាន​ការថយចុះ​នោះទេ​៕

b-tim-375x500b-tim2-375x500