មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បង្កើត​កុងត្រូលជជុះ​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​

លោក ឆេង សុវត្ថិ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបាន​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា​ទាក់ទង​ទៅនឹង​ការបង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ដឹកជញ្ជូន​បន្លែបង្ការ​ផ្លែឈើ​បន្តិចបន្តួច​បាន​អំពាវនាវ​ឲ្យ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាត់វិធានការ​ទប់ស្កាត់​អំពើអាក្រក់​របស់លោក ឆេង សុវត្ថិ ជាបន្ទាន់​។ ជាងនេះទៅទៀត​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​ទុក​ឲ្យ​មន្ត្រីនគរបាល​ខិលខូច​ដូចជា​លោក ឆេង សុវត្ថិ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។

​ប្រភពពី​អាជីវករ និង​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ និង​បក្ខពួក​បង្កើត​កុងត្រូលជជុះ​៥​កន្លែង ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ចំណែក​លោក ចាប សុ​ផា​រិ​ទ្ធ អតីត​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ឃុបឃិត​ជាមួយ​លោក ឆេង សុវត្ថិ ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ និង​អាជីវករ ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ការដែល​លោក ឆេង សុវត្ថិ និង​លោក ចាប សុ​ផា​រិ​ទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​តែម្តង នេះ​បើតាម​ការអះអាង​របស់​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ជាច្រើន​នាក់​។

ប្រភពពី​ឈ្មួញ អាជីវករ​ដឹកទំនិញ និង​អ្នករត់​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ បាន​ឲ្យ​ដឹងថា កុងត្រូលជជុះ​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ មាន​៥​ទីតាំង​ដូចជា​នៅ​ចំណុច​សាលា​ក្រហម នៅតាម​ផ្លូវជាតិ​លេខ​៦​ពី​ខេត្តបន្ទាយមានជ័យ ទៅ​ខេត្តសៀមរាប នៅ​ច្រកព្រំដែន​ម៉ាឡៃ នៅ​ច្រក​បឹង​ត្រកួន និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជាដើម​។ ក្រុមមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ដែល​ឈរជើង​តាម​កុងត្រូលជជុះ​ទាំងនេះ ជំរិត​យកលុយ​ពី​ឈ្មួញ អាជីវករ​ដឹកទំនិញ ក៏ដូចជា​ជំរិត​យកលុយ​ពី​អ្នករត់​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា លោកស្នងការ អាត់ ខែម ជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ ទើប​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បង្កើត​កុងត្រូលជជុះ​បំពាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

52454-63252លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
3345លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ